គណបក្សថ្មីមួយសុំជួបសកម្មជនសង្រ្គោះជាតិដែលកំពុងជាប់ឃុំ

យុវជនម្នាក់ដែលទើបចេញមុខបង្កើតគណបក្សថ្មីមួយបានស្នើសុំជួបសួរសុខទុក្ខសកម្មជន​គណបក្សសង្រ្គោះជាតិនៅថ្ងៃទី២៣ខែកុម្ភៈដែលកំពុងជាប់ពន្ធនាគារ។

ក្នុងលិខិតរបស់ប្រធានគណបក្សយុវជនកម្ពុជាចុះថ្ងៃទី១៨ខែកុម្ភៈលោក ពេជ្រ ស្រស់ បានស្នើសុំអនុញ្ញាតពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង ដើម្បីបានជួបសួរសុខទុក្ខសកម្មជន​គណបក្សសង្រ្គោះជាតិជាង១០រូបរាប់ទាំងលោក មាជ សុវណ្ណរ៉ា និង​លោក ហុង សុខហួ ជាអតីតសមាជិកព្រឹទ្ធសភា។

ក្នុងលិខិតនោះលោក ពេជ្រ ស្រស់ បានអះអាងប្រាប់លោក ស ខេង ថាមូលហេតុដែលលោកចង់ជួប​សកម្មជនគណបក្សប្រឆាំងព្រោះថ្នាក់ដឹកនាំគណបក្សថ្មីនេះភាគច្រើនជាយុវជន ហើយពួកគេចង់បង្ហាញថាពីកម្លាំងក្លាំងក្លារបស់យុវជនដើម្បីស្វែងយល់ពីទឹកចិត្តអ្នកនយោបាយដូចគ្នា។

អនុប្រធានគណបក្សយុវជនកម្ពុជាលោក អ៊ុន វិសិទ្ធគុន បានបញ្ជាក់បន្ថែមថាការដែលក្រុមលោក​ចង់​ជួប​សកម្មជនគណបក្សសង្រ្គោះជាតិនោះមិនមែនចង់ទាក់ទាញការគាំទ្រពីគណបក្សប្រឆាំងនេះនោះទេ។

លោកអះអាងថា៖ ” អីចឹងការសួរសុខទុក្ខហ្នឹងមិនមែនខ្ញុំចូលទៅចាប់ដៃឬលួងលោមគាត់ឲ្យគាត់មកចូលរួមនឹងគណបក្សយុវជនកម្ពុជាយើងទេគឺគ្រាន់ថាក្នុងន័យមួយខ្ញុំចង់ដឹងពីសុខទុក្ខគាត់មិនប្រកាន់ថាអ្នក​នយោបាយមកពីគណបក្សណានោះទេ”។

មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិលោក អេង ឆៃអ៊ាង បានស្វាគមន៍ចំពោះគម្រោងជួបសួរសុខទុក្ខ​សកម្មជនគណបក្សរបស់លោកនេះដោយលោកមិនបារម្ភថាគណបក្សថ្មីនេះអាចស្រូបយកសំឡេងពីគណបក្សសង្រ្គោះជាតិបាននោះទេ។

លោកមានប្រសាសន៍ថា៖ យើងសប្បាយរីករាយបើមានបងប្អូនយើងប្រជាពលរដ្ឋណាដែលមានទឹកចិត្តឈឺឆ្អាលស្រលាញ់​យុត្តិធម៌ចង់ទៅ​សួរសុខទុក្ខសកម្មជនគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ពន្ធនាគារទាំងអស់ហ្នឹង គណបក្សសង្រ្គោះជាតិស្វាគមន៍

VOD មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បាននៅឡើយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។

សូមបញ្ជាក់ថាគណបក្សយុវជនកម្ពុជាទើបតែដាក់ពាក្យសុំបង្កើតគណបក្សថ្មីនេះទៅក្រសួងមហាផ្ទៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ