អតីតប្រធានអង្គភាពស៊ើបអង្កេតសម្ងាត់បទល្មើសព្រហ្មទណ្ឌនៃនគរបាលហុងកុងថ្លែងថាអំពើហិង្សានឹងអាចកើតមានឡើងថែមទៀតខណៈនគរបាលព្រមានបាញ់គ្រាប់ពិតលើក្រុមអ្នកតវ៉ាលើដងផ្លូវ។
កាលពីថ្ងៃអង្គារម្សិលមិញនគរបាលបង្ក្រាបកុបកម្មព្រមានបាញ់ប្រហារលើអ្នកតវ៉ានៅពេលដែលអាជ្ញាធរព្យាយាមបណ្តេញអ្នកលក់ដូរតាមដងផ្លូវចាប់ពីបុណ្យចូលឆ្នាំចិនកាលពីខែមុនមក។ ការប៉ះទង្គិចគ្នាកាលពីម្សិលមិញនេះជាហិង្សាអាក្រក់បំផុតចាប់ពីការបំបែកអ្នកបាតុកម្មគាំទ្រឲ្យមានលទ្ធិប្រជាធិបតេយ្យក្នុងការដឹកនាំកាលពីឆ្នាំ២០១៤មក។ នេះបើតាមសារព័ត៌មាន Channel News Asia។
ហិង្សាម្សិលមិញនោះគឺនគរបាលប្រមាណ១០០នាក់បានទទួលរងរបួស ហើយមនុស្ស៧៥នាក់ត្រូវបានឃាត់ខ្លួន និង៤៨នាក់ប្រឈមនឹងការចោទប្រកាន់ពីបទបង្កកុបកម្ម។
ចលនាមហាជនមិនស្តាប់បង្គាប់ដើរតវ៉ាកាន់តែធំឡើងៗ ហើយនៅពេលនេះក្រុមអ្នកតវ៉ាបានរៀបចំយុទ្ធនាការគៀគរតាមអ៊ិនធើណែត ត្រៀមម៉ាស់ ត្រៀមសម្ភារផ្សេងៗការពារពីការបង្ក្រាបរបស់សមត្ថកិច្ច។ លោក Steve Vickers បច្ចុប្បន្នអ្នកជំនាញប្រឹក្សាយោបល់ពីបញ្ហាប្រឈមថ្លែងថាលោកជឿជាក់ថានគរបាលនឹងត្រូវធ្វើការងារលំបាកជាច្រើនជាមួយអ្នកបង្កបញ្ហាក្នុងឧប្បត្តិហេតុដែលអាចកើតមានជាថ្មីទៀត៕