មេដឹកនាំគណបក្សប្រឆាំងនៅវេណេហ្សូអេឡា លោក ជួន ហ្គៃដូ (Juan Guaido) បានដឹកនាំដោយផ្ទាល់បាតុកម្មផ្តួលរំលំរដ្ឋាភិបាលដឹកនាំដោយ លោក ម៉ាឌូរ៉ូ ហើយលោកអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមបន្ថែមទៀត តវ៉ានៅលើដងផ្លូវ។
មេបក្សប្រឆាំងរូបនេះក៏បានអំពាវនាវឱ្យកងទ័ពទាំងអស់ចេញមុខគាំទ្រលោកដោយបើកចំហ ដើម្បីបញ្ចប់ការដឹកនាំដោយលោក ម៉ាឌូរ៉ូ។
ទិដ្ឋភាពនៃការប៉ះទង្គិចគ្នាកាន់តែខ្លាំង មានករណីសមត្ថកិច្ចបើករថយន្តចូលក្នុងក្រុមបាតុករ បោកគ្រាប់បែកផ្សែង បាញ់គ្រាប់ពិត ចំណែកបាតុករមានចោលដំថ្ម និងដបសាំងលើសមត្ថកិច្ចវិញ។ របាយការណ៍បឋមនានាបង្ហាញថា មានអ្នករងរបួសប្រមាណ២០នាក់ មិនមានប៉ះពាល់ដល់អាយុជីវិតទេ។
វី.ឌី.អូ ដែលគេចែករំលែកតគ្នា និងផ្សព្វផ្សាយលើសារព័ត៌មានល្បីៗលើពិភពលោក បង្ហាញរូបលោក ហ្គៃដូ ដើរក្នុងក្រុមបាតុករ ដែលអ្នកខ្លះរត់គេចចេញពីកន្លែងហិង្សា អ្នកខ្លះរងរបួស និងមានផ្សែងអាប់អួរ និងមានភាពរញេរញៃ។ ប៉ុន្តែ នៅក្បែរមេបក្សប្រឆាំងរូបនេះ មានកម្លាំងប្រដាប់អាវុធមួយចំនួននៅការពារផងដែរ។
សំឡេងគ្រាប់កាំភ្លើងឮឡើងបន្តបន្ទាប់ សមត្ថកិច្ចខ្លះឱនក្រាបក្បែររបាំងថ្ម ហើយបាញ់សំដៅទៅក្រុមបាតុករ។
ព្រឹត្តិការណ៍នៅក្នុងប្រទេសវេណេហ្សូអេឡានេះ សហគមន៍អន្តរជាតិកំពុងតែចាប់អារម្មណ៍ និងតាមដាន។
មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ សរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា លោកតាមដានករណីតវ៉ានៅប្រទេសវេណេហ្សូអេឡាយ៉ាងយកចិត្តទុកដាក់។ លោកបញ្ជាក់ជំហរថា លោកឈរនៅខាងប្រជាពលរដ្ឋ និងសិទ្ធិសេរីភាព។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក មីក ផំភីអូ ថ្លែងប្រាប់សារព័ត៌មាន CNN ថា ប្រធានាធិបតី ម៉ាឌូរ៉ូ និងមន្ត្រីជាន់ខ្ពស់ ៣រូបទៀត បានត្រៀមយន្តហោះសម្រាប់ចាកចេញពីប្រទេសទៅប្រទេសគុយបា គេចចេញពីភាពចលាចល។
រដ្ឋមន្ត្រីការពារជាតិវេណេហ្សូអេឡា លោក វ្លាឌីមៀ ប៉ាដ្រីដូ (Vladimir Padrino) អំពាវនាវឱ្យប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ ហើយថាស្ថានភាពបច្ចុប្បន្នមិនមានអ្វីគ្រោះថ្នាក់នោះទេ។