កូនប្រុសលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី អំពាវឲ្យយុវជនមើលពីចំណុចវិជ្ជមានរបស់កម្ពុជាជាជាងមើលឃើញតែចំណុចអវិជ្ជមាន ដែលលោកថាយុវជនត្រូវជឿជាក់លើកម្ពុជាដើម្បីឲ្យយុវជនមានកម្លាំងចិត្តនិងឆន្ទៈក្នុងការអភិវឌ្ឍជាតិ។
ក្នុងពិធីសប្បុរសធម៌លើកទី៧ដែលរៀបចំនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញកាលពីទី១៤ ខែកុម្ភៈ លោក ហ៊ុន ម៉ានី ថ្លែងទៅកាន់និស្សិតជាច្រើនរយនាក់ថាយុវជនត្រូវជឿជាក់លើកម្ពុជា ដែលលោកថាបើយុវជនមើលឃើញតែចំណុចអវិជ្ជមានរបស់កម្ពុជានោះនឹងធ្វើឲ្យយុវជនបាត់បង់ឱកាសចូលរួមអភិវឌ្ឍប្រទេសជាតិ។ លោកទទួលស្គាល់ថាកម្ពុជាពិតជានៅមានបញ្ហាដែលត្រូវដោះស្រាយ ដែលលោកថាយុវជនត្រូវរួមគ្នាដើម្បីដោះស្រាយរាល់បញ្ហាទាំងនេះប្រកបដោយក្តីសង្ឃឹមនិងឆន្ទៈ។
លោក ហ៊ុន ម៉ានី មានប្រសាសន៍ថា៖ “តើអនាគតរបស់ប្រទេសកម្ពុជានឹងទៅជាយ៉ាងណា និយាយអញ្ចេះខ្ញុំសុំបញ្ជាក់ឲ្យហើយ មិនមែនថាប្រទេសយើងអត់បញ្ហានោះទេ មិនមែនថាសង្គមកម្ពុជាគ្មានបញ្ហានោះទេ មាន(បញ្ហា) ក៏ប៉ុន្តែគ្រប់កាលៈទេសៈទាំងអស់យើងត្រូវជឿជាក់លើកម្ពុជាដោយសារវាជាកម្លាំងចិត្ត ដើម្បីឲ្យយើងខ្លួនឯងមានក្តីសង្ឃឹម មានឆន្ទៈ ហើយហ៊ានលះបង់ដើម្បីប្រទេសជាតិរបស់ពួកយើង”។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានកាន់អំណាចជាង៣១ឆ្នាំមកហើយ។ របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch) ចេញផ្សាយកាលពីខែមករា ឆ្នាំ២០១៥ ឲ្យដឹងថាការដឹកនាំរបស់លោក ហ៊ុន សែន ជាង៣០ឆ្នាំមកនេះ ពោរពេញទៅដោយហិង្សា ការគាបសង្កត់ និងអំពើពុករលួយ។ របាយការណ៍ចាត់ទុកថាជាការដឹកនាំរបស់លោកពោរពេញដោយអំពើហិង្សានយោបាយ ការគ្រប់គ្រងកម្លាំងយោធា ការបោះឆ្នោតបន្លំនិងអំពើពុករលួយច្រើន។
អ្នកវិភាគឯករាជ្យ លោក អ៊ូ វីរៈ យល់ថាយុវជនកម្ពុជាបច្ចុប្បន្នមើលឃើញទាំងចំណុចវិជ្ជមាន និងចំណុចអវិជ្ជមានរបស់រដ្ឋាភិបាល។ លោកបន្តថាយុវជនបានប្រើប្រាស់បណ្តាញសង្គមសម្រាប់ទទួលព័ត៌ទាក់ទងនឹងបញ្ហាសង្គមក៏ដូចជានយោបាយ។ លោកបន្ថែមថា៖ “សំខាន់បំផុតនោះគឺតើរដ្ឋាភិបាលទាក់ទាញយ៉ាងម៉េចដើម្បីឲ្យបេះដូងរបស់យុវជនហ្នឹងមានការដូរ សម្រាប់ខ្ញុំឥឡូវនេះរដ្ឋាភិបាលតាំងពីឆ្នាំ២០១៣មក បានរៀបចំយុទ្ធសាស្រ្តជាច្រើនដើម្បីទាក់ទាញយុវជន ទោះបីជាកន្លែងខ្លះមានប្រសិទ្ធភាពនិងកន្លែងខ្លះមិនសូវជាមានប្រសិទ្ធភាព ប៉ុន្តែយើងឃើញថា(រដ្ឋាភិបាល)បានយកចិត្តទុកដាក់ច្រើន”។
លោក អ៊ូ វីរៈ ឲ្យដឹងដែរថាយុវជនមួយចំនួនក្នុងពេលបច្ចុប្បន្ននេះមានភាពក្លាហានក្នុងការបង្ហាញឆន្ទៈចង់ប្រឡូកក្នុងវិស័យនយោបាយផងដែរ។
លោក ហ៊ុន ម៉ានី មិនត្រឹមតែជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាប៉ុណ្ណោះទេ លោកក៏ជាតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺផងដែរ។ លោកជាតំណាងរាស្រ្តវ័យក្មេងមួយរូបដែលគេសង្កេតឃើញថាបានដឹកនាំយុវជនជាច្រើនធ្វើសម្មភាពសង្គម ជាពិសេសកម្មវិធីអង្គរសង្ក្រានដែលធ្វើឡើងនៅខេត្តសៀមរាបជារៀងរាល់ឆ្នាំ។
លោកធ្លាប់លើកឡើងថាលោកមានបំណងធ្វើជានាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជាតែលោកថាឪពុករបស់លោកមិនមែនជាអ្នកកំណត់រូបលោកឲ្យក្លាយជានាយករដ្ឋមន្រ្តីកម្ពុជានោះទេ គឺអាស្រ័យលើប្រជាជនកម្ពុជា៕