ប្រជាពលរដ្ឋ ដែលរស់នៅជាយរាជធានីភ្នំពេញ អំពាវនាវទៅរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធជួយផ្គត់ផ្គង់ទឹកស្អាត និងថ្នាំសង្កូវដល់ពួកគេ ដោយថា បច្ចុប្បន្ននេះ ពួកគេគ្មានទឹកស្អាតប្រើហើយក្មេងៗមួយចំនួនកំពុងឈឺ បន្ទាប់ពីទឹកជំនន់ជន់លិចចូលក្នុងភូមិ។
ពលរដ្ឋម្នាក់រស់នៅភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញលោក គិត លី ប្រាប់វីអូឌីថា ពួកគាត់មានការបារម្ភខ្លាំង ជាពិសេសក្មេងៗ ដោយខ្លាចលង់ទឹក ខណៈដែលទឹកចេះតែបន្តកើនឡើង។ លោកបន្តថា ចាប់តាំងពីទឹកជន់លិចចូលក្នុងភូមិ ពួកគាត់ខ្វះខាត ស្បៀងអាហារ ដោយសារ ដំណាំស្រូវ និងដំណាំផ្សេងៗត្រូវខូចខាតទាំងអស់ ហើយរហូតមកដល់ពេលនេះ មិនទាន់មានអាជ្ញាធរចុះទៅជួយពួកគាត់នោះទេ។
ពលរដ្ឋម្នាក់រស់នៅភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញលោក គិត លី
ប្រជាពលរដ្ឋម្នាក់ទៀត អ្នកស្រីនៅ កូយ លើកឡើងប្រហាក់ប្រហែលគ្នាថា កាលពីមុនពេលបោះឆ្នោតភូមិរបស់ពួកគាត់ត្រូវបានទឹកជំនន់ជន់លិចម្ដងរួចមកហើយ ប៉ុន្តែកាលនោះ មានអាជ្ញាធរ និងគណបក្សនយោបាយមួយចំនួនទៅផ្ដល់ថ្នាំពេទ្យ និងបានផ្ដល់ស្បៀង រួមទាំងទឹកដល់ពួកគាត់សម្រាប់ប្រើប្រាស់ទាំងយប់ផងដែរ។ អ្នកស្រីបន្តថា ទឹកជំនន់លិចរយៈពេលប៉ុន្មានថ្ងៃនេះ មិនទាន់មានអាជ្ញាធរឬស្ថាប័នណាចុះទៅជួយពួកគាត់នោះទេ ខណៈបច្ចុប្បន្ននេះ ពួកគាត់កំពុងខ្វះខាតទឹកស្អាតប្រើប្រាស់ ហើយក្មេងៗមួយចំនួនទៀតកំពុងឈឺ បន្ទាប់ពីទឹកជំនន់ជនលិចចូលនៅក្នុងភូមិរបស់ពួកគាត់។
ប្រជាពលម្នាក់អ្នកស្រី គឹម សុគន្ធ មើលឃើញថា អាជ្ញាធរហាក់ដូចជាមិនរវល់ចំពោះ បញ្ហានិងការស្នើសុំរបស់ប្រជាពលរដ្ឋនោះឡើយ ទោះបីជាមានទឹកជំនន់ជន់លិចចូលភូមិដោយប្រជាពលរដ្ឋមួយចំនួនព្រួយបារម្ភ និងបានរាយការណ៍ទៅអាជ្ញាធរឲ្យជួយអន្តរាគមដោយផ្ដល់ថ្នាំសង្កូវខ្លះៗ ។
ប្រជាពលម្នាក់អ្នកស្រី គឹម សុគន្ធ
ឆ្លើយតបនឹងរឿងនេះ ចៅសង្កាត់គងនយ លោក អ៊ុន សុរុំ មានប្រសាសន៍ថា លោកបានធ្វើសំណើទៅថ្នាក់លើរួចហើយ ពាក់ព័ន្ធនឹងការស្នើសុំរបស់ប្រជាពលរដ្ឋនោះ។
ចៅសង្កាត់គងនយ លោក អ៊ុន សុរុំ
សង្កាត់គងនយមាន ៤ ភូមិមានប្រជាពលរដ្ឋចំនួនជាង ៤០០ គ្រួសារក្នុងនោះ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារ ទឹកជំនន់ជន់លិចផ្ទះមានចំនួន ៩៥ គ្រួសារ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹកនិងឧតុនិយមចេញផ្សាយកាលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ឲ្យដឹងថា កម្ពុជាអាចប្រឈមនឹងជំនន់ទឹកភ្លៀងខ្ពស់ជាង២០១៧ ជាពិសេស នៅខែសីហានិងខែកញ្ញា ដោយសារ នៅក្នុងខែទាំងពីរនេះ អាចមានបាតុភូតធម្មជាតិកើតឡើងបណ្ដាលឲ្យមានភ្លៀងធ្លាក់ច្រើន។