ក្រសួងមហាផ្ទៃសន្យាថាស្ថាប័នរដ្ឋនេះនឹងជួយការពារសុវត្ថិភាពដល់តំណាងរាស្ត្រទាំងអស់បន្ទាប់ពីមេដឹកនាំគណបក្សសង្រ្គោះជាតិដាក់លិខិតទៅកាន់លោក ស ខេង ស្នើឲ្យជួយការពារសន្តិសុខ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ មានប្រសាសន៍ប្រាប់VODនៅថ្ងៃចន្ទនេះថាក្រសួងមហាផ្ទៃបានទទួលលិខិតកាលពីថ្ងៃទី១២ខែកុម្ភៈរបស់ប្រធានស្ដីទីគណកបក្សសង្គ្រោះជាតិលោក កឹម សុខា ដែលស្នើសុំរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យជួយការពារសន្តិសុខសុវត្ថិភាពជូនតំណាងរាស្ត្រថ្នាក់ដឹកនាំនិងសមាជិកគណបក្សប្រឆាំងដោយលើកឡើងថាមានការគំរាមធ្វើបាតុកម្មនិងអាចមានការបំពានដល់រាងកាយពួកគេ។ លោកថាក្រសួងនឹងធ្វើតាមការស្នើសុំនោះ។ លោកបន្តថា៖”សូមអរគុណណាស់ដែលឯកឧត្តម កឹម សុខា ដែលបានផ្ញើលិខិតមកនេះបញ្ជាក់ថាលោកមានការព្រួយបារម្ភចំពោះសន្តិសុខផ្ទាល់ខ្លួនរបស់លោកនិងតំណាងរាស្ត្រ ប៉ុន្តែខ្ញុំគិតថាវាសន្តិសុខមិនមែនតែម្ខាងទេការពារតំណាងរាស្ត្រទាំងអស់”។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក មាស នី គំាទ្រក្រសួងមហាផ្ទៃដែលអះអាងថាខ្លួននឹងជួយការពារសុវត្ថិភាពជូនគណបក្សប្រឆំាង។ ប៉ុន្តែលោកបើក្រសួងធ្វើមិនតាមការសន្យារបស់ខ្លួនទេនោះនឹងធ្វើឲ្យគណបក្សប្រជាជនកម្ពុជាកាន់តែបាត់បង់ការគំាទ្រពីប្រជាពលរដ្ឋដោយលោកថាកន្លងទៅការប្រើហិង្សាលើតំណាងរាស្ត្រនិងសកម្មជនបក្សប្រឆំាងអាជ្ញាធរមិនទាន់បានទប់ស្កាត់ឲ្យមានប្រសិទ្ធិភាពនៅឡើយជាពិសេសការកប់ដុំថ្មចូលផ្ទះលោក កឹម សុខា។ លោកបន្ថែមថា៖ “បើសិនជាម្តងនេះក្រសួងមហាផ្ទៃមិនអាចគ្រប់គ្រងស្ថានការណ៍ហ្នឹងបាន ហើយបណ្តោយឲ្យកើតមានឡើងដូចមុនទៀតខ្ញុំគិតថាវាធ្វើឲ្យប្រជាប្រិយភាពរដ្ឋាភិបាលធ្លាក់អ្វីដែលវាកើតឡើងវាហួសហើយវាមិនត្រូវនឹងច្បាប់ទៀត”។
កាលពីពេលថ្មីៗនេះមានបុរសពីរនាក់ដែលចេញមុខតាមហ្វ៊េសប៊ុកអះអាងថាជាអ្នកគាំទ្ររដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាបានប្រកាសថាពួកគេនឹងធ្វើបាតុកម្មឲ្យរំលាយគណបក្សគណបក្សសង្រ្គោះជាតិចោលប្រសិនបើអ្នកគាំទ្រគណបក្សប្រឆាំងហ៊ានធ្វើបាតុកម្មប្រឆាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលនឹងទៅអាមេរិកនៅពាក់កណ្តាលខែកុម្ភៈនេះ។
លើសពីនេះថ្មីៗនេះបុគ្គលលេចធ្លោតាមប្រព័ន្ធសង្គមហ្វេសប៊ុកនិងជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជានិងជាទាហានក្នុងជួរកងយោធពលខេមរភូមិន្ទលោក ខាន់ ចាន់សុផល បានបង្ហោះសារតាមហ្វេសប៊ុកថាលោក កឹម សុខា នឹងចេញពីប្រទេសដើម្បីគេចពីអំពើហិង្សាតាមរយៈបាតុកម្មប្រឆាំងរូបលោក។ លោកបានសរសេរថា៖ “លោក កឹម សុខា ខ្លាចអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាធ្វើបាតុកម្មដុតផ្ទះរបស់គាត់ឬទាញគាត់ចេញពីក្នុងឡាន ហើយវាយដំដូចតំណាងរាស្ត្រទាំងពីររូបនោះ”។
ទោះយ៉ាងណាលោក កឹម សុខា បានបដិសេធថាលោកមិនមានគម្រោងទៅក្រៅប្រទេសដើម្បីគេចខ្លួននៅពេលមានបាតុកម្មប្រឆាំងរូបលោកនោះទេ។
គួរបញ្ជាក់ថាកាលពីលោក ហ៊ុន សែន ទៅសហរដ្ឋអាមេរិកកាលពីខែកញ្ញាឆ្នាំ២០១៥មានបាតុកម្មអហិង្សាមួយទាមទារឲ្យគោរពសិទ្ធិមនុស្សនៅកម្ពុជា។ មួយខែក្រោយមកខណៈពេលលោក ហ៊ុន សែន ទៅធ្វើទស្សនកិច្ចនៅប្រទេសបារំាងក៏មានបាតុកម្មដោយអហិង្សាដូចគ្នានេះម្តងទៀត។ ប៉ុន្តែភ្លាមៗនោះលោក ហ៊ុន សែន បានប្រកាសពីទីក្រុងប៉ារីសមកថាលោកគំាទ្រឲ្យមានបាតុកម្មនៅកម្ពុជាតបតវិញ ហើយអាចឈានទៅទម្លាក់លោក កឹម សុខា ពីអនុប្រធានទី១នៃរដ្ឋសភា។ នៅពេលបាតុកម្មធ្វើឡើងដោយអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជានោះមានកុប្បករខ្លះបានវាយតំណាងរាស្ត្រគណបក្សប្រឆំាងពីររូបឲ្យរងរបួសធ្ងន់គឺលោក គង់ សភានិងលោក ញ៉យ ចំរើន។ ក្នុងថ្ងៃជាមួយគ្នានោះក្រុមកុប្បករទំាងនោះក៏បាននាំគ្នាទៅផ្ទះលោក កឹម សុខា ហើយគប់ដុំថ្មដបទឹកសុទ្ធចូលផ្ទះលោក កឹម សុខា ផងដែរ។ ប៉ុន្តែគេសង្កេតឃើញថាមិនមានអាជ្ញាធរចុះបង្ក្រាបចាប់ក្រុមបុរសជាអ្នកតវ៉ាទំាងនោះទេ៕
សូមសរសេរមកកាន់លោក ណាត សុភាព តាមរយៈ [email protected]