តុលាការខេត្តកណ្ដាលផ្ដន្ទាទោសអតីតប្រធានសាលាដំបូងរាជធានីភ្នំពេញឲ្យជាប់ពន្ធនាគារ៣ឆ្នាំ​

លោក អាំង មាលតី

សាលាដំបូងខេត្តកណ្ដាលកាត់ទោសអតីតប្រធានសាលាដំបូងរាជធានីភ្នំពេញលោក អាំង មាលតី ឲ្យជាប់ពន្ធនាគារ៣ឆ្នាំ ដោយត្រូវអនុវត្តទោសក្នុងពន្ធនាគាររយៈពេល២ឆ្នាំ សល់ប៉ុន្មានត្រូវព្យួរទាំងអស់ និងពិន័យជាប្រាក់ទឹកប្រាក់៥លានរៀល។

យោងតាមសាលក្រមរបស់តុលាការដែលអានដោយ លោក ងួន វុទ្ធី ចៅក្រមនៃសាលាដំបូងខេត្តកណ្ដាលនៅរសៀលថ្ងៃសុក្រនេះ លោក អាំង មាលតី ត្រូវចោទពីបទកេងផលប្រយោជន៍ដោយខុសច្បាប់។

ក្រោយចេញពីស្ដាប់សាលក្រមរួច លោក អាំង មាលតី មិនបានថ្លែងទៅកាន់អ្នកសារព័ត៌មាននោះទេ។ ចំណែកលោក ទេព បញ្ញា មេធាវីការពារក្ដីឲ្យលោក អាំង មាលតី មានប្រសាសន៍ថា លោកពុំទាន់ដឹងថានឹងត្រូវប្ដឹងទៅឧទ្ធរណ៍ឬយ៉ាងណានោះទេ ដោយលោកថា ត្រូវចាំពិភាក្សាជាមួយកូនក្ដីរបស់លោកជាមុនសិន។

គួរបញ្ជាក់ថា ក្នុងថ្ងៃបើកសវនាការជំនុំជម្រះកាលពីចុងខែមករាព្រះរាជអាជ្ញាលោក ឯក ស៊ុនរស្មី បានស្នើឲ្យចៅក្រមជំនុំជម្រៈផ្លាស់ប្តូរបទចោទពីការបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិតតាមមាត្រា៦០១ដែលត្រូវជាប់ទោសពី ៥ ទៅ១០ឆ្នាំ មកចោទក្នុងមាត្រា ៥៩៧ និង ៥៩៨ វិញដែលត្រូវជាប់ទោសពី២ទៅ៥ឆ្នាំដោយអះអាងថា ធ្វើតាមសំណើរបស់ជនជាប់ចោទ និងមេធាវីការពារក្ដីឲ្យលោក អាំង មាលតី ដោបញ្ជាក់ថា ដើម្បីឲ្យអតីតប្រធានតុលាការរូបនោះឆាប់រួចទោស និងឆាប់ទទួលបានការព្យាបាលជំងឺ។

លោក អាំង មាលតី ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ ដោយចោទថា អតីតប្រធានតុលាការរូបនេះបានទទួលយកថយន្តម៉ាក Audi មួយគ្រឿងជាថ្នូរនឹងការដោះលែងជនជាប់ចោទក្នុងសំណុំរឿងគ្រឿងញៀនឈ្មោះ ថៅ ថាវី ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ