ប្រធានាធិបតីវៀតណាមលោក ង្វ្រៀន ភូត្រុង (Nguyen Phu Trong) វ័យ៧៥ឆ្នាំ ធ្លាក់ខ្លួនឈឺជាង១០ថ្ងៃមកនេះ ដោយសារតែបញ្ហាការងារច្រើនពេក បូករួមទាំងបញ្ហាអាកាសធាតុ។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ កាលពីម្សិលមិញ ថាលោក ង្វ្រៀន ភូត្រុង ធ្លាក់ខ្លួនឈឺ១១ថ្ងៃមកហើយដោយសារតែមានការងារច្រើនត្រូវធ្វើឱ្យហើយ និងបញ្ហាអាកាសធាតុប្រែប្រួល។ លោកស្រី មិនបញ្ជាក់លម្អិតពីស្ថានភាពឈឺធ្ងន់ធ្ងរ ឬយ៉ាងណាទេ គ្រាន់តែថា លោកប្រធានាធិបតីនឹងបំពេញការងារដូចធម្មតានៅពេលឆាប់ៗនេះ។
ទោះយ៉ាងណា រ៉យទ័រ បញ្ជាក់ថា អ្នកការទូត៤រូបនិយាយថា ស្ថានភាពលោក ភូត្រុង ធ្ងន់ធ្ងរ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរយោធាមជ្ឈឹម១០៨ ក្នុងទីក្រុងហាណូយ។
ប្រភពបញ្ជាក់ថា លោក ភូត្រុង ធ្លាក់ខ្លួនឈឺនៅក្នុងថ្ងៃខួបកំណើតរបស់លោក គឺថ្ងៃទី១៤ ខែមេសា នៅក្នុងខេត្ត Kien Giang ភាគខាងត្បូងប្រទេស នៅពេលដែលលោកទៅពិនិត្យគម្រោងកសិ-ឧស្សាហកម្ម។
លោក ភូត្រុង ជាអ្នកដឹកនាំដែលក្តោបអំណាចខ្លាំងនៅវៀតណាម ដោយសារលោកកាន់តំណែងជាប្រធានាធិបតីផង និងជាអគ្គលេខាធិការបក្សកុម្មុយនីស្តផង។ លោកជាមេដឹកនាំលេចធ្លោក្នុងការបង្ក្រាបអំពើពុករលួយ ដោយមានការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ជាច្រើនរូប ក្នុងនោះរួមមានទាំងសមាជិកការិយាល័យនយោបាយផងដែរ។