ដំណឹងនៃការធ្វើបាតុកម្មរបស់ក្រុមអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងបំណងទាមទារឲ្យរំលាយគណបក្សសង្គ្រោះជាតិបានធ្វើឲ្យមានការចាប់អារម្មណ៍ពីសារព័ត៌មានជាតិនិងអន្តរជាតិជាច្រើនចុះផ្សាយ។ ចំណែកគណបក្សសង្គ្រោះជាតិក៏បង្ហាញពីការព្រួយបារម្ភរបស់ខ្លួនដោយបានស្នើឲ្យក្រសួងមហាផ្ទៃចាត់វិធានការក្នុងការការពារសន្តិសុខនៅជុំវិញផ្ទះលោក សម រង្ស៊ី និងលោក កឹម សុខា រួមទាំងការពារដល់មន្ត្រីគណបក្សសង្គ្រោះជាតិផ្សេងៗទៀត។
ការចាប់អារម្មណ៍ចុះផ្សាយរបស់បណ្តាញផ្សាយព័ត៌មាននិងការបង្ហាញការព្រួយបារម្ភរបស់គណបក្សសង្គ្រោះជាតិនេះមិនមែនចេះធ្វើឡើងដោយមិនមានមូលហេតុនោះទេព្រោះបាតុកម្មរបស់អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាប្រឆាំងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិកាលពីចុងឆ្នាំ២០១៥បានធ្វើឲ្យសាធារណៈជនជាតិនិងអន្តរជាតិមានការភ្ញាក់ផ្អើលនិងតក់ស្លុតម្តងរួចមកហើយ។
កាលពីថ្ងៃទី២៦ខែតុលាឆ្នាំ២០១៥អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជារាប់ពាន់នាក់បានធ្វើបាតុកម្មទាមទារឲ្យដកលោក កឹមសុខា ចេញពីតំណែងអនុប្រធានទី១នៃរដ្ឋសភាដោយចោទថាលោក កឹម សុខា ជាមនុស្សក្រឡិចក្រឡុចញុះញង់ឲ្យមានចលាចលក្នុងសង្គម។ នៅក្នុងថ្ងៃនោះអ្នកចូលរួមធ្វើបាតុកម្មបានវាយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិពីររូបឲ្យរងរបួសធ្ងន់នៅជិតរដ្ឋសភា។ ហិង្សានោះរងការថ្កោលទោសពីអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិនិងពីបណ្តាប្រទេសមួយចំនួនទៀតផង។
ខណៈគណបក្សសង្គ្រោះជាតិនិងប្រជាពលរដ្ឋមួយចំនួនបង្ហាញការព្រួយបារម្ភពីហិង្សាអាចកើតមានឡើងទៀតនៅពេលមានបាតុកម្មទាមទារឲ្យរំលាយគណបក្សសង្គ្រោះជាតិនោះ នៅថ្ងៃទី១៦ខែកុម្ភៈលោក សាំង សុង តំណាងក្រុមសម្ព័ន្ធយុវជនអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាដែលជាអ្នកព្រមានធ្វើបាតុកម្មនោះបានប្រកាសរំសាយចោលគម្រោងនេះវិញ។
លោក សាំង សុង បកស្រាយថាមូលហេតុនៃការរំសាយនេះដោយសារអ្នកធ្វើបាតុកម្មប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅអាមេរិកមានចំនួនតិចពេកគឺមានប្រមាណតែ១៥០នាក់ ហើយភាគច្រើនជាក្រុមមនុស្សដែលមានបញ្ញាស្មារតីមិនល្អ។ លោកបន្តថា៖ “សហរដ្ឋអាមេរិកមានលក្ខខណ្ឌអនុគ្រោះយល់យោគមួយត្រង់ថាអ្នកមានបញ្ហានោះគាត់ឲ្យប្រាក់ខែគឺគាត់ស៊ីប្រាក់ខែឆ្កួតបាទគាត់លេបថ្នាំឆ្កួតគាត់ស៊ីប្រាក់ខែឆ្កួតចឹងហើយ។ នេះជាទម្ងន់ដ៏ស្រាលបំផុតដែលសម្ព័ន្ធយុវជនយើង មិនអាចធ្វើបាតុកម្មតបវិញទេគឺខ្ចិលតបខ្ចិលរវល់មិនរវល់មិនអំពុលទុក្ខតែម្តង ហើយម្យ៉ាងទៀតយើងជាអ្នកស្រលាញ់សុខសន្តិភាពស្ថិរភាព”។
ទោះយ៉ាងណាលោក ទូច វិបុល ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកកាំងនិងជាអ្នករៀបចំបាតុកម្មប្រាប់វីអូឌីថាអ្នកចូលរួមបាតុកម្មប្រឆាំងលោក ហ៊ុន សែន នៅថ្ងៃទី១៦ខែកុម្ភៈមានទៅដល់១៥០០នាក់ដែលមកពីរដ្ឋផ្សេងៗគ្នានៅសហរដ្ឋអាមេរិកនិងប្រទេសកាណាដាផងដែរ។ លោកបន្តថាសារៈសំខាន់នៅក្នុងបាតុកម្មនោះគឺទាមទារឲ្យមានការគោរពសិទ្ធិមនុស្សនិងសេរីនិងគោលការណ៍លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
នៅក្នុងបដាដែលបាតុករខ្មែរនៅអាមេរិកលើកឡើងហើយត្រូវគេថតជាវីឌីអូចែករំលែកតាមហ្វេសប៊ុកក្នុងខ្លឹសារដូចជា ហ៊ុន សែន ជាឃាតករ ការដឹកនាំរបស់លោក ហ៊ុន សែន មានការរំលោភសិទ្ធិមនុស្ស ឬ ហ៊ុន សែន ជាអាយ៉ងយួនជាដើម។
ក្រៅពីហេតុផលបាតុករនៅអាមេរិកមានចំនួនតិចជាក្រុមមនុស្សមានបញ្ហាស្មារតីមិនល្អនោះតើមានហេតុផលអ្វីផ្សេងទៀតទេ ដែលជំរុញឲ្យអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជារំលាយបាតុកម្មនោះ?
អ្នកវិភាគខ្លះលើកឡើងថាដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ចន ឃើរី មកបំពេញទស្សនកិច្ចនៅកម្ពុជានិងលិខិតរបស់សមាជិកព្រឹទ្ធសភាអាមេរិកផ្ញើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានលើកឡើងពីការរំលោភសិទ្ធិមនុស្សនិងការគំរាមកំហែងអ្នកនយោបាយក្រុមប្រឆាំងនោះជាទម្ងន់មួយដែលសង្កត់មិនឲ្យអ្នកគាំទ្រគណបក្សប្រជាជនធ្វើបាតុកម្ម។
អ្នកខ្លះទៀតលើកឡើងថាការបំពេញបេសកកម្មរបស់គណៈប្រតិភូរបស់គណៈកម្មាធិការសិទ្ធិមនុស្សសហភាពអន្តរសភា IPU នៅកម្ពុជាចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៨ខែកុម្ភៈដើម្បីស៊ើបអង្កេតពីស្ថានភាពសិទ្ធិនយោបាយ។ គណៈប្រតិភូនេះជួបមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិដែលនេះក៏អាចជាចំណុចមួយធ្វើឲ្យក្រុមអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាពិបាកក្នុងការធ្វើបាតុកម្មដែរ។
បើទោះជាហេតុផលនៃការររំសាយការធ្វើបាតុកម្មនេះមានការបកស្រាយផ្សេងគ្នាក៏ដោយក៏លោក ណៃ វ៉ង់ដា អនុប្រធានផ្នែកស៊ើបអង្កេតសមាគមការពារសិទ្ធិអាដហុកយល់ថាជាឥរិយាបថល្អមួយគួរយកគំរូតាមដែលអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាសម្រេចមិនធ្វើបាតុកម្មចំណែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមានប្រតិកម្មតបទៅនឹងអ្នកធ្វើ្បាតុកម្មប្រឆាំងរូបលោកនៅអាមេរិក ហើយបែរជាទៅជួបជាមួយអ្នកគាំទ្ររបស់ខ្លួនរាប់រយនាក់នៅក្នុងសណ្ឋាគារទៅវិញ។
សាស្ត្រាចារ្យនិងជាអ្នកស្រាវជ្រាវកិច្ចការនយោបាយលោក ឯម សុវណ្ណរ៉ា យល់ថាយុវជនដែលចេញមុខបកស្រាយថា រំសាយការធ្វើបាតុកម្មនោះគឺអាចធ្វើតាមគំនិតមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាឬជាឆន្ទៈរបស់អ្នកនយោបាយនៅថ្នាក់លើ។ លោកយល់ថាការដែលគណបក្សសង្គ្រោះជាតិស្នើឲ្យក្រសួងមហាផ្ទៃការពារសុវត្ថិភាពមន្ត្រីរបស់ខ្លួនហើយក្រសួងនេះយល់ព្រមគឺអាចជាហេតុផលមួយដែលអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជារំសាយការធ្វើបាតុកម្មព្រោះមិនចង់ឲ្យក្រុមគ្នាឯង ប៉ះនិងគ្នាឯង។ លោកបន្ថែមថា៖ “ទី១គណបក្សប្រឆាំងគាត់បានស្នើទៅក្រសួងមហាផ្ទៃឲ្យជួយការពារសមាជិក ហើយបើក្រសួងមហាផ្ទៃការពារមិនបានធ្វើម៉េច? បើគ្រាន់តែទៅស្រែកហ្នឹងក្រុមគាត់អត់ចេះស្រែកទេគឺក្រុមគាត់ទៅវាយគេផូងផាំងហ្នឹង! គាត់មិនមែនទៅធ្វើបាតុកម្មដោយសន្តិវិធីដូចក្រុមនិស្សិតក្រុមអ្នកតវ៉ាឯណាគឺគាត់ទៅអាងអីអាងកម្លាំងបាយហ្នឹងនេះមិនមែនជាអ្នកនៅក្នុងសង្គមប្រជាធិបតេយ្យទេបើយើងនិយាយមែនទែន”។
ហេតុការណ៍ដែរលបាតុករគាំទ្រគណបក្សប្រជាជនចោលដុំថ្មលើផ្ទះលោក កឹម សុខា និងការទាញតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទម្លាក់ពីរថយន្តវាយដំនិងជាន់ទន្ទ្រាំផ្ទប់នៅនឹងដីនៅជាប់របងរដ្ឋសភាទាំងកណ្តាលថ្ងៃត្រង់នោះអ្នកវិភាគមួយចំនួនលើកឡើងថាវាមិនបានធ្វើឲ្យគណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រកើនឡើងការគាំទ្រពីប្រជាពលរដ្ឋនោះទេ ផ្ទុយទៅវិញធ្វើឲ្យពលរដ្ឋភ័យខ្លាចនិងខូចឈ្មោះនៅលើឆាកអន្តរជាតិទៅវិញ៕