មេដឹកនាំជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានណែនាំឲ្យមន្ត្រីរបស់ខ្លួនបម្រើការងារដោយទទួលខុសត្រូវ ឯករាជ្យ និងអព្យាក្រឹត ដោយអះអាងថាដើម្បីបង្ហាញការទទួលខុសត្រូវចំពោះប្រជាពលរដ្ឋក៏ដូចជាធានាឲ្យបាននូវភាពត្រឹមត្រូវ សេរី និងយុត្តិធម៌សម្រាប់ការបោះឆ្នោត។
អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)លោក គួយ ប៊ុនរឿន ថ្លែងក្នុងកម្មវិធីប្រកាសតែងតាំងអគ្គលេខាធិការ អគ្គលេខាធិការរង និងមន្ត្រីជាង៣០០នាក់ដែលចូលកាន់តំណែងនៅព្រឹកនេះថាដើម្បីសម្រេចកិច្ចការរៀបចំការបោះឆ្នោតបានមន្ត្រី គ.ជ.ប ត្រូវមានក្រមសីលធម៌និងប្រកាន់ជំហរអព្យាក្រឹត។
លោកបន្តថាមន្ត្រី គ.ជ.ប គ្រប់លំដាប់ថ្នាក់មានកាតព្វកិច្ចនិងការទទួលខុសត្រូវចំពោះប្រជាពលក្នុងការរៀបចំការបោះឆ្នោតមួយប្រកបដោយភាពត្រឹមត្រូវនិងយុត្តិធម៌។ លោកក៏បានណែនាំមន្ត្រីក្រោមឱវាទត្រូវចេះធ្វើការរួមគ្នាមិនប្រកាន់បក្សពួកនិងចេះជួយគ្នាទៅវិញទៅមក។
លោកបន្ថែមថា៖ “ដែលទាមទារឲ្យយើងទាំងអស់គ្នាប្តេជ្ញាចិត្តអនុវត្តការងារបោះឆ្នោតដោយឈរលើស្មារតីទទួលសុខត្រូវខ្ពស់ចំពោះមុខរដ្ឋសភា ប្រជាពលរដ្ឋ និងប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាយើង”។
ប្រហាក់ប្រហែលគ្នានេះដែរប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក បានណែនាំឲ្យមន្ត្រី គ.ជ.ប គ្រប់លំដាប់ថ្នាក់ត្រូវប្រកាន់ជំហរឯករាជ្យនិងអព្យាក្រឹតដែលលោកថាបើបុគ្គលិក គ.ជ.ប ប្រកាន់ជំហរនេះបាននឹងធ្វើឲ្យការបោះឆ្នោតមានភាពត្រឹមត្រូវ សេរី និងយុត្តិធម៌។
លោកបន្ថែមថា៖ “មានជំហរពីរធានាបានបីស្តាប់ទាន់ទេខ្ញុំនិយាយហ្នឹងជំហរគឺអនុវត្តសមត្ថកិច្ចដោយឯករាជ្យ និងអព្យាក្រឹតគឺអាចធានាបាននូវការបោះឆ្នោតមួយដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយបើធ្វើបានការបោះឆ្នោតដែលមានបីនេះគឺស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស”។
បើតាមមន្រ្តី គ.ជ.ប ដែលបានឡើងប្រកាសតែងតាំងអគ្គលេខាធិការ និងអគ្គលេខាធិការរង គ.ជ.ប ឲ្យដឹងនៅព្រឹកនេះដែរថា គ.ជ.ប បានបញ្ចូលមន្ត្រីជាប់កិច្ចសន្យារបស់ខ្លួនចំនួន៣៣២រូបឲ្យក្លាយជាមន្ត្រីរាជការពេញសិទ្ធិ ដែលក្នុងនោះរួមមានក្រមខណ្ឌមន្ត្រីជាន់ខ្ពស់គ.ជ.ប មានចំនួន១៩៦រូប មន្ត្រីក្របខណ្ឌមធ្យមមានចំនួន៤៥រូប និងមន្ត្រីក្របខណ្ឌបឋមមានចំនួន៩១រូប។
ក្រោយពីត្រូវបានប្រកាសតែងតាំងរួចអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា មានប្រសាសន៍ទៅកាន់អ្នកសារព័ត៌មានថាលោកនឹងប្តេជ្ញាចិត្តបំពេញការងារនេះធ្វើឲ្យប្រជាពលរដ្ឋមានទំនុកចិត្តលើ គ.ជ.ប និងភាគីគណបក្សនយោបាយទាំងអស់អាចទទួលយកលទ្ធផលបោះឆ្នោតបាន។ លោកបន្ថែមថា៖ “អ៊ីចឹងយើងខិតខំធ្វើយ៉ាងម៉េចឲ្យតែអនុវត្តបានទៅតាមអ្វីដែលមានចែងនៅក្នុងច្បាប់ ដែលមានចែងនៅក្នុងបទបញ្ជាទៅ ខ្ញុំគិតថានេះជាដំណើរការមួយអាចធ្វើឲ្យប្រជាជនមានជំនឿមកលើ គ.ជ.ប”។
អគ្គលេខាធិការរបស់ គ.ជ.ប ដែលត្រូវបានជ្រើសរើសឲ្យបន្តតំណែងនោះលោក ទេព នីថា បដិសេធមិនផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានទាក់ទងនឹងការប្តេជ្ញាចិត្តរបស់លោកក្នុងការរៀបចំការបោះឆ្នោតនេះ។
នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថា និកហ្វិច លោក សំ គន្ធាមី បើតាមលោកសង្កេតសមាសភាពនៃ គ.ជ.ប ថ្មីនេះអាចធ្វើការបានល្អប្រសើរជាង គ.ជ.ប ចាស់។ ទោះយ៉ាងណាលោកថាប្រជាពលរដ្ឋក៏ដូចជាភាគីពាក់ព័ន្ធនៅរង់ចាំមើលការងាររបស់ គ.ជ.ប បន្តទៀតថាតើស្ថាប័នមួយនេះធ្វើការដោយទំនុកចិត្តបានកម្រិតណា៕