ប្រជាកសិករមួយចំនួននៅខេត្ដសៀមរាបឲ្យដឹងថា ស្រូវស្រែប្រាំងរាប់ពាន់ហិកតានៅក្នុងសង្កាត់៣នៃក្រុងសៀមរាប បានក្រៀមស្វិតដោយសារខ្វះទឹកស្រោចស្រពដោយអះអាងថា ប្រភពទឹកពីស្ទឹងសៀមរាប និងបារាយ៍ទឹកថ្លាខាងលិច ពុំមានទឹកគ្រប់គ្រាន់។
ពលរដ្ឋនៅសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាបលោក យ៉ាំង រី ប្រាប់វីអូឌី(VOD)នៅថ្ងៃនេះថា ស្រូវប្រាំងប្រជាកសិករជាច្រើនពាន់ហិកតា ស្ថិតនៅខាងត្បូង និងខាងលិច ក្នុងក្រុងសៀមរាប ប្រឈមនឹងការខូចខាតដោយសារខ្វះទឹកស្រោចស្រព។ លោកបន្ដថា ជារៀងរាល់ឆ្នាំ ស្រូវប្រាំងពួកគាត់ មានទឹកទន្លេសាប ហូរចូលអាងស្ដុកទឹកដែលអាចស្រោចស្រពដំណាំកសិកម្មនោះបានគ្រប់គ្រាន់ ប៉ុន្ដែឆ្នាំនេះ លោកថាគ្មានភ្លៀងគ្រប់គ្រាន់ ខណៈដែលទឹកស្ទឹងសៀមរាបត្រូវបានអាជ្ញាធរជាតិអប្សរាបិទទ្វារទឹក ដើម្បីរក្សាទឹកបន្សើមគ្រឹះប្រាសាទបុរាណ។ លោកបារម្ភថា ពួកគាត់ប្រឈមនឹងដាច់បាយ បើសិនអាជ្ញាធរគ្មានការជួយសង្គ្រោះស្រូវប្រាំងទាំងនោះទេ។
ពលរដ្ឋមួយរូបទៀតនៅសង្កាត់សំបួរ លោក ហ៊ីង ម៉ៅ ឲ្យដឹងថា ស្រូវប្រាំងទាំងនោះបានខូចខាតប្រហែល៥០%ទៅហើយ ដែលលោកថា មិនទាន់មានការដោះស្រាយពីមន្ដ្រីជំនាញនៅឡើយទេ។ លោកបញ្ជាក់ថា ដំណាំស្រូវនោះអាចប្រឈមនឹងការខូចខាតទាំងស្រុង ដោយសារតែតំបន់មួយចំនួនគ្មានប្រឡាយទឹកឆ្លងកាត់។ លោកស្នើឲ្យស្ថាប័នពាក់ព័ន្ធ ឬមន្ដ្រីជំនាញ រកដំណោះស្រាយលើករណីនេះ ដើម្បីទទួលបានពូជខ្លះសម្រាប់ឆ្នាំក្រោយ។ លោកបន្ថែមថា៖ហួសពេលបាត់ទៅហើយខ្ញុំចុះទៅមើលអាខ្លះខ្លោចឆេះសុំជំនួយសុំពូជសំអីគេទប់ស្កាត់ឆ្នាំក្រោយ ព្រោះពេលនេះវាហួសពេលទៅហើយយើងទៅដោះស្រាយក៍ដោះមិនចេញដែរ ប៉ុន្ដែបើយើងរៀបចំទំនប់ប្រឡាយស្ដារប្រឡាយពីពេលនេះទៅអត់មិចក៍យើងស្រួលដែរ។
ករណីនេះ អភិបាលក្រុងសៀមរាប លោក សូ ប្លាតុង មានប្រសាសន៍ថា ស្រូវប្រាំងដែលខ្វះទឹកនោះមានតិចតួច ពោលមិនដល់រាប់ពាន់ហិកតានោះទេ។លោកបន្ដថា អាជ្ញាធរគ្រោងនឹងសហការជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីបើកទឹកបញ្ចូលទំនប់ទឹក៧៨ និងដើម្បីបន្ដបញ្ចូលស្រូវប្រាំងពលរដ្ឋទាំងបីសង្កាត់នោះ។ លោកបន្ដថា៖ស្រូវនៅខាងក្រោមៗនោះជាទូទៅមាន៣រយហិកតា២រយហិកតា ប៉ុន្ដែនៅខាងលើដែលខ្វះខាតមានតិចតួចទេ ប៉ុន្ដែមិនទាន់ខ្វះខាតនៅឡើយទេអាតម្រូវការទឹកមិនច្រើនតិចតួចទេនៅខាងលើនៅខាងក្រោមទឹកគេបបូរ ព្រោះនៅខាងក្រោមគេអត់មានប៉ះពាល់ទឹកខាងលើ គេមានខ្សែទឹកមួយៗសំរាប់ហូរចូលបាទ។
បើតាមប្រជាកសិករឲ្យដឹងថា ស្រូវប្រាំងពួកគាត់ចាប់ផ្ដើមក្រៀមស្វិត ចាប់ពីពាក់កណ្ដាលខែមករា រហូតដល់ជាងពាក់កណ្ដាលខែកុម្ភៈនេះ។ ស្រូវប្រាំងដែលរងការខូចខាតជាងគេ គឺស្ថិតនៅសង្កាត់ចំនួន៣ រួមមានសង្កាត់ស្វាយដង្គំ សង្កាត់សៀមរាប សង្កាត់សំបួរ៕