មានសេចក្ដីរាយការណ៍មកថាសហរដ្ឋអាមេរិកបានពង្រាយយន្ដហោះ F-22 ចំនួន៤គ្រឿងនៅលើទឹកដីកូរ៉េខាងត្បូងដែលជាការបង្ហាញកំលាំងមួយបន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បងអាវុធនុយក្លែអ៊ែរដែលធ្វើឲ្យពិភពលោកសម្ដែងការថ្កោលទោស។
យន្ដហោះចម្បាំងទាំង៤គ្រឿងនេះវាបានហោះក្រឡឹងខេត្ត Gyeonggi ដែលមានព្រំដែនជាប់និងកូរ៉េខាងជើងកាលពីថ្ងៃពុធ។ ស្របពេលនេះសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានដាក់ពង្រាយប្រព័ន្ធការពារកាំជ្រួចដើម្បីទប់ទល់កាំជ្រួចរបស់កូរ៉េខាងជើង។
យោងតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap បានឲ្យដឹងថាការដាក់ពង្រាយកាំជ្រួចការពារនិងយន្តហោះចម្បាំងរបស់អាមេរិកនេះគឺចំពេលដែលកូរ៉េខាងត្បូងនិងខាងជើងមានជំលោះពាក្យសំដីជាមួយគ្នាយ៉ាងខ្លាំងបន្ទាប់ពីទីក្រុងសេអ៊ូលបានបិទតំបន់ឧស្សាហកម្មកែវស៊ុងដែលមានមូលដ្ឋាននៅក្នុងទឹកដីកូរ៉េខាងជើងនោះ។ កាលពីខែមករាអាមេរិកក៏បានពង្រាយការហោះហើរយន្តហោះទម្លាក់គ្រាប់បែក B-52 ហោះលើព្រំដែន កូរ៉េខាងត្បូងនិងកូរ៉េខាងជើងផងដែរ។ បច្ចុប្បន្នកងទ័ពអាមេរិកនៅទឹកដីកូរ៉េខាងត្បូងមាន២ម៉ឺន៨ពាន់នាក់៕
ប្រភព: BBC