អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យរបស់ចិន និងអង់គ្លេស បង្ហាញការសិក្សារួមគ្នាថ្មីមួយ ដោយបញ្ជាក់ថា អ្នកពិសាស្រាជាប្រចាំ ឬច្រើនហួស មានហានិភ័យខ្ពស់បណ្តាលឲ្យកើតជំងឺដាច់សរសៃឈាមខួរក្បាល និងមានជំងឺជាង២០០ប្រភេទផ្សេងទៀត។
របាយការណ៍ចេញផ្សាយកាលពីថ្ងៃទី៥ ខែមេសា សិក្សាពីអ្នកជំនាញនៅសាកលវិទ្យាល័យ Oxford របស់អង់គ្លេស និងសាកលវិទ្យាល័យ Peking របស់ចិន។ ការសិក្សានេះបញ្ជាក់ថា អ្នកពិសាស្រាក្នុង១ថ្ងៃ ១ ឬ២កែវ (កែវតូច សំដៅលើស្រាក្រហម) ប្រឈមកើតជំងឺដាច់សរសៃឈាមខួរក្បាល១០ ទៅ១៥ភាគរយ ហើយបើពិសា៤កែវ អាចប្រឈមដាច់សរសៃឈាមខួរក្បាលដល់ទៅ៣៥ភាគរយ។
ការសិក្សានេះបញ្ជាក់ថា ស្រាគ្មានប្រយោជន៍ចំពោះសុខភាពទេ ទោះក្នុងកម្រិតណាក៏ដោយ។ ការសិក្សានេះច្រានចោលការសិក្សាមុនៗដែលធ្លាប់បញ្ជាក់ថា ការពិសាស្រាក្នុងកម្រិតមធ្យមមួយអាចជួយកាត់បន្ថយជំងឺដាច់សរសៃឈាម។
ក្នុងចំណោមជំងឺជាង២០០ប្រភេទដែលបណ្តាលពីស្រានេះ មានជំងឺមហារីក៧ប្រភេទ រួមទាំង មហារីកមាត់ មហារីកដោះ និងមហារីកក្រពះពោះវៀន ជាដើម។
របាយការណ៍នេះ បញ្ជាក់ថា នៅប្រទេសចិនរយៈពេល១០ឆ្នាំនេះ អ្នកស្លាប់ដោយសារដាច់សរសៃឈាមដែលបណ្តាលមកពីស្រា មានរហូតដល់៥០០ ០០០នាក់។ ចំណែកនៅលើពិភពលោក អ្នកស្លាប់ដោយសារតែការពិសាស្រាមានដល់៣លាននាក់ក្នុង១ឆ្នាំ ក្នុងនោះ២៥ភាគរយ ជាក្រុមមនុស្សអាយុពី២០ ទៅ៣៩ឆ្នាំ។