មន្ត្រីជាន់ខ្ពស់របស់ប្រទេសសី្រលង្កាដែលមានតួនាទីទទួលខុសត្រូវលើសន្តិសុខ ករណីបំផ្ទុះគ្រាប់បែកភេរវកម្មសម្លាប់មនុស្សជិត៣០០នាក់ កំពុងប្រឈមមុខការដកតំណែង និងដាក់ឱ្យស្ថិតនៅក្រោមការស៊ើបអង្កេតរបស់តុលាការ។
កាលពីថ្ងៃអាទិត្យ មានករណីបំផ្ទុះគ្រាប់បែកចំនួន៨កន្លែង ក្នុងនោះនៅព្រះវិហារគ្រឹះសាសនា៣កន្លែង នៅតាមសណ្ឋាគារទំនើបៗ នៅតាមផ្ទះ តាមទីសាធារណៈជាដើម ដែលបណ្តាលឲ្យមនុស្ស២៩០នាក់ស្លាប់ និង៥០០នាក់រងរបួស។ ក្រៅពីកន្លែងផ្ទុះទាំង៨ សមត្ថកិច្ចរកឃើញគ្រាប់បែកជាច្រើនកន្លែងទៀតដែលត្រៀមបំផ្ទុះ ហើយទប់ស្កាត់បានវិញ។
ក្រោយកើតហេតុនេះ មានការចោទសួរជាច្រើនថា ហេតុអ្វីបានជារដ្ឋាភិបាលមិនបានប្រកាសដំណឹងនេះ បើទោះជាមានព័ត៌មានពីការវាយប្រហារនេះក៏ដោយ។
ការិយាល័យមន្ត្រីនគរបាលស្រាវជ្រាវបានធ្វើរបាយការណ៍មួយផ្ញើទៅរដ្ឋាភិបាលកាលពីថ្ងៃទី១១ ខែមេសា អំពីសកម្មភាពក្រុមអង្គការអ៊ីស្លាម Thowheeth Jama’ath រៀបចំកម្លាំងវាយប្រហារ។ របាយការណ៍បញ្ជាក់ទាំងពេលវេលា និងទីតាំង។
អង្គការឥស្លាម Thowheeth Jama’ath បង្កើតឡើងដោយក្រុមឥស្លាមជ្រុលនិយមកាលពីឆ្នាំ២០០៤ ហើយកំពុងតែធ្វើសកម្មភាពនៅក្នុងប្រទេសឥណ្ឌា និងស្រីលង្កា។
កាលពីថ្ងៃទី៤ ខែមេសា ឥណ្ឌាក៏បានផ្តល់ដំណឹងទៅរដ្ឋាភិបាលស្រីលង្កា ដោយភ្ជាប់សំឡេងនិយាយគ្នាតាមទូរសព្ទរបស់លោក Mohammed Zaharan ជាមេដឹកនាំអង្គការ Thowheeth Jama’ath ពីការរៀបចំក្រុម និងត្រៀមវាយប្រហារនៅស្រីលង្កា។
ទោះយ៉ាងណា រដ្ឋាភិបាលស្រីលង្កា មិនបានចាត់វិធានការតឹងរ៉ឹងដោយការដាក់កម្លាំងត្រៀមទប់ស្កាត់ និងមិនបានប្រកាសជូនដំណឹងនេះដល់សាធារណជនឱ្យប្រុងប្រយ័ត្ននោះទេ។
មានការចោទប្រកាន់ខ្លះលើកឡើងថា ថ្នាក់ដឹកនាំរដ្ឋាភិបាលស្រីលង្កាដែលកាន់ព្រះពុទ្ធសាសនាតឹងរ៉ឹងហាក់ដូចជា មានការរើសអើង និងបង្កបរិយាកាសទុកឲ្យមានការវាយប្រហារលើព្រះវិហារគ្រឹស្តសាសនា។
ក្រោយកើតហេតុនេះ មន្ត្រីជាន់ខ្ពស់មួយចំនួនកំពុងតែខ្វែងគំនិតគ្នា។ រដ្ឋមន្ត្រីជាច្រើនក្រសួងបានជំរុញឱ្យអគ្គស្នងការនគរបាលជាតិចុះចេញពីតំណែង។
តាមការចុះផ្សាយរបស់ BBC លោកប្រធានាធិបតី Maithripala Sirisena និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត កំពុងប្រឈមការស៊ើបអង្កេតពីតុលាការ។ ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី Ranil Wickremesinghe មិនទាន់មានសម្ពាធណាមួយជំរុញឲ្យមានការស៊ើបអង្កេត។
រហូតដល់ថ្ងៃអង្គារនេះ មិនទាន់មានការស៊ើបអង្កេត ឬដោះដូរមន្ត្រីណាជាផ្លូវការនៅឡើយ ចំណែកប្រទេសស្រីលង្កា ដាក់ឱ្យស្ថិតនៅក្រោមស្ថានភាពអាសន្ន ហើយបណ្តាញទំនាក់ទំនងសង្គមនានាត្រូវបានបិទមិនឱ្យប្រើប្រាស់ទេ។