គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ឲ្យដឹងថា ក្នុងឆ្នាំ២០១៥ អាជ្ញាធរបង្ក្រាបអំពើជួញដូរមនុស្សបាន១០៥ករណី កើនឡើង១០ករណី ឬប្រមាណ១០ភាគរយបើធៀបនឹងឆ្នាំ២០១៤។
ក្នុងរបាយការណ៍បូកសរុបសកម្មភាព និងលទ្ធផលការងារប្រចាំឆ្នាំ២០១៥ និងទិសដៅឆ្នាំ២០១៦ ដែលត្រូវបានផ្សព្វផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឲ្យដឹងថា ក្នុងចំណោម១០៥ករណីដែលបង្ក្រាបបាន មាន៥៨ករណីជាអំពើជួញដូរផ្លូវភេទ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៦៩នាក់ ក្នុងនោះជនបរទេស៤នាក់ និងសង្គ្រោះជនរងគ្រោះបាន១៨៥នាក់។
របាយការណ៍ឲ្យដឹងទៀតថា ការបង្ក្រាបការជួញដូរមនុស្ស៤៧ករណីទៀតឃាត់ខ្លួនជនសង្ស័យបាន៧៥នាក់ (ស្រី៤៧នាក់) និងជួយសង្គ្រោះជនរងគ្រោះបាន១១០នាក់ ដោយករណីជួញដូរទាំងនោះរួមមានការនាំអនីតិជនចេញមិនស្របច្បាប់មាន៥ករណី នាំចេញមិនស្របច្បាប់មានគោលដៅ១៣ករណី នាំចេញមិនស្របច្បាប់ឆ្លងដែន១៤ករណី ជ្រើសរើសមិនស្របច្បាប់កេងប្រវ័ញ្ច២ករណី អំពើលក់ដូរមនុស្ស២ករណី លក់ដូរមនុស្សឆ្លងដែន៤ករណី និងទិញពេស្យាចារកុមារមាន៧ករណី។
របាយការណ៍ដដែលឲ្យដឹងដែរថា ក្នុងឆ្នាំ២០១៥ ជនរងគ្រោះដែលត្រូវបានសង្គ្រោះទាំងករណីជួញដូរពលកម្ម និងអំពើធ្វើអាជីវកម្មផ្លូវភេទសរុបមានចំនួន២៩៥នាក់ ក្នុងនោះអាយុក្រោម១៥ឆ្នាំមាន៨៣នាក់ អាហុពី១៥ទៅ១៨ឆ្នាំមាន៣៧នាក់ អាយុ១៨ឆ្នាំឡើងទៅមាន១៧៥ឆ្នាំ ដោយក្នុងនោះ១២១នាក់ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ច ១៧០នាក់បញ្ជូនទៅគ្រួសារ និង៤នាក់បញ្ជូនទៅអង្គការដៃគូ៕