ប្រធានគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យនៃប្រទេសភូមាលោកស្រី អ៊ុង សានស៊ូជី នឹងមិនអាចក្លាយជាប្រធានាធិបតីបានទេនៅពេលនេះដោយសារតែរដ្ឋធម្មនុញ្ញបានឃាឃាំងលោកស្រីករណីដែលដែលលោកស្រីមានកូនជាមួយបុរសជាជនជាតិបរទេស។
តាមបណ្ដាញផ្សាយព័ត៌មាន Channel News Asian ខណៈនេះអ្នកច្បាប់ប្រទេសភូមាក៏ដូចជាអ្នកនយោបាយកំ ពុងតែសិក្សារួមគ្នាថាតើត្រូវព្យួរមាត្រា៥៩ដែលហាមលោកស្រី អ៊ុង សានស៊ូជី ធ្វើជាប្រធានាធិបតីឬក៏ត្រូវធ្វើដូចម្ដេចទៀត។
អ្នកវិភាគនយោបាយ Khun Maung Zaw ពិនិត្យឃើញថាបើយោងតាមរដ្ឋធម្មនុញ្ញគឺគណបក្សរបស់លោកស្រី អ៊ុង សានស៊ូជី ត្រូវការអ្នកគាំទ្រសំណើសុំព្យួរមាត្រា៥៩គឺជាង៧៥ភាគរយដែលបច្ចុប្បន្នគណបក្សរបស់លោកស្រីមានសំលេងជិត៧០ភាគរយ។
អ្នកវិភាគរូបនេះនិយាយថាពួកយោធាអាចនឹងទទួលយកសំណើរនេះបានលុះត្រាតែលោកស្រី អ៊ុង សានស៊ូជីទទួលយកលក្ខខណ្ឌមួយចំនួនពីពួកយោធាផងដែរ។ ពួកយោធានៅបន្តមានឥទ្ធិពលលើសភាដោយពួកគេមានតំណាង២៥ភាគរយនៃអាសនៈសភាទាំងមូល។
អ្នកវិភាគម្នាក់ទៀតគឺ Kyaw Lin Oo និយាយថាទាំងសហគមន៍អន្តរជាតិនិងពលរដ្ឋភូមាមានការរំពឹងទុកខ្លាំងណាស់ថាលោកស្រី អ៊ុង សានស៊ូជី នឹងក្លាយជាប្រធានាធិបតី។
តាមអ្នកវិភាគរូបនេះអន្តរជាតិនឹងមិនចាំបាច់បារម្មណ៍ខ្លាំងពេកទេព្រោះដំណើរការផ្ទេរអំណាចកំពុងតែដើរទៅមុខហើយទោះបីដើរមួយជំហានគិតមួយជំហានក៏ដោយ។
តាមគម្រោងគណបក្សចាញ់ឆ្នោតរបស់ប្រធានាធិបតី ថេន សេន នឹងត្រូវផ្ទេរអំណាចទៅឲ្យគណបក្សរបស់លោកស្រី អ៊ុង សានស៊ូជី នៅចុងខែមីនាខាងមុខនេះ។
កាលពីសប្ដាហ៍មុនសភាចាស់របស់ប្រទេសអតីតរបបយោធានិយមមួយនេះបានផ្ទេរអំណាចទៅឲ្យសភាថ្មីរួចរាល់ហើយ។ បច្ចុប្បន្នប្រធាននិងអនុប្រធានសភាដឹកនាំដោយគណបក្សរបស់លោកស្រី អ៊ុង សានស៊ូជី៕
ប្រភពៈ CNA