របាយការណ៍របស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បង្ហាញថា មនុស្សចំនួន៤៤នាក់ បានបាត់បង់ជីវិត និងរងរបួស ដោយសារគ្រាប់មីន គិតចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០១៩។
នាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា បានប្រាប់ វី.អូ.ឌី ឲ្យដឹងថា ចំនួនអ្នកស្លាប់ និងរបួសនៅត្រីមាសដំបូងនៃឆ្នាំ២០១៩នេះ កើនឡើងប្រមាណជា៨០ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានរកឃើញ និងកំទេចចោលគ្រាប់មីន គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទជាង៩៤០០គ្រាប់។
តាមលោក ហេង រតនា ក្នុងរយៈពេល៣ខែកន្លងមកនេះ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) រំដោះផ្ទៃដីតំបន់មីន បានចំនួនប្រមាណ២៥គីឡូម៉ែត្រក្រឡា និងកំទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ ជាង៩,៤០០គ្រាប់។
យោងតាមរបាយកាណ៍របស់អាជ្ញាធរមីនកាលពីឆ្នាំ២០១៨កន្លងទៅ ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះមានចំនួន៥៨នាក់ ជនរងគ្រោះដែលបាត់បង់ជីវិតមានចំនួន១០នាក់ ពិការ១២នាក់ និងរបួស៣៦នាក់៕