ប្រធានគណបក្សថ្មីមួយបានបន្តប្តឹងរដ្ឋមន្ត្រីក្រសួងការបរទេសទៅសាលាឧទ្ធរណ៍ចំពោះសំណុំរឿងបរិហារកេរ្តិ៍បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញសម្រេចតម្កល់ឥតចាត់ការបណ្តឹងមួយនេះ។
កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ ព្រះរាជអាជ្ញារង លោក មាស ច័ន្ទពិសិដ្ឋ បានជូនដំណឹងទៅលោកសួន សេរីរដ្ឋាពីការតម្កល់ឥតចាត់ការបណ្តឹងរបស់លោកទាក់ទងនឹងការប្តឹងចោទប្រកាន់រដ្ឋមន្ត្រីក្រសួងការបរទេសលោក ហោ ណាំហុង ពីបទបរិហារកេរ្តិ៍។ សាលាដំបូងបានទុករយៈពេល៦០ថ្ងៃសម្រាប់លោក សួន សេរីរដ្ឋា ប្តឹងឧទ្ធរណ៍ទាស់នឹងការសម្រេចនេះ។
ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ប្រាប់វីអូឌី(VOD)ថាលោកបានទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកមិញ ដើម្បីបំពេញឯកសារប្តឹងឧទ្ធរណ៍ទាស់នឹងការសម្រេចតម្កល់បណ្តឹងរបស់លោកមិនចាត់ការ។ លោកបន្តថាលោកបានផ្តិតមេដៃនិងបំពេញសំណុំរឿងនៅសាលាដំបូងដើម្បីអនុញ្ញាតឲ្យសាលាដំបូងបញ្ជូនសំណុំរឿងរបស់លោកទៅសាលាឧទ្ធរណ៍។
លោក សួន សេរីរដ្ឋា ឲ្យដឹងទៀតថាលោកប្តឹងលោក ហោ ណាំហុង ពីបទបរិហារកេរ្តិ៍នេះ គឺដើម្បីរក្សាកិត្តិយសរបស់គណបក្សក៏ដូចជាសកម្មជនរបស់គណបក្ស ដោយលោកថាគណបក្សនេះមិនមានជាភេរវជន ដូចការលើកឡើងរបស់លោក ហោ ណាំហុង កាលពីដើមខែធ្នូ ឆ្នាំ២០១៥ នោះទេ។ លោកបន្តថា តុលាការកន្លងមកបានចាត់ការបណ្តឹងបរិហារកេរិ៍ជាច្រើនសំណុំរឿងដែលប្តឹងដោយគណបក្សប្រជាជនកម្ពុជាប្រឆាំងអ្នកនយោបាយមួយចំនួននៅកម្ពុជា តែលោកដាក់ជាចម្ងល់ពីមូលហេតុដែលតុលាការមិនចាត់ការបណ្តឹងរបស់លោក។
លោកបន្ថែមថា៖ “ហើយកាលណាគណបក្សប្រជាជនប្តឹង គឺតុលាការកាត់ក្តីហើយ ហើយកាត់ក្តីឲ្យគណបក្សប្រជាជនឬ អ្នកប្តឹងឈ្នះហើយ ប៉ុន្តែវាចំឡែកខ្ញុំប្តឹងលោក ហោ ណាំហុង វិញហេតុអ្វីតុលាការអត់ហានយកមកកាត់ក្តី… ខ្ញុំប្តឹងនេះគឺការអនុវត្តសិទ្ធិដែលមានចែងនៅក្នុងច្បាប់ ហើយបើតុលាការអត់កាត់ទោស ឬតម្កល់រឿងទុកទៀត តុលាការនេះបង្ហាញឲ្យឃើញថាតុលាការជាឈ្នាន់របស់គណបក្សប្រជាជនកម្ពុជាពិតប្រាកដ”។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ លោក សួន សេរីរដ្ឋា បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ប្តឹងលោក ហោ ណាំហុង ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង។ បើតាមពាក្យបណ្ដឹង លោក សួន សេរីរដ្ឋា ទាមទារសំណងជំងឺចិត្តចំនួន៥០០លានរៀលដោយថានឹងយកថវិកាទាំងនេះជួយមន្ទីរពេទ្យគន្ធបុប្ផា។
យ៉ាងណាក៏ដោយ កន្លងទៅ មេធាវីការពារក្ដីឲ្យលោក ហោ ណាំហុង គឺលោក ការ សាវុត្ថ បានចេញលិខិតមួយច្បាប់ដោយលើកឡើងថាលោក ហោ ណាំហុង មិនបានបរិហាកេរ្តិ៍លោក សួន សេរីរដ្ឋា នោះទេ។ លោកបន្តថាកូនក្តីរបស់លោកគ្រាន់តែនិយាយអ្វីដែលតុលាការបានសម្រេចកាលពីកន្លងមក។ លិខិតបានរៀបរាប់ថាសាលាឧទ្ធរណ៍តម្កល់ទុកជាបានការនូវសាលក្រមព្រហ្មទណ្ឌរបស់សាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ ដែលបានផ្តន្ទាទោសលោក សួន សេរីរដ្ឋា ដាក់ពន្ធនាគារ៧ឆ្នាំនិងពិន័យជាប្រាក់២៥លានរៀលពីបទញុះញង់ប្រព្រឹត្តបទក្រិដ្ឋជាអាទិ៍ រួមគំនិតក្បត់និងអំពើរារាំងប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតមិនឲ្យទៅបោះឆ្នោតនិងបង្កការរំខានមិនឲ្យដំណើរការបោះឆ្នោតបាន។ ករណីនេះ លោក សួន សេរីរដ្ឋា ត្រូវបានព្រះមហាក្សត្រលើកលែងទោស កាលពីខែកក្កដា ឆ្នាំ២០១៥៕