នៅប៉ុន្មានឆ្នាំនេះគេសង្កេតឃើញទាំងយុវជន ទាំងមនុស្សវ័យចំណាស់ រួមទាំងអ្នកនយោបាយផងបានប្រើប្រាស់បណ្តាញសង្គមសម្រាប់ចែករំលែកព័ត៌មានពីទំនាក់ទំនងផ្ទាល់ខ្លួន ព្រឹត្តិការណ៏សង្គម និងការផ្ញើសារនយោបាយ។
ព័ត៌មាននៅលើបណ្តាញសង្គមនេះគេសង្កេតឃើញមានមតិចម្រុះគ្នាទាំងអ្នកគាំទ្ររដ្ឋាភិបាលទាំងអ្នកគាំទ្របក្សប្រឆាំង។
នៅពេលថ្មីៗនេះទៀតសោតពេលមានព័ត៌មានក្នុងស្រុកខ្លះផ្សព្វផ្សាយពីការបែកធ្លាយការសន្ទនាតាមទូរសព្ទជាលក្ខណៈផ្ទាល់ខ្លួនថាប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា មានស្រីកំណាន់ចិត្ត។
អ្នកប្រើប្រាស់បណ្តាញសង្គមខ្លះបានបង្ហោះរូបភាពលោក កឹម សុខា និងស្រីកំណាត់ចិត្តនោះចែកចាយតៗគ្នាលើហេ្វសប៊ុករបស់ពួកគេ។ ចំណែកអ្នកខ្លះទៀតបានបង្ហាញរូបភាពថាលោក ហ៊ុន សែន ក៏ធ្លាប់មានស្រីកំណាន់ចិត្តជាមួយអ្នកសី្រ ពីសិដ្ឋ ពីលីកា។
អ្នកលេងហ្វេសប៊ុកខ្លះទៀតក៏បានរិះគន់ថាព្រឹត្តិការណ៍ទាំងនេះជាការបង្ហែស្ថានការណ៍មិនឲ្យសាធារណជនងាកទៅចាប់អារម្មណ៍ពីបញ្ហាអាយុជីវិតជាតិដែលត្រូវដោះស្រាយដូចជាបញ្ហាព្រំដែន បទល្មើសព្រៃឈើ ភាពអត់ការងារធ្វើ ចំណាកស្រុកខុសច្បាប់ អន្តោប្រវេសន៍ អយុត្តិធម៌សង្គមជាដើម។
តើបណ្តាញសង្គមមានឥទ្ធិពលអ្វីខ្លះទៅលើមេដឹកនាំកំពូល? ហើយអ្នកប្រើប្រាស់បណ្តាញសង្គមនេះបានជួយអ្វីខ្លះ ដល់ការជំរុញឲ្យមានយុត្តិធម៌សង្គម?
ប្រធានបច្ចេកវិទ្យាសារព័ត៌មាននិងសារទូគមនាគមន៍នៅមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សលោក ង៉ែត ម៉ូសេ លើកឡើងថាបណ្តាញសង្គមពិតជាបានជួយជំរុញឲ្យមានយុត្តិធម៌ក្នុងសង្គមនិងជួយបំពេញចន្លោះប្រហោងដល់រដ្ឋាភិបាលភិបាលដោយលោកលើកឧទាហរណ៍ថា កន្លងទៅតាមរយៈរិះគន់របស់អ្នកប្រើប្រាស់បណ្តាញសង្គម លោកថាឲ្យរដ្ឋាភិបាលបានសម្រេចចិត្តកែប្រែក្លោងទ្វារចូលទៅកម្មវិធីអង្គរសង្ក្រានដែលធ្វើឡើងនៅខេត្តសៀមរាប។
ការរិះគន់ពីការអនុវត្តច្បាប់មិនស្មើគ្នារវាងលោក សុខ ប៊ុន ដែលប្រើហិង្សាទៅលើកញ្ញា សាសា និងការអនុវត្តច្បាប់ ទៅលើអតីតអភិបាលក្រុងបាវិតលោក ឈូក បណ្ឌិត ដែលបាញ់កម្មការីនី៣នាក់ឲ្យរងរបួស។ ទីបំផុតលោកថា តាមរយៈនៃការប្រៀបធៀបនេះជនដៃដល់ទាំងពីរបានធ្វើឲ្យទណ្ឌិត ឈូក បណ្ឌិត ចេញមុខទទួលទោសចំពោះមុខច្បាប់នៅពេលនោះ ហើយស្រ្តីដែលរងរបួសទទួលបានយុត្តិធម៌តាមសាលដីការបស់តុលាការ។
លោក ង៉ែត ម៉ូសេ ឲ្យដឹងទៀតថាពិសេសជាងនេះទៅទៀតនៅដើមឆ្នាំ២០១៦នេះបណ្តាញសង្គមបានរិះគន់ច្រើនពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោលថ្មីលោកថាពេលនោះលោកនាយករដ្ឋមន្ត្រីបានបង្ខំចិត្តឆ្លើយតបទៅនឹងសំណូមពររបស់ពលរដ្ឋទាំងមិនទាន់ធ្វើវិសោធនកម្មច្បាប់។ លោកថាសកម្មភាពនេះអាចបង្ហាញថាអ្នកប្រើប្រាស់បណ្តាញសង្គមជួយជំរុញយុត្តិធម៌ក្នុងសង្គមផងនិងមានឥទ្ធិពលទៅលើអ្នកនយោបាយផងដែរ។
លោកថា៖ “គណបក្សប្រជាជនមិនដែលចាប់អារម្មណ៍រឿងហ្វេសប៊ុកទេកាលពីមុនមកនោះ ហើយនាយករដ្ឋមន្ត្រីក៏គាត់ធ្លាប់ប្រកាសដែរថាគាត់មិនដែលមានហ្វេសប៊ុកអាខោន(account)អីទេទាំងពីកូនស្រីគាត់អីម៉ាចំនួនទៅ។ ប៉ុន្តែនិន្នាការហ្នឹង វាកាន់តែច្រើនទៅៗនៅលើបណ្តាញសង្គមហ្នឹងប្រជាពលរដ្ឋចាប់ផ្តើមអាហ្នឹងច្រើនទៅគឺពួកគាត់ផ្លាស់ប្តូរអាទម្លាប់ពួកគាត់។ មិនត្រឹមប៉ុណ្ណឹងទេប្រាប់មន្ត្រីរបស់គាត់ហ្នឹងឲ្យប្រើបណ្តាញសង្គមហ្នឹងនិងកម្មវិធីមួយចំនួនទៀតអញ្ចឹងយើងឃើញថា ការផ្លាស់ប្តូរហ្នឹងគឺប្រជាពលរដ្ឋចាប់អ្នកនយោបាយឲ្យមកស្លាប់វិញ”។
នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មានលោក មឿន ឈានណារិទ្ធ លើកឡើងថាអ្នកប្រើប្រាស់បណ្តាញសង្គមបានជួយឲ្យដឹងព័ត៌មានពីសង្គមច្រើនជាងមុខខណៈដែលកាសែត វិទ្យុ និងទូរទស្សន៍ខ្លះមិនហ៊ានផ្សាយព័ត៌មានទាំងនោះ។
លោកថា៖ “ខ្ញុំគិតថាវាអាចជួយនៅពេលចែករំលែកផ្សព្វផ្សាយទៅអាចធ្វើឲ្យអំពើអយុត្តិធម៌ហ្នឹងអាចកាត់បន្ថយដែរ ឬអ្នកដែលបំរុងប្រព្រឹត្តិអំពើអយុត្តិធម៌ហ្នឹងគាត់រារែកដោយសារតែឥឡូវនេះដូចសុភាសិតខ្មែរថាបើដំរីស្លាប់យើងមិនអាចយកចង្អេរទៅបាំងបានទេ។ អញ្ជឹងបណ្តាញផ្សព្វផ្សាយសង្គមនេះសុភាសិតខ្មែរអាចឆ្លុះបញ្ចាំងបានអ្វីដែលកើតឡើងក្នុងសង្គមគឺយើងលែងបិទបាំងបានទៀតហើយ”។
ប៉ុន្តែលោក ង៉ែត ម៉ូសេ ថាបើអ្នកប្រើប្រាស់បណ្តាញសង្គមនោះគ្មានជំហរច្បាស់លាស់គ្មានមនសិការជាតិ ផ្សាយព័ត៌មានមិនពិតគ្មានក្រមសីលធម៌លោកថាមិនបានជួយអ្វីដល់សង្គមទេ។
គេនៅចាំបានថាកាលពីចុងឆ្នាំ២០១៥បាតុករដែលគាំទ្រគណបក្សប្រជាជនកម្ពុជាបានវាយដំអ្នកតំណាងរាស្ត្របក្សប្រឆាំងពីររូបឲ្យរងរបួសធ្ងន់ជាប់របងរដ្ឋសភា។
ក្រោយមកលោកនាយករដ្ឋមន្ត្រីបានអំពាវនាវឲ្យជនដៃដល់ចេញមុខទទួលទោសចំពោះមុខច្បាប់នៅគ្រាដែលបណ្តាញសង្គមបានបង្ហោះវីដេអូនិងរូបភាពជនដៃដល់ដែលគេស្គាល់ថាជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា។
ប៉ុន្តែជនដៃដល់ជាង១០នាក់ដែលបង្ហាញមុខនៅក្នុងវីដេអូលើបណ្តាញសង្គមនោះមានតែ៣នាក់ប៉ុណ្ណោះចេញសារភាព។
លោក មឿន ឈានណារិទ្ធ ឲ្យដឹងទៀតថាការដែលប្រមុខរាជរដ្ឋាភិបាលដកផ្លូវមួយចំនួនមកគ្រប់គ្រងវិញនិងប្រកាសចាត់វិធានការប្រឆាំងអំពើពុករលួយមួយចំនួនទៀតនាពេលថ្មីនេះ លោកអាចជាឥទ្ធិពលរបស់ក្រុមអ្នកប្រើប្រាស់សង្គម។
លោកថា៖ “នៅពេលដែលមានព័ត៌មានសង្គមថ្នាក់ដឹកនាំគាត់អាចទទួលបានព័ត៌មានផ្ទាល់ពីប្រជាពលរដ្ឋ ហើយគាត់អាចឆ្លើយតបបានដោយផ្ទាល់ហើយខ្ញុំជឿថារដ្ឋាភិបាលដែលគាត់សម្រេចចិត្តមិនឲ្យយកលុយបង់ពន្ធផ្លូវលេខ៤ជាដើមហ្នឹងគឺដោយសាតែគាត់ឃើញថាមានតម្រូវការកាន់តែច្រើនឡើងតាមរយៈប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាញសង្គមនេះ”។
កន្លងទៅថ្មីៗនេះតាមរយៈនៃការបង្ហោះរូបភាពរថយន្តដឹកទំនិញលើសទម្ងន់ឡើងស្ពានអ្នកលឿងមានការរិះគន់និងត្អូញត្អែរពីការពិបាកក្នុងការបំពេញបែបបទធ្វើស្លាកលេខនិងប័ណ្ណសម្គាល់យានយន្ត គេសង្កេតឃើញលោកនាយករដ្ឋមន្ត្រី ប្រកាសតាមហ្វេសប៊ុករបស់លោកឲ្យសមត្ថកិច្ចតាមចាប់ខ្លួនក្រុមហ៊ុនដែលបានបង្កឲ្យខូចស្ពានអ្នកលឿនមកផ្តន្ទាទោស និងស្តីបន្ទោសក្រសួងសាធារណការថា ជាក្រសួងស្ពឹកស្រពន់និងព្រមានរុះរើគណៈរដ្ឋមន្ត្រី។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី លើកឡើងថាការប្តូរឥរិយាបទថ្មីៗរបស់មេដឹកនាំបច្ចុប្បន្ននេះ លោកថាបណ្តាញសង្គមពិតជាអាចធ្វើឲ្យមេដឹកនាំមួយដែលមិនសូវទទួលយកការរិះគន់ហើយងាកមកធ្វើកំណែទម្រង់ឆ្លើយតបទៅនឹងសំណូមពរបស់ប្រជាពលរដ្ឋតាមរយៈមានហ្វេកប៊ុកផ្ទាល់ខ្លួន លោកថាពិតជារឿងចម្លែកមួយដែលមិនអាចមើលរំលងពីឥទ្ធិពលនៃអ្នកចូលរួមប្រើបណ្តាញសង្គម។
លោកថា៖ “ពីដើមមកអ្នកដឹកនាំច្រើនគិតថាបណ្តាញហ្វេសប៊ុកសង្គមជាក្រុមប្រឆាំង។ ប៉ុន្តែអ្វីដែលយើងរបស់នាយករដ្ឋមន្ត្រីក្នុងសង្គមហ្វេសប៊ុកនឹងបង្ហាញឲ្យយើងឃើញថាសំឡេងហ្វេសប៊ុកទាំងឡាយបានជ្រាបដល់ថ្នាក់ដឹកនាំហើយ ។ អញ្ចឹងហើយបានជាអ្នកដឹកនាំនូវមិនស្ងៀមត្រូវតែធ្វើការឆ្លើយតបតាមហ្វេសប៊ុក។ ក្នុងកាលៈទេសៈហ្នឹងវាជួយច្រើនណាស់សម្រាប់ឲ្យសំទ្បេងមហាជនអ្នកដែលមានបញ្ហាហ្នឹងត្រូវបានគេដឹងឮដោយអ្នកដឹកនាំប្រទេសបាទជារឿងសំខាន់”។
បើទោះបីអ្នកប្រើប្រាស់បណ្តាញសង្គមត្រូវបានគេមើលឃើញថាមានឥទ្ធិពលទៅលើអ្នកនយោបាយនិងជួយជំរុញយុត្តិធម៌សង្គមក៏ដោយក៏គេប្រទះឃើញថាអ្នកប្រើប្រាស់បណ្តាញសង្គមខ្លះត្រូវបានរដ្ឋាភិបាលចាប់ដាក់ពន្ធនាគារដោយចោទថាអ្នកទាំងនោះជេរប្រមាថ។
ទោះជាយ៉ាងណាបច្ចុប្បន្ននេះទាំងមេដឹកនាំគណបក្សកាន់អំណាចនិងមេដឹកនាំគណបក្សប្រឆាំងបានបង្កើតកម្មវិធីផ្សាយផ្ទាល់តាមបណ្តាញសង្គមរាល់ពេលថ្នាក់ដឹកនាំរបស់ពួកគេចុះសម្ពោធសមិទ្ធផលនានាពិសេសសកម្មភាពចុះសម្ពោធសមិទ្ធផលនានារបស់លោកនាយករដ្ឋមន្ត្រីនិងចុះធ្វើវេទិកាសាធារណៈរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិរបស់លោក កឹម សុខា និងលោក សម រង្ស៊ី នៅថ្នាក់មូលដ្ឋាន។
ដែលការផ្សាយផ្ទាល់នោះត្រូវបានគេមើលឃើញថាមេដឹកនាំកំពូលទាំងពីរគណបក្សបក្សបានផ្ញើសារនយោបាយទៅកាន់ ម្ចាស់ឆ្នោតក្នុងយុទ្ធនាការរកសំឡេងគាំទ្រសម្រាប់កាបោះឆ្នោតយកតំណែងជានាយករដ្ឋមន្ត្រី។
យ៉ាងណាក៏ដោយទាំងអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមនិងអ្នកសិក្សាផ្នែកសារព័ត៌មានយល់ឃើញប្រហាក់ប្រហែកគ្នាថាអ្នកប្រើប្រាស់បណ្តាញសង្គមបានចូលរួមមួយផ្នែកធំក្នុងការជំរុញឲ្យមានអភិបាលកិច្ចល្អនិងប្រជាធិបតេយ្យទាំងនៅកម្ពុជាទាំងនៅលើប្រទេសមួយចំនួនលើពិភពលោក។
ប៉ុន្តែពួកគេថាបើអ្នកនយោបាយកំពុងគ្រប់គ្រងអំណាចប្រើរូបភាពគំរាមកំហែងឬចាប់អ្នកបញ្ជេញមតិនៅលើបណ្តាញសង្គម ដាក់ពន្ធនាគារ ពួកគេថាអ្នកនយោបាយនោះនឹងមិនបានជ័យជំនះដូចការរំពឹងទុកក្នុងការឆ្ពោះទៅការពារតំណែង ជានាយករដ្ឋមន្ត្រីនៅពេលបោះឆ្នោតទេ៕