រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយឥតសំណងសរុបជាទឹកប្រមាណជាង២៦ម៉ឺនដុល្លារសម្រាប់គម្រោងស្តារប្រព័ន្ធធារាសាស្ត្រក្នុងខេត្តបាត់ដំបង និងស្វាយរៀង ព្រមទាំងគម្រោងសាងសង់មជ្ឈមណ្ឌលសហគមន៍កសិកម្មក្នុងខេត្តព្រះវិហារ។
កិច្ចសន្យាផ្ដល់ជំនួយជាទឹកប្រាក់សរុប២៦៣ ៦៥៥ដុល្លារនេះត្រូវបានចុះហត្ថលេខានៅរសៀលថ្ងៃទី១០ ខែមីនា ដោយឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជាលោក គូម៉ាម៉ារ៉ូ យូជិ និងតំណាងស្ថាប័នទទួលជំនួយមកពីខេត្តទាំង៣។
យោងតាមសេចក្ដីប្រកាសព័ត៌មានស្ថានទូតជប៉ុន ជំនួយដែលប្រទេសជប៉ុនផ្ដល់ឲ្យនេះនឹងត្រូវចំណាយលើគម្រោងទាំង៣រួមមាន គម្រោងស្ដារឡើងវិញប្រព័ន្ធធារាសាស្ត្រប្រឡាយយោធាក្នុងខេត្តបាត់ដំបង ដោយនឹងចំណាយថវិកាអស់៨៩ ៣៩២ដុល្លារ គម្រោងស្ដារឡើងវិញប្រព័ន្ធធារាសាស្ត្រប្រឡាយទំនប់លោកក្នុងខេត្តស្វាយរៀង ដោយគ្រោងចំណាយថវិកា៨៩ ៦០១ដុល្លារ និងគម្រោងសាងសង់មជ្ឈមណ្ឌលសហគន៍កសិកម្មក្នុងខេត្តព្រះវិហារ ចំណាយថវិកា៨៤ ៦៦២ដុល្លារ។
ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា លោក កូម៉ាម៉ារ៉ូ យូជិ បានថ្លែងក្នុងពិធីចុះហត្ថលេខានោះថា លោកសង្ឃឹមថាគម្រោងទាំង៣នេះនឹងត្រូវបានអនុវត្តន៍យ៉ាងរលូន និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយលោកក៏សង្ឃឹមដែរថា សំណង់ធារាសាស្ត្រ និងមជ្ឃមណ្ឌលសហគមន៍ទាំងនេះនឹងត្រូវបានថែទាំ ដើម្បីឲ្យប្រជាជនកាន់តែច្រើនអាចទទួលបានអត្ថប្រយោជន៍ពីគម្រោងទាំងនេះ។
បើតាមលោក កូម៉ាម៉ារ៉ូ យូជិ គម្រោងទាំងបីនេះនឹងជួយសម្រួល និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាដែលជាប្រជាកសិករចំនួន៣២៥០នាក់៕