ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឲ្យដឹងថា ក្រសួងបានណែនាំឲ្យស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ ធ្វើការដោះស្រាយជាមួយអាជ្ញាធរមានសមត្ថកិច្ចចិនក្នុងការផ្តល់ទិដ្ឋាការជូនស្ត្រីខ្មែរចំនួន៦នាក់ និងបុរសខ្មែរម្នាក់ ដើម្បីឆាប់បានវិលត្រឡប់មកកម្ពុជាវិញ។
ក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងការបរទេសឲ្យដឹងថា បច្ចុប្បន្ន មានពលរដ្ឋខ្មែរ៥នាក់ កំពុងរស់នៅក្នុងបន្ទុកស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងក្វាងចូវ បន្ទាប់ពីត្រូវបានជួយសង្គ្រោះ។
សេចក្ដីប្រកាសឲ្យដឹងដែរថា ៤នាក់ក្នុងចំណោមអ្នកទាំង៥ជាស្ត្រីដែលបានរៀបការជាមួយបុរសជនជាតិចិន ហើយមិនអាចរស់នៅជាមួយគ្នាបាន ក៏បានទៅស្ថានអគ្គកុងស៊ុលសុំឲ្យជួយបានត្រឡប់មកកម្ពុជាវិញ។ ចំណែកបុរសដែលត្រូវបានជួយសង្គ្រោះនោះជាបងប្រុសរបស់ស្ត្រីម្នាក់ក្នុងចំណោមស្ត្រីទាំង៤ ដោយបុរសនោះ បានទៅប្រទេសចិន កាលពីមេសា ឆ្នាំ ២០១៤ ធ្វើការនៅហាងលក់គ្រឿងអលង្កាអំពីថ្ម ក្នុងក្រុងឡុងយាន ខេត្តហ្វូជាន។
សេចក្ដីប្រកាសឲ្យដឹងទៀតថា ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងក្វាងចូវកំពុងអន្តរាគមន៍ធ្វើការដោះស្រាយជាមួយអាជ្ញាធរចិនដើម្បីជួយស្ត្រី២នាក់ទៀតដែលបានរៀបការជាមួយបុរសជនជាតិចិន ដោយបច្ចុប្បន្នអ្នកទាំងពីរនគរបាលទីក្រុងក្វាងចូវឃុំខ្លួន ដោយមូលហេតុស្នាក់នៅហួសការកំណត់។
ក្រសួងការបរទេស ឲ្យដឹងទៀតថា ក្រសួងក៏បានជូនព័ត៌មានដល់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ពីករណីទាំងអស់ខាងលើនេះ ដើម្បីស្រាវជ្រាវរកមេខ្យល់យកមកផ្តន្ទាទោសតាមច្បាប់៕