តុលាការកំពូលបដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី

សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង​លោក ហុង សុខហួរ ពេល​ត្រូវបានបញ្ជូនទៅតុលាការ​កំពូលកាល​ពី​ថ្ងៃ​ទី​២៦ ខែកុម្ភៈ (រូបថតដោយកាន់ វិច្ឆិកា)

តុលាការកំពូល សម្រេចតម្កល់សាលដីកាសាលាឧទ្ធរណ៍ទុកជាបានការលើបណ្តឹងសុំនៅក្រៅឃុំរបស់អតីតសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី គឺលោក ហុង សុខហួរ ដោយមូលហេតុថា ការឲ្យលោក ហុង សុខហួរនៅក្រៅឃុំនឹងបង្កភាពវឹកវរដល់សន្តិសុខសង្គម។

នៅព្រឹកនេះ ចៅក្រមតុលាការកំពូលបានប្រកាសសេចក្ដីសម្រេចលើបណ្ដឹងសាទុក្ខលោក ហុង សុខហួរ សុំនៅក្រៅឃុំ ដោយពុំមានវត្តមានរបស់ជនជាប់ចោទ។ តុលាការបានសម្រេចរក្សាសាលដីការបស់សាលាឧទ្ធរណ៍ក្នុងការបន្តឃុំខ្លួន ដោយអះអាងថា ដើម្បីរក្សាសណ្តាប់ធ្នាប់សន្តិសុខ សង្គម និងទុកជនជាប់ចោទដើម្បីបន្តការស៊ើបសួរ។

មេធាវីរបស់លោក ហុង សុខហួរ គឺ ជួង ជូងី មានប្រសាសន៍ក្រោយចេញពីសាលសវនាការថា លោកមានការសោកស្តាយចំពោះការសម្រេចរបស់តុលាការកំពូលដែលលោកថាមិនបានផ្ដល់យុត្តិធម៌ជូនកូនក្តីរបស់លោក បើទោះជាកូនក្តីលោកបានលើកពីមូលហេតុបញ្ហាសុខភាព ការដាក់តម្កល់លិខិតឆ្លងដែនទាំងបារាំងនិងខ្មែរ រួមនឹងប្រាក់ចំនួន២០លានរៀលដើម្បីសុំនៅក្រៅឃុំ។

លោក ជួង ជូងី មានប្រសាសន៍ថា៖ “ការដោះលែងគាត់នៅក្រៅឃុំគឺផ្តល់ឱកាសឲ្យគាត់ទៅចូលរួមជួយធ្វើច្បាប់នៅព្រឹទ្ធសភា ហើយគាត់គឺមិនអាចទៅធ្វើឲ្យច្របូកច្របល់ក្នុងប្រទេសកើតទេ ព្រោះគាត់គឺជាអ្នកច្បាប់ គាត់មិនមែនជាទាហាន ជាប៉ូលីស អត់អាចធ្វើឲ្យច្របូកច្របល់បានទេ”

លោក ជួង ជូងី បន្ថែមថា លោកនឹងព្យាយាមជំរុញឲ្យសាលាដំបូងកំណត់ថ្ងៃជំនុំជម្រះ ដើម្បីឲ្យលោកអាចបង្ហាញភស្តុតាងដោះបន្ទុកកូនក្តីលោក។

អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កតនៃអង្គការលីកាដូ លោក អំ សំអាត ដែលបានតាមដានករណីនេះមានប្រសាសន៍ថា ករណីលោក ហុង សុខហួរ គឺជារឿងនយោបាយដែលលោកថាមិនអាចដោះស្រាយបាននោះទេ ប្រសិនបើការចរចាររបស់អ្នកនយោបាយមិនទាន់ត្រូវគ្នា។

លោក អំ សំអាត មានប្រសាសន៍ថា៖ “យើងឃើញហើយ វាជាទម្លាប់ និងជាវប្បធម៌កន្លងមក ការទាក់ទងនឹងរឿងនយោបាយបែបហ្នឹង ហើយមានការចាប់នូវសកម្មជន ឬក៏សមាជិកព្រឹទ្ធសភា ឬក៏រដ្ឋសភារបស់គណបក្សប្រឆាំង យើងឃើញថាបើមានការចរចាផ្នែកនយោបាយត្រូវរ៉ូវគ្នាហ្នឹង គេអាចឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ឬនៅក្រៅឃុំ ប៉ុន្តែស្ថានភាពការចរចាមិនទាន់ត្រូវរ៉ូវគ្នា វាសនារបស់គាត់គឺមិនអាចនៅក្រៅឃុំបាន”

គួរបញ្ជាក់ថាលោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីពាក់កណ្ដាលខែសីហា ឆ្នាំ២០១៥ ពីរថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាឲ្យចាប់ខ្លួន ដោយចោទថាក្លែងឯកសារសន្ធិសញ្ញាកម្ពុជានិងវៀតណាមនៅឆ្នាំ១៩៧៩។ លោក ហុង សុខហួរ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស តាមការចោទប្រកាន់៣ករណីគឺបទក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយនិងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

គណបក្សសង្គ្រោះជាតិបានចាត់ទុកករណីនេះជារឿងនយោបាយ មិនមែនជាបទល្មើសជាក់ស្តែងនិងជាការសម្តែងមតិរបស់សមាជិកព្រឹទ្ធសភា ប៉ុន្តែរដ្ឋាភិបាលបានអះអាងថាជាការអនុវត្តច្បាប់៕

ចែករំលែកព័ត៌មាន
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ

ចុះឈ្មោះទទួលព្រឹត្តិបត្រព័ត៌មានវីអូឌី
តាមដានព័ត៌មាន វីអូឌី

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered