រដ្ឋាភិបាលជប៉ុន បានចេញបញ្ជាដោយតម្រូវឲ្យបុគ្គលិកដែលធ្វើការលើយន្តហោះទាំងអស់ត្រូវតែពិនិត្យជាតិអាល់កុល មុនពេលដែលពួកគេធ្វើការហោះហើរ។
តាមការចុះផ្សាយរបស់សារព័ត៌មាន Japan Today ក្រសួងដឹកជញ្ជូនជប៉ុន បានបញ្ជាក់ថា ការរឹតបន្តឹងនេះធ្វើឡើង ដោយសារតែពេលកន្លងមកមានការរិះគន់ពីមហាជនពីភាពធូររលុងនៃការអនុវត្តច្បាប់នៃការទទួលទានគ្រឿងស្រវឹងនៅតាមជើងហោះហើរក្នុងស្រុកមួយចំនួន។ ប្រភពដដែលឲ្យដឹងថា ក្រុមបុគ្គលិកបម្រើការលើយន្តហោះទាំងនោះត្រូវហាមឃាត់មិនឲ្យទទួលទានគ្រឿងស្រវឹងជាដាច់ខាតក្នុងរយៈពេលតិចជាង៨ម៉ោងមុនពេលហោះហើរ។
តាមក្រសួងដឹកជញ្ជូនជប៉ុន វិស្វករដែលធ្វើការត្រួតពិនិត្យយន្តហោះ ក៏ត្រូវតែធ្វើតេស្តពិនិត្យកម្រិតជាតិអាល់កុលនេះដូចគ្នា៕