មន្រ្តីក្រសួងការពារជាតិអាមេរិក អះអាងថា នឹងបន្តជួយវៀតណាមក្នុងការពង្រឹងសមត្ថភាពយោធា ក៏ដូចជាបង្កើននូវកិច្ចសហប្រតិបត្តិការលើវិស័យនេះបន្ថែមទៀតរវាងប្រទេសទាំងពីរ។
ឧបការីរដ្ឋមន្ត្រីការពារជាតិអាមេរិក ទទួលបន្ទុកកិច្ចការសន្តិសុខតំបន់អាស៊ីប៉ាស៊ីហ្វិក លោក Randall G. Schriver បានថ្លែងបែបនេះក្នុងពេលដែលលោកធ្វើបឋកថានៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្រ្ត និងកិច្ចការអន្តរជាតិ នាទីក្រុងវ៉ាស៊ីនតោន កាលពីម្សិលមិញ។
តាមការចុះផ្សាយលើគេហទំព័រក្រសួងការពារជាតិអាមេរិក លោក Randall G. Schriver បានលើកឡើងថា ទំនាក់ទំនងផ្នែកការពារជាតិរវាងអាមេរិក និងវៀតណាម កាន់តែមានភាពរឹងមាំទៅរឹងមាំទៅ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។ លោកបន្តថា ប្រទេសទាំងពីរក៏មានគម្រោងបង្កើនទំនាក់ទំនងឲ្យលើសពីនេះថែមទៀត ដោយឈរលើមូលដ្ឋាននៃការផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។
ឧបការីរដ្ឋមន្ត្រីការពារជាតិអាមេរិក ទទួលបន្ទុកកិច្ចការសន្តិសុខតំបន់អាស៊ីប៉ាស៊ីហ្វិក រូបនេះ លើកឡើងបន្តថា អាមេរិកនឹងបន្តជួយពង្រឹងសមត្ថភាពយោធាវៀតណាម ដោយផ្តោតលើសន្តិសុខវៀតណាម និងស្ថិរភាពក្នុងតំបន់, សន្តិសុខ និងការយល់ដឹងពីការគ្រប់គ្រងដែនសមុទ្រ, ជំនួយមនុស្សធម៌ និងការជួយសម្រួលនៅពេលមានគ្រោះមហន្តរាយ, ឱសថសម្រាប់យោធា, យុទ្ធនាការស្វែងរក និងជួយសង្រ្គោះ, និងប្រតិបត្តិការផ្នែករក្សាសន្តិភាព ជាដើម។ ក្រៅពីនេះអាមេរិក ក៏នឹងជួយវៀតណាមផងដែរលើការអប់រំក្នុងវិស័យយោធា ដែលក្នុងនោះមានការបង្ហាត់បង្រៀនភាសាអង់គ្លេសជាដើម។
មន្រ្តីក្រសួងការពារជាតិប្រទេសមហាអំណាចមួយនេះ ក៏បានបញ្ជាក់ផងដែរថា អ្វីដែលអាមេរិកចង់បានគឺគ្មានអ្វីនោះទេ ក្រៅតែចង់ឲ្យវៀតណាមរឹងមាំ រីកចម្រើន និងឯករាជ្យ។
លោក Randall G. Schriver បានអះអាងទៀតថា ទាំងអាមេរិក និងវៀតណាម មានចិត្តដូចគ្នាក្នុងការលើកកម្ពស់សណ្តាប់ធ្នាប់ក្នុងតំបន់ដោយផ្អែកលើការអនុវត្តច្បាប់ ការពារអធិបតេយ្យភាព និងសិទ្ធិរបស់ប្រទេសនីមួយៗ។ លោក បន្តថា ប្រទេសទាំងពីរមានការចង់បានដូចគ្នា ពោលគឺចង់ឃើញតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមានការរីកចម្រើន មានសិទ្ធិសម្រេចជោគវាសនាដោយខ្លួនឯង ហើយនិងគេចផុតពីការយាយីពីប្រទេសខ្លាំងៗ ទោះបីប្រទេសនោះតូច ឬធំយ៉ាងណាក្តី។
លោក Randall G. Schriver បន្ថែមថា តំបន់នេះកំពុងប្រឈមកាន់តែខ្លាំងជាមួយនឹងប្រទេសចិន ដែលធ្វើសកម្មភាពនានាដើម្បីទទួលបានផលប្រយោជន៍សម្រាប់ខ្លួនឯង ដូចជា ការបោះមូលដ្ឋានយោធានៅសមុទ្រចិនខាងត្បូងជាឧទាហរណ៍ស្រាប់។
កាលពីចុងខែមីនា កន្លងទៅសហរដ្ឋអាមេរិក បានប្រគល់កាណូតល្បាតចំនួន៦គ្រឿងប្រភេទ Metal Shark ស៊េរីទំនើបចុងក្រោយតម្លៃប្រហែល១២លានដុល្លារ ដល់ឆ្មាំសមុទ្រវៀតណាមដែលកំពុងឈរជើងក្នុងដែនសមុទ្រចិនខាងត្បូង។ កាណូតល្បាតទាំងនោះ នឹងជួយឆ្មាំសមុទ្រវៀតណាម ក្នុងការល្បាត និងការពង្រឹងច្បាប់នៅតាមដែនសមុទ្រ ដើម្បីប្រឆាំងនឹងការរត់ពន្ធ ការជួញដូរខុសច្បាប់ និងការប្លន់ប្រដាប់អាវុធទៅលើនាវា និងការនេសាទខុសច្បាប់ ជាដើម៕