អគ្គនាយកប្រតិបត្តិនៃផ្សារមូលបត្រដ៏ធំមួយនៅអូស្រ្តាលី ASX (Australia Securities Exchange) បានលាលែងពីតំណែងភ្លាមៗ ខណៈលោកកំពុងរងការស៊ើបអង្កេតពីបទសូកប៉ាន់ទឹកប្រាក់២០ម៉ឺនដុល្លារអូស្ត្រាលី (ប្រមាណ១៥២០០០ដុល្លារអាមេរិក) ទៅគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំឡុងពេលលោកធ្វើជានាយកប្រតិបត្តិនៃក្រុមហ៊ុនល្បែងមួយឈ្មោះTabcorp។ នេះបើតាមសារព័ត៌មានអន្តរជាតិជាច្រើនដែលបានចុះផ្សាយនៅថ្ងៃទី២១ ខែមីនា។
សារព័ត៌មាន ABC អន្តរជាតិ និងសារព័ត៌មានមួយចំនួនទៀតបានផ្សាយថា នាយកប្រតិបត្តិនៃក្រុមហ៊ុន ASX លោក Elmer Funke Kupper បានលាលែងពីក្រុមហ៊ុនភ្លាមៗនៅថ្ងៃចន្ទនេះ បន្ទាប់ពីលោកត្រូវបានគេស៊ើបអង្កេតទៅលើករណីថា លោកបានដឹងច្បាស់ពីការសូកប៉ាន់ប្រាក់ចំនួន២០ម៉ឺនដុល្លារដុល្លារអូស្ត្រាលីរបស់ក្រុមហ៊ុន Tabcorp ទៅឲ្យក្រុមគ្រួសារលោក ហ៊ុន សែន។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន ABC អន្តរជាតិបានឲ្យដឹងថា ការលាលែងពីតំណែងនេះគឺដើម្បីទុកពេលវេលាគ្រប់គ្រាន់ឲ្យនគរបាលសហព័ន្ធអូស្រ្តាលីធ្វើការស៊ើបអង្កេត ហើយតំណែងរបស់លោកនឹងជំនួសដោយប្រធានក្រុមហ៊ុនគឺលោក Rick Holliday-Smith។
វីអូឌីមិនអាចទាក់ទងសុំការឆ្លើយតបពីមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផានបាននៅឡើយទេ។ ទោះបីជាយ៉ាងណា លោកបានធ្វើការច្រានចោលការចោទប្រកាន់ពីការពាក់ព័ន្ធរបស់គ្រួសារនាយករដ្ឋមន្ត្រីទៅនឹងការសូកប៉ាន់ នៅពេលសារព័ត៌មានក្នុងស្រុកមួយចំនួនបានរាយការណ៍ពីការចោទប្រកាន់លើក្រុមហ៊ុនTabcorpកាលពីសប្ដាហ៍មុន ដោយលោកចាត់ទុកថា ព័ត៌មាននោះគ្មានមូលដ្ឋាន។
បើតាមសារព័ត៌មានអន្តរជាតិជាច្រើន ក្នុងឆ្នាំ២០១០ ពេលលោក Funke Kupper ជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនហ្គេម Tabcorp ក្រុមហ៊ុននេះបានចំណាយប្រាក់២០ម៉ឺនដុល្លារអូស្ត្រាលីទៅឲ្យគ្រួសារលោកនាយករដ្ឋមន្រ្តី ហ៊ុនសែន ដើម្បីទទួលបានអាជ្ញាប័ណ្ណបើកការភ្នាល់ល្បែងតាមប្រព័ន្ធអ៊ីនធើណែតនៅក្នុងប្រទេសកម្ពុជា៕