អគ្គលេខា និងអគ្គលេខាធិការរង គ.ជ.ប ចូលកាន់តំណែងជាផ្លូវការនៅថ្ងៃនេះ

ពិធី​ប្រកាស​តែងតាំង​អគ្គលេខា និង​អគ្គលេខាធិការ​រងថ្មី ព្រមទាំង​មន្ត្រីរបស់​ គ.ជ.ប (រូបភាព៖ ទូច សុខា)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប ប្រកាសតែងតាំងអគ្គលេខាធិការ និងអគ្គលេខាធិការរង ព្រមទាំងមន្ត្រីរបស់ខ្លួនមួយចំនួនទៀតជាផ្លូវការឲ្យចូលបម្រើការងារនៅតាមផ្នែកផ្សេងៗនៃ គ.ជ.ប។

ពិធីប្រកាសតែងតាំងអគ្គលេខាធិការ អគ្គលេខាធិការរង និងមន្ត្រីផ្សេងទៀតរបស់ គ.ជ.ប នេះធ្វើឡើងនៅព្រឹកថ្ងៃអង្គារនេះ នៅមជ្ឈមណ្ឌលកុំព្យូទ័រនៃ គ.ជ.ប។

យោងតាមព្រះរាជក្រិត្យចុះថ្ងៃទី២៨ ខែមករា លោក ទេព នីថា ត្រូវបានតែងតាំងជាអគ្គលេខាធិការ គ.ជ.ប មានឋានៈ និងបុព្វសិទ្ធិស្នើនឹងរដ្ឋលេខាធិការ ចំណែកលោក ម៉ៅ សុភារិទ្ធ លោក សោម សូរីដា លោក នី ចរិយា និងលោក ម៉ុក ដារ៉ា ត្រូវបានតែងតាំងជាអគ្គលេខាធិការរង គ.ជ.ប មានឋានៈ និងបុព្វសិទ្ធិស្មើនឹងអនុរដ្ឋលេខាធិការ។

ក្នុងពិធីនៅព្រឹកនេះ គ.ជ.ប ក៏ប្រកាសតែងតាំងជំនួយការសមាជិក គ.ជ.ប ទាំង៩នាក់ ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានលេខាធិការដ្ឋាននៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ប្រធាន និងអនុប្រធានការិយាល័យ និងប្រធាន អនុប្រធានលេខាធិការដ្ឋានរាជធានីខេត្តរៀបចំបោះឆ្នោត ឲ្យចូលកាន់តំណែង និងផ្ទេរបញ្ចូលក្របខណ្ឌជាមន្ត្រីរាជការនៃ គ.ជ.ប ផងដែរ។ ក្នុងនោះប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក ម៉ៅ ពិសេស ដែលសកម្មក្នុងការតវ៉ាទាមទារឲ្យអតីតអ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំកម្ពុជាសុំទោសសម្រាប់ការថ្លែងពាក់ព័ន្ធនឹងទឹកដីកម្ពុជាក្រោមនោះ ត្រូវបានតែងតាំងជាអនុប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល និងអប់រំអ្នកបោះឆ្នោត។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមករា លោក ទេព នីថា ជាអគ្គលេខាធិការ គ.ជ.ប ចាស់ត្រូវបានជ្រើសរើសជាអគ្គលេខាធិការ គ.ជ.ប ថ្មី ឯលោកម៉ៅ សុភារិទ្ធ លោក សោម សូរីដា លោក នី ចរិយា និងលោក ម៉ុក ដារ៉ា ត្រូវបានជ្រើសរើសជាអគ្គលេខាធិការរង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ