សមត្ថកិច្ចថៃ កាលពីម្សិលមិញ បានឃាត់ខ្លួនជនជាតិភូមាចំនួន៣២នាក់ ខណៈពួកគេលាក់ខ្លួនក្នុងរថយន្តដឹកទំនិញដែលបើកបរលើផ្លូវមួយក្នុងខេត្ត Kanchanaburi ។
តាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ រថយន្តនោះត្រូវបានបិទជិតដោយតង់កៅស៊ូ។ ប្រភពដដែលឲ្យដឹងថា នៅពេលដែលដល់ជិតប៉ុស្តិ៍ត្រួតពិនិត្យ អ្នកបើករថយន្តបានបន្ថែមល្បឿន ដែលធ្វើឲ្យនគរបាលមានការសង្ស័យ ហើយដេញតាមចាប់។ រថយន្តនេះ បានបើកបរហួសល្បឿនកំណត់ ពោលគឺក្នុងល្បឿនរហូតដល់១៣០ ទៅ១៤០គីឡូម៉ែត្រក្នុងមួយម៉ោង។
នគរបាលខេត្ត Kanchanaburi បានប្រាប់សារព័ត៌មានបាងកកប៉ុស្តិ៍ដដែលថា ក្រោយពីយកតង់ចេញ ពួកគេបានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះបានឃើញមនុស្សជាច្រើនអង្គុយញាត់គ្នាយ៉ាងណែននៅគ្រែមួយក្នុងរថយន្តនោះ។ តាមនគរបាល ក្រុមជនជាតិភូមាទាំង៣២នាក់នោះ មើលទៅអស់កម្លាំង ហេវហត់ និងបែកញើសជាខ្លាំង។ ប្រភពដដែលឲ្យដឹងថា ក្នុងចំណោមជនជាតិភូមាទាំង៣២នាក់នោះ មានស្រី១២នាក់ ដែលមានអាយុចន្លោះពី២០ ទៅ៣២ឆ្នាំ។
ក្រុមជនជាតិភូមាទាំង៣២នាក់នោះ មកពីក្រុង Mawlamyine របស់ភូមា ដែលមានព្រំប្រទល់ជាប់នឹងខេត្ត Kanchanaburi របស់ថៃ។ ពួកគេ បានប្រាប់សមត្ថកិច្ចថៃ ពួកគេបានធ្វើដំណើរដោយថ្មើរជើងឆ្លងកាត់ព្រំដែនធម្មជាតិរវាងប្រទេសទាំងពីរអស់ពេល២ថ្ងៃ ទើបចូលដល់ទឹកដីថៃ។
សមត្ថកិច្ចថៃ បានលើកឡើងថា ជនជាតិភូមាទាំងនោះត្រូវចំណាយប្រាក់ក្នុងម្នាក់ចំនួនជាង៥០០ដុល្លារ ដើម្បីជាថ្នូរនឹងការនាំពួកគេចេញទៅធ្វើការនៅម៉ាឡេស៊ី ដោយធ្វើដំណើរឆ្លងកាត់ទឹកដីថៃ៕