រដ្ឋាភិបាលសម្រេចឲ្យក្រសួងការពារជាតិជ្រើសរើសពលទាហានចំនួន៥០០នាក់ ដោយមន្រ្តីក្រសួងអះអាងថាការជ្រើសរើសនេះមិនមែនជាការជ្រើសរើសបន្ថែមនោះទេ។
នៅក្នុងសេចក្តីសម្រេចមួយចុះថ្ងៃទី១១ខែមករា ឆ្នាំ២០១៦ដែលវីអូឌីទើបតែទទួលបាន រដ្ឋាភិបាលបានបញ្ជាក់ថាការជ្រើសរើសនោះសម្រាប់បំពេញក្របខ័ណ្ឌឲ្យបញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ។ សេចក្តីសម្រេចបញ្ជាក់ថារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ត្រូវទទួលបន្ទុកការអនុវត្តសេចក្តីសម្រេចនេះចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ ប្រាប់វីអូឌី(VOD)នៅថ្ងៃពុធនេះថាការជ្រើសរើសពលទាហានសម្រាប់កងកាំភ្លើងធំគឺដើម្បីបំពេញទៅនឹងចំនួនទាហានដែលចូលនិវត្តន៍ អ្នកខូចកាយសម្បទា និងអ្នកដែលបានទទួលមរណភាពជាដើម។ លោកបន្តថាសព្វថ្ងៃនេះ ក្រសួងកំពុងផ្សព្វផ្សាយជ្រើសរើសពលទាហានទាំងនោះ។
លោកមានប្រសាសន៍ថាចាប់តាំងពីឆ្នាំ១៩៩៨រហូតមកដល់ពេលនេះ ក្រសួងការពារជាតិមិនដែលជ្រើសរើសពលទាហាននោះទេ។ លោកបញ្ជាក់ថា៖ “វាមិនមានអ្វីប្លែកព្រោះកងកាំភ្លើងធំនេះយើងទើបរើសលើកនេះទេ កន្លងមកយើងអត់ដែលរើសទេ ហើយទ័ពយើងមានការខ្វះខាត ចាស់ ចូលនិវត្តន៍ របួស ពិការ មរណៈ”។
អ្នកនាំពាក្យរូបនោះបន្ថែមថាបេក្ខជននិងបេក្ខនារីដែលអាចដាកពាក្យចូលបម្រើការងារនេះបានត្រូវមានកាយសម្បទាមាំមួននិងមានកម្រិតវប្បធម៌ត្រឹមសញ្ញាបត្របាក់ឌុបនិងពូកែផ្នែកគណិតវិទ្យា។ លោកបានបញ្ជាក់ថាការជ្រើសរើសនេះមិនឆ្លងកាត់ការប្រឡងទេ ប៉ុន្តែលោកថាត្រូវឆ្លងកាត់ការវាយតម្លៃពីគណៈកម្មការរបស់ក្រសួង។ លោកមានប្រសាសន៍ថា៖ “យើងពិនិត្យគណៈកម្មការលោកសម្រេចលើលក្ខណៈកាយសម្បទា អាហ្នឹងមិនប្រឡងក៏ដូចជាប្រឡងដែរ ព្រោះអីយើងពិនិត្យលើលក្ខណៈសម្បត្តិបេក្ខជននិងប្រវត្តិរូបបាទ”។
គួរបញ្ជាក់ថាថ្មីៗនេះ រដ្ឋាភិបាលទើបសម្រេចដំឡើងប្រាក់បំណាច់មុខងារដល់យោធិននៃកងយោធពលខេរភូមិន្ទ ដោយអះអាងថាដើម្បីធានាបាននូវប្រសិទ្ធភាពនិងបង្កើនផលិតភាពការងារ ដែលការដំឡើងនេះនឹងអនុវត្តចាប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦៕ ដោយ ស៊ុន ណារិន និងទូច សុខា