សាលាឧទ្ធរណ៍ នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងទុកជាបានការដែលមិនអនុញ្ញាតឲ្យសកម្មជនគណបក្សសង្រ្គោះជាតិ លោក មាជ សុវណ្ណារ៉ា ចេញទៅព្យាបាលនៅក្រៅប្រទេសនិងលើកពេលសវនាការបណ្តឹងចំនួនពីររបស់មេធាវីសកម្មជនបក្សប្រឆាំងទៅធ្វើនៅខែក្រោយបន្តទៀត។
មេធាវីម្នាក់ក្នុងចំណមមេធាវីការពារក្តីឲ្យសកម្មជនទាំង១១នាក់នោះ គឺ លោក សំ សុគង់ ប្រាប់វីអូឌី(VOD)ថានៅព្រឹកនេះចៅក្រមសាលាឧទ្ធរណ៍បានលើកយកសំណុំរឿងចំនួនបីមកជំនុំជម្រះ។ លោកថា សំណុំរឿងទី១ គឺលោក មាជ សុវណ្ណារ៉ា ប្តឹងឧទ្ធរណ៍ទាស់នឹងសេចក្តីសម្រេចរបស់ចៅក្រមសាលាដំបូងដែលមិនអនុញ្ញាតឲ្យលោកចេញទៅព្យាបាលជំងឺនៅក្រៅប្រទេស។ ទី២ បណ្តឹងឧទ្ធរណ៍ទាក់ទងនឹងមោឃភាពនីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញក្នុងសំណុំរឿងអ្នកទាំង១១នាក់និងទី៣ បណ្តឹងប្រឆាំងនឹងសាលក្រមរបស់ចៅក្រមសាលាដំបូងដែលបានផ្តន្ទាទោសអ្នកទាំងនៅម្នាក់ៗពី៧ទៅ២០ឆ្នាំ។
លោកបន្តថានៅព្រឹកនេះចៅក្រមសាលាឧទ្ធរណ៍បានជំនុំជម្រះតែបណ្តឹងសុំទៅព្យាបាលនៅក្រៅប្រទេសរបស់លោក មាជ សុវណ្ណារ៉ា តែប៉ុណ្ណោះ។ ដោយឡែក លោកថា បណ្តឹងពីរទៀតត្រូវតុលាការសម្រេចលើកពេលសវនាការទៅខែក្រោយទៀត។
លោកបន្ថែមថា៖ “នៅតុលាការក្រុងហ្នឹង លោក មាជ សុវណ្ណារ៉ា បានសុំទៅតុលាការទៅព្យាបាល(នៅក្រៅប្រទេស) ដោយគាត់មានសំបុត្រពេទ្យ មានអីអ៊ីចឹងទៅណា តែតុលាការក្រុងគាត់អត់អនុញ្ញាតទេអ៊ីចឹងហើយបានមាជ សុវណ្ណារ៉ា ប្តឹងមកសាលាឧទ្ធរណ៍ ហើយបានគេកាត់រឿងហ្នឹង ហើយចុងក្រោយហ្នឹងសាលាឧទ្ធរណ៍សម្រេចទុកសាលក្រមសាលាដំបូងទុកជាបានការ”។
គួរបញ្ជាក់ថាកាលពីខែកក្កដា ឆ្នាំ២០១៥ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសសកម្មជនទាំង១១នាក់របស់គណបក្សសង្គ្រោះជាតិឲ្យជាប់ពន្ធនាគារម្នាក់ៗពី៧ទៅ២០ឆ្នាំក្រោមបទចោចូលរួម និងដឹកនាំកុប្បកម្មនៅក្បែរទីលានប្រជាធិបតេយ្យកាលពីខែកក្កដា ឆ្នាំ២០១៤៕