មហាសេដ្ឋី និងជាមេដឹកនាំនយោបាយជំនាន់ក្រោយរបស់ថៃ ដែលទើបចូលរួមប្រកួតប្រជែងបានមួយលើក ហើយមានប្រជាប្រិយភាពខ្លាំងអះអាងថា លោកបានរៀបចំផ្លូវចិត្ត និងផ្លូវកាយសម្រាប់ចូលពន្ធនាគារតាមបណ្តឹងរបស់ពួកមេដឹកនាំយោធា។
លោក ថាណាថន ជូងហ្គ្រោនហ្គ្រាងឃីត (Thanathorn Juangroongruangkit) មេដឹកនាំគណបក្សអនាគតថ្មី ដែលទើបបង្កើតឡើងកាលពីឆ្នាំ២០១៨ ហើយបានចូលរួមប្រកួតប្រជែងការបោះឆ្នោតកាលពីថ្ងៃទី២៤ ខែមីនា ទទួលបានសំឡេងគាំទ្រជាង៦លានសំឡេង។ គណបក្សរបស់លោកជាប់លេខ៣ ក្នុងចំណោមគណបក្សជាង៨០ ដែលចូលរួមប្រកួតប្រជែង។
ចំណុចដែលធ្វើឱ្យមានការគាំទ្រលេចធ្លោនេះ ដោយសារលោកបានដាក់ចេញគោលនយោបាយធ្វើកំណែទម្រង់សេដ្ឋកិច្ចច្បាស់លាស់ និងការធ្វើកំណែទម្រង់នយោបាយឱ្យដើរតាមគន្លងប្រជាធិបតេយ្យពិតប្រាកដមួយ។
ប៉ុន្តែ ក្រោយការបោះឆ្នោតមក រដ្ឋាភិបាលយោធាបានដាក់ពាក្យប្តឹងជាបន្តបន្ទាប់លើមេបក្សវ័យ៤០ឆ្នាំរូបនេះ ពាក់ព័ន្ធទាំងករណីតវ៉ាដែលកើតឡើងតាំងពីឆ្នាំ២០១៥មក។ គិតរហូតដល់ពេលនេះ លោក ថាណាថន កំពុងជាប់បណ្តឹងចំនួន១៦។
នៅក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារព័ត៌មាន AFP លោក ថាណាថន ថ្លែងថា លោកបានរៀបចំផ្លូវចិត្ត និងផ្លូវកាយរួចហើយក្នុងការចូលពន្ធនាគារ។
មេដឹកនាំបក្សនយោបាយវ័យ៤០ឆ្នាំរូបនេះ លើកឡើងថា បណ្តឹងនានាដែលរដ្ឋាភិបាល និងតុលាការកំពុងតែចាត់វិធានការនេះ គឺជារឿងពាក់ព័ន្ធរឿងនយោបាយ។
វិធានការរបស់តុលាការ និងរដ្ឋាភិបាលយោធាកាន់តែតឹងឡើង ក្រោយពេលដែល លោក ថាណាថន ជួបជុំជាមួយគណបក្សចំនួន៦ផ្សេងទៀត ដើម្បីចងជាសម្ព័ន្ធគ្នាទប់ទល់ជាមួយគណបក្សដឹកនាំដោយពួកយោធា។
សាធារណជន ពិសេសយុវជនថៃកំពុងតែធ្វើយុទ្ធនាការតាមបណ្តាញទំនាក់ទំនងសង្គមទាមទារយុត្តិធម៌សម្រាប់លោក ថាណាថន។ ករណីនេះ បើសិនជាមានការចាប់ខ្លួនលោក ថាណាថនពិតមែន អាចនឹងមានបាតុកម្មកើតឡើងនៅក្នុងប្រទេសថៃជាថ្មីម្តងទៀត។