រដ្ឋាភិបាលប្រកាសពន្យារពេល១ខែ បន្ថែមទៀតដើម្បីឲ្យអ្នកប្រើប្រាស់រថយន្តចង្កូតស្ដាំ គ្មានពន្ធទាំងអស់មកបង់ពន្ធ និងចុះបញ្ជីឲ្យបានគ្រប់គ្នា។
អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជាបានចេញលិខិតមួយចុះថ្ងៃទី ១៩ ខែកុម្ភៈឲ្យដឹងថា ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សម្រេចពន្យារពេលមួយខែចាប់ពីថ្ងៃទី១៩ ខែកុម្ភៈ រហូតដល់ថ្ងៃទី១៩ ខែមីនា ដើម្បីឲ្យពលរដ្ឋដែលជាម្ចាស់រថយន្តចង្កូតស្ដាំគ្មានពន្ធទាំងអស់ បានបង់ពន្ធ និង ចុះបញ្ជីរថយន្តគ្រប់គ្នា។
បើតាមលិខិតដដែលឲ្យដឹងថា ក្នុងរយៈពេលមួយខែកន្លងមកមានម្ចាស់រថយន្តចង្កូតស្ដាំជាច្រើនបានមកចុះបញ្ជី និងកក់ប្រាក់ ២០ភាគរយនៃប្រាក់ពន្ធសរុប។ ប៉ុន្តែនៅមានម្ចាស់រថយន្តមួយចំនួនទៀតនៅមិនទាន់មកបង់ពន្ធ និង ចុះបញ្ជីនៅឡើយទេ ដោយសារមិនមានថវិកាគ្រប់គ្រាន់ ការទទួលបានព័ត៌មានពីការចុះបញ្ជីនេះយឺត និងខ្លះទៀតមិនទទួលបានព័ត៌មានជាដើម។
លិខិតបន្តថា ជំរុញឲ្យម្ចាស់រថយន្តចង្កូតស្ដាំគ្មានពន្ធទាំងអស់រួសរាន់មកបង់ពន្ធ និង ចុះបញ្ជីឲ្យបានមុនថ្ងៃទី១៩ ខែមីនា បើមិនដូច្នោះទេរថយន្តចង្កូតស្ដាំដែលមិនបានចុះបញ្ជីទាំងនោះ នឹងចាត់ទុកជារថយន្តល្មើសច្បាប់ដែលមិនអាចអនុគ្រោះបាន។
គួរបញ្ជាក់ថា កាលពីដើមឆ្នាំ២០១៦ រដ្ឋាភិបាលសម្រេចទុករយៈពេលមួយខែម្តងរួចហើយ សម្រាប់ឲ្យប្រជាពលរដ្ឋដែលប្រើប្រាស់រថយន្តចង្កូតស្ដាំ គ្មានពន្ធមកចុះបញ្ជីពន្ធ គឺចាប់ពីថ្ងៃទី ១៨ ខែ មករា ដល់ថ្ងៃទី ១៨ ខែ កុម្ភៈ៕