សាក្សីជំនាញនិងជាអ្នកវិភាគទិន្នន័យរបស់សហចៅក្រមស៊ើបអង្កេតរបស់សាលាក្តីខ្មែរក្រហម លោក អ៊ីសា អូស្មាន បានអះអាងថាខ្មែរឥស្លាមបានព្យាយាមបះបោរធំៗចំនួនពីរដងប្រឆាំងនឹងខ្មែរក្រហម ករណីទាមទារឲ្យខ្មែរឥស្លាមលុបបំបាត់ការប្រតិបត្តិសាសនារបស់ពួកគេ។
អ្នកជំនាញថាការបះបោរនោះមិនបានសម្រេចហើយត្រូវបានខ្មែរក្រហមសម្លាប់ដោយការបាញ់នឹងកាំភ្លើងធំ។ លោកអ៊ីសា អូស្មាន ជាអ្នកនិពន្ធសៀវភៅអូកូពះឬយុត្ដិធម៌ដែលបោះពុម្ពនៅឆ្នាំ២០០២និងសៀវភៅមួយក្បាលយទៀតឈ្មោះការបះបោររបស់ជនជាតិចាម បោះពុម្ពនៅឆ្នាំ២០០៦ ដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។
ប្រធានអង្គជំនុំជម្រះនៃសាលាក្តីខ្មែរក្រហម នៅព្រឹកថ្ងៃអង្គារនេះបានសាកសួររូបលោកពីការសិក្សាស្រាវជ្រាវកន្លងមក។ លោកបានលើកឡើងថានៅឆ្នាំ១៩៧៣ មានការបះបោរតូចមួយនៅភូមិទ្រា ក្នុងខេត្តកំពង់ចាម ហើយក្នុងឆ្នាំ១៩៧៥ មានការបះបោរធំៗពីរនៅក្នុងស្រុកក្រូចឆ្មារគឺក្នុងភូមិកោះផលនិងភូមិស្វាយឃ្លាំង។ លោកមិនអាចចាំកាលបរិច្ឆេតច្បាស់នោះទេ។ លោកបញ្ជាក់ថាខ្មែរឥស្លាមនៅភូមិស្វាយឃ្លាំងមិនសូវចេញមុខប្រឆាំងនឹងខ្មែរក្រហមនោះទេ។
លោកបានថ្លែងថា៖ “គេឲ្យបិទវិហារ ក៏នាំគ្នាបិទទៅ។ គេឲ្យកាត់សក់ខ្លី តាមសាសនាឥស្លាម នារីគេអត់ឲ្យកាត់សក់ខ្លី ក៏នាំគ្នាកាត់សក់ទៅ គេឲ្យបើកកុំឲ្យនារីគ្របក្បាល ក៏នាំគ្នាធ្វើតាមទៅ។ នៅតែមានការចាប់យកទៅសម្លាប់នៅមន្ទីរសន្តិសុខ ស្រុកក្រូចឆ្មារ”។
លោកបានឲ្យដឹងទៀតថាខ្មែរឥស្លាមនៅកោះផលមិនអាចទទួលយកបានទេចំពោះការទាមទារឲ្យលុបការប្រតិបត្តិសាសនា។ លោកបន្តថាខ្មែរក្រហមបានដាក់ផែនការ៥ខសម្រាប់ការអនុវត្ត ដូចជាឲ្យកាត់សក់ខ្លី ឈប់ទទូលក្បាល ប្រមូលគម្ពីរដុតចោល ឲ្យប្រជាជនខ្មែរឥស្លាមទាំងអស់នៅកោះផលត្រូវចិញ្ចឹមជ្រូក ហើយត្រូវតែហូបសាច់ជ្រូកនិង ឲ្យឈប់ថ្វាយបង្គុំព្រះ វិហារត្រូវតែបិទទ្វារ ហើយបុរសនិងស្រ្តីជនជាតិចាម ត្រូវតែរៀបការជាមួយជនជាតិដទៃទៀត កុំឲ្យរៀបការជាមួយគ្នា។ លោកបញ្ជាក់ថា៖ “ទាំង៥ខហ្នឹង អ្នកភូមិកោះផលមិនអាចទទួលយកខណាមួយបានទេ”។
លោកបន្តថាដោយសារខ្មែរឥស្លាមមិនព្រមអនុវត្តតាម ខ្មែរក្រហមសម្រេចប្រតិបត្តិការវាយកម្ទេចអ្នកនៅកោះផល។ លោកបញ្ជាក់ថា៖ “ហើយចុងក្រោយគេបញ្ជូនទាហាន ទាហាននេះមិនធម្មតាទេ គឺមានកាំភ្លើងយន្ត កាំភ្លើងធំគ្រប់ប្រភេទ ពីព្រោះកាំភ្លើងតូចមិនអាចបាញ់ទៅដល់កោះផលបានទេ ព្រោះត្រូវឆ្លងទន្លេ អញ្ចឹងគេដាក់នៅត្រើយម្ខាងទន្លេ ដើម្បីបាញ់សម្រុកទៅកោះផល។ សម្រុកហើយគេបញ្ជូនកងទ័ពរបស់គេតាមទូក តាមកាណូត ឆ្លងទៅដល់ទឹកដីកោះផល ប្រយុទ្ធទៅតាមថ្មើរជើង។ ហើយអ្នកភូមិគាត់អត់មានអីទេដូចនៅស្វាយឃ្លាំងដែរ គឺការពារខ្លួនគាត់ គាត់មានតែកាំបិត មានតែដាវ ដុំថ្ម។ ហើយការតតាំងប្រយុទ្ធគ្នាគឺនៅកោះផលនេះរងគ្រោះធ្ងន់ធ្ងរណាស់ ព្រោះគេបាញ់កាំភ្លើងធំ កាំភ្លើងតូចផង ធ្វើឲ្យអ្នកភូមិស្លាប់ៗ លែងរាប់ដឹងចំនួនពិតប្រាកដថាប៉ុន្មានហើយ”។ លោកបញ្ជាក់ថាមិនមានអ្នកភូមិណាប្រាប់ថាខ្មែរឥស្លាមបានសម្លាប់កងទ័ពរបស់ខ្មែរក្រហម ពេលតតាំងនឹងការបាញ់ផ្លោងរបស់ខ្មែរក្រហម។
លោកបញ្ជាក់ថាបើតាមសិក្សារបស់លោក ការបះបោររបស់ខ្មែរសឥស្លាមគឺដើម្បីទាមទារសិទ្ធិសេរីភាពក្នុងការប្រតិបត្តិសាសនា មិនមែនផ្តួលរំលំរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យនោះទេ។ បើតាមការសិក្សារបស់លោក ក្រោយពីបញ្ចប់របបខ្មែរក្រហមនៅខែមករា ឆ្នាំ១៩៧៩ ខ្មែរឥស្លាមនៅសល់មានប្រមាណ២០ម៉ឺននាក់។
គួរបញ្ជាក់ថាការសាកសួរពីជនជាតិខ្មែរឥស្លាមស្ថិតនៅក្នុងសំណុំរឿង០០២/០២ សំដៅលើការជំនុំជម្រះដំណាក់កាលទីពីរប្រឆាំងនឹង ខៀវ សំផន នឹង នួន ជា។ សំណុំរឿង០០២/០២ពាក់ព័ន្ធនឹងការប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិចាមនិងជនជាតិវៀតណាម ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ និងការរំលោភសេពសន្ថវៈ ការបោសសម្អាតផ្ទៃក្នុងនិងករណីមួយចំនួនទៀត៕