យុវជនមួយក្រុមទាមទារឲ្យលោក កឹម សុខា បកស្រាយរឿងខ្សែអាត់សំឡេង

ក្រុម​យុវជន​នាំគ្នា​តវ៉ា​មុខ​ស្នាក់ការ​គណបក្ស​សង្គ្រោះជាតិនៅ​រសៀល​ថ្ងៃ​សុក្រ​នេះ (រូបភាព​ផ្ដល់​ឲ្យ​ដោយ​លោក ប្រែង សត្យាភិរក្ស)

យុវជនមួយក្រុមដែលអះអាងថាជានិស្សិតមកពីសាកលវិទ្យាល័យនានានៅក្នុងរាជធានីភ្នំពេញទាមទារឲ្យប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ចេញមុខបកស្រាយពាក់ព័ន្ធនឹងខ្សែអាត់សំឡេងដែលត្រូវគេអះអាងថាជាការសន្ទនារវាងលោកជាមួយនារីក្មេងម្នាក់ជាស្រីស្នេហ៍។

នៅប៉ុន្មានថ្ងៃចុងក្រោយនេះមានការផ្សព្វផ្សាយតាមបណ្តាញសង្គមថាលោក កឹម សុខា មានស្នេហាលួចលាក់ជាមួយស្រីក្មេងម្នាក់ ជាមួយការបញ្ចេញសំឡេងខ្សែអាត់ជាបន្តបន្ទាប់ ដែលត្រូវគេអះអាងថាជាការឆ្លើយឆ្លងគ្នារបស់អ្នកទាំងពីរ។

នៅរសៀលថ្ងៃសុក្រនេះ យុវជនប្រមាណ១០០នាក់ដែលអះអាងថាជានិស្សិតមកពីសាកលវិទ្យាល័យនានាបាននាំគ្នាទៅដាក់ញត្តិនៅស្នាក់ការគណបក្សសង្គ្រោះជាតិក្នុងសង្កាត់ចាក់អង្រែលើ ទាមទារឲ្យលោក កឹម សុខា ចេញមុខបកស្រាយបញ្ហាពីនេះ។

តំណាងក្រុមយុវជនដែលបានដាក់ញត្តិលោក ប៉េង ភីរេន បានប្រាប់វីអូឌីថា ការដែលក្រុមលោកបានដាក់ញត្តិសុំឲ្យលោក កឹម សុខា បកស្រាយលើខ្សែអាត់សំឡេងនេះ ព្រោះក្រុមពួកលោកចង់ដឹងចម្លើយពីលោក កឹម សុខា ផ្ទាល់ថាសំឡេងនោះជាសំឡេងពិត ឬមិនពិត ដោយលោកអះអាងថា ខ្សែអាត់សំឡេងនោះបានធ្វើឲ្យប៉ះពាល់ដល់ច្បាប់ វប្បធម៌ ប្រពៃណី និងគុណធម៌សង្គម។

លោកបន្តថា ទោះបីរឿងនេះជារឿងបុគ្គល តែលោក កឹម សុខា ជាបុគ្គលសាធារណៈដែលមានឥទ្ធិពលក្នុងសង្គម ដូចនេះលោកថា បើសិនជាខ្សែអាត់សំឡេងនោះជាសំឡេងពិត នោះលោកទាមទារឲ្យលោក កឹម សុខា ទទួលខុសត្រូវ និងចេញមុខសុំទោសជាសាធារណៈ ដោយអះអាងថាដើម្បីជាគំរូល្អដល់សង្គម។

លោកបន្ថែមថា “ក្នុងសារសំឡេងនោះ ម្នាក់ស្រីនោះគាត់ថារាងចាញ់ៗ អញ្ចឹងគាត់ថាឲ្យការពារអញ្ចឹងគាត់ចង់ឲ្យយកកូនហ្នឹងចេញ បើយកកូនចេញវាបទឧក្រិដ្ឋ ស្នើហ្នឹងសម្លាប់មនុស្ស បើបទយកទារកចេញ ទី២គឺគាត់ (រំលោភច្បាប់) ឯកសម្ព័ន្ធភាព គឺបើច្បាប់ឯកព័ន្ធភាព បើបងមានស្រីសាវាអញ្ចឹងគាត់ បើសិនជាហ្នឹងជាគាត់ទោះបីជាប្រពន្ធគាត់មិនប្តឹងក៏យើងដឹងថាគាត់បានធ្វើខុសចំណុចហ្នឹង ទី៣ ដែលទាក់ទងនឹងកញ្ញា ធី សុវណ្ណថា ដែលគាត់ថាអញ្ចេះថាអញ្ចុះហ្នឹងៗ កញ្ញា ធី សុវណ្ណ ថា ប្តឹងហើយពីបទបរិហាក្កេរ៍”

លោក ប៉េង ភីរេន ឲ្យដឹងទៀតថា ប្រសិនបើលោក កឹម សុខា មិនចេញមុខបញ្ជាក់ពីបញ្ហានេះនោះទេ ក្រុមលោកនឹងនាំគ្នាទៅតវ៉ានៅក្នុងវេទិកាសាធាណៈរបស់គណបក្សសង្រ្គោះជាតិនៅខេត្តព្រះសីហនុ នាព្រឹកស្អែក។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញាឫទ្ធិ មានប្រសាសន៍ថា ការទាមទាររបស់ក្រុមយុវជនគឺសិទ្ធិសេរីភាពរបស់ពួកគេ តែលោកថា សិទ្ធិសេរីភាពនោះក៏ត្រូវមានការពិនិត្យមើលសិទ្ធិគ្នាទៅវិញទៅមកផងដែរ។ លោកថា គណបក្សសង្គ្រោះជាតិបានទទួលញត្តិនោះទៅពិចារណាហើយ ដោយលោកថា ត្រូវមានការពិនិត្យជាមុនសិនជាមួយក្រុមអ្នកដឹកនាំ។

អ្នកវិភាគឯករាជ្យលោក អ៊ូ វីរៈ យល់ថា ប្រសិនបើការដាក់ញ្ញាត្តិនេះចេញពីអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនោះជារឿងត្រឹមត្រូវ ដោយលោកថា អ្នកគាំទ្រគណបក្សនេះខ្លះគាត់ចង់ដឹងពីការបកស្រាយរបស់លោក កឹម សុខា។ ទោះយ៉ាងណា លោកថា ប្រសិនបើការដាក់ញតិ្តនេះចេញពីអ្នកដែលមិនគាំទ្រលោក កឹម សុខា នោះលោកចាត់ទុកករណីនេះជារឿងនយោបាយ ដែលលោកគិតថា ជារឿងឥតប្រយោជន៍ និងមិនអាចធ្វើឲ្យប៉ះពាល់ប្រជាប្រិយភាពរបស់លោក កឹម សុខា បានទេ។ លោកបន្តថា ប្រសិនបើលោក កឹម សុខា ធ្វើការបកស្រាយលើករណីនេះ នឹងធ្វើឲ្យរឿងនេះកាន់តែវែងឆ្ងាយ។

លោកបន្ថែមថា “ប្រសិនជាគាត់បកស្រាយខ្ញុំយល់ថារឿងនេះវាបន្តកាន់តែវែង តែប្រសិនជាគាត់កុំឲ្យឆ្លើយតបរឿងហ្នឹងនឹងបាត់ទៅវិញ។ គណបក្សប្រជាជនគាត់មិនហ៊ានលូកដៃច្រើនណាស់ដែរ ព្រោះអីបើសិនជាគាត់លូកដៃ គាត់យករឿងហ្នឹងមកករកូករកាយ វាធ្វើឲ្យអាចប៉ះពាល់ដល់គណបក្សប្រជាជនដែរ ព្រោះអីគណបក្សប្រជាជនមានរឿងដែលត្រូវច្រើនជាងពីដើមមកក្នុងរឿងទាក់ទងនឹងរឿងមានស្រីញីគាត់មានស្រីច្រើនជាងតាំងពីរឿង ពិសិដ្ឋ ពិលីកា រឿង តាត ម៉ារីណាអី សុទ្ធតែជារឿងដែលខ្ញុំមើលទៅគាត់មានការលំបាក ខ្ញុំគិតថា គណបក្សប្រជាជនគាត់មិនហ៊ានលេងល្បែងហ្នឹងទេ”

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ពោលកាលពីមុនបោះឆ្នោតឆ្នាំ២០១៣ ក៏មានស្រ្តីម្នាក់ចេញមុខអះអាងថាជាប្រពន្ធក្រៅច្បាប់របស់លោក កឹម សុខា ដែរ។ កាលណោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងវាយប្រហារចំៗទៅលើលោក កឹម សុខា ចំពោះករណីនោះ។ ប៉ុន្តែក្រោយមកករណីនោះត្រូវបានស្ងាត់ទៅវិញនៅពេលលោក កឹម សុខា និងគណបក្សសង្រ្គោះជាតិមិនធ្វើការឆ្លើយតប ដោយចាត់ទុកថាជាល្បិចនយោបាយរបស់បក្សកាន់អំណាច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered