អភិបាលខេត្តកំពង់ឆ្នាំងបានចេញលិខិតផ្លូវការរបស់សាលាខេត្តមួយច្បាប់ ដើម្បីអញ្ជើញមន្ត្រីតុលាការមួយរូបខេត្តនេះ ទៅចូលរួមពិធីហែរជំនូនក្នុងពិធីមង្គលការកូនរបស់ទេសរដ្ឋមន្ត្រីរូប ដែលការចេញលិខិតនេះបានធ្វើឲ្យរងការិះគន់ពីក្រុមអ្នកលេងបណ្ដាញសង្គម។
នៅថ្ងៃពុធនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនបានចែកចាយលិខិតមួយច្បាប់របស់អភិបាលខេត្តកំពង់ឆ្នាំងលោក ឈូរ ច័ន្ធឌឿន ផ្ញើទៅកាន់លោក យូ ទិត្យវឌ្ឍនៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តនេះ ដោយអញ្ជើញឲ្យចូលរួមពិធីហែរជំនូនការកូនរបស់ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង លោក គុយ សុផល នៅព្រឹកថ្ងៃទី២៥ ខែមីនា។ លិខិតចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ នោះក៏មានហត្ថលេខា និងត្រារបស់អភិបាលខេត្តកំពង់ឆ្នាំងផងដែរ។
អ្នកប្រើប្រាស់បណ្តាញសង្គមខ្លះដាក់ជាសំណួរថា “អស្ចារ្យទេ ដែលគេប្រើត្រារដ្ឋដើម្បីអញ្ចើញភ្ញៀវចូលរួមអាពាហ៍ពិពាហ៍ឯកជន?”។ អ្នកលេងហ្វេសប៊ុកខ្លះទៀតបានសរសេរបែបចំអកថា លិខិតនោះជាដីកាកោះរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងកោះហៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្តនេះឲ្យចូលខ្លួនហែរជំនូនការកូនលោក ទេសរដ្ឋមន្ត្រី គុយ សុផល។
អភិបាលខេត្តកំពង់ឆ្នាំង លោក ឈូរ ច័ន្ទឌឿន ទទួលស្គាល់ថា លោកពិតជាបានចេញលិខិតនោះមែន តែថាលោកគ្មានបំណងបំពាន ឬប្រើមុខងារសាធារណៈដើម្បីប្រយោជន៍បុគ្គលនោះទេ ដោយលោកអះអាងថា លោកប្រើលិខិតផ្លូវការនោះសម្រាប់ជំនួសលិខិតអញ្ជើញហែរជំនូនប៉ុណ្ណោះ។ លោកបន្ថែមថា៖ “អ៊ីចឹងគោលបំណងអត់មានស្អីទេ ដូចថាគ្រាន់ជារឿងប្រពៃណីជួយគ្នាតែប៉ុណ្ណឹងទេ អត់មានអ្វីលើសពីហ្នឹដែរ ហើយថារឿងខុសថាត្រូវយ៉ាងម៉េចខ្ញុំក៏មិនប្រកែកដែរទទួលយក បើការផ្តល់យោបល់ហ្នឹងវាត្រូវ ដើម្បីការកែលម្អទៅថ្ងៃមុខទៀតអ៊ីចឹងទៅណា”។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា មានប្រសាសន៍ថា អាជ្ញាធររដ្ឋមិនអាចប្រើលិខិតរដ្ឋបាលទៅបម្រើប្រយោជន៍ផ្ទាល់ខ្លូននោះទេ។ លោកថា លោកបានឃើញលិខិតអញ្ជើញរបស់អភិបាលខេត្តកំពង់ឆ្នាំងនោះរួចហើយ ដោយលោកអះអាងថា លោកក៏បានធ្វើការណែនាំអភិបាលខេត្តរូបនោះរួចហើយដែរ។
លោកបន្ថែមថា៖ “បាទខ្ញុំឃើញហើយគេបាញ់ក្នុងហ្វេសប៊ុកក្នុងអី ខ្ញុំបានណែនាំទៅខេត្តហើយ ព្រោះអីណាហ្នឹងជារឿងឯកជនទេ វាអត់មានរឿងរដ្ឋចុះលេខចុះអីអ៊ីចឹងទេ គាត់អាចធ្វើបានក្នុងនាមបុគ្គល មិនមែនក្នុងនាមរដ្ឋបាល ហើយគាត់ក៏ភ្ញាក់ខ្លួនដែរ គាត់មិនបានចាប់អារម្មណ៍ដែរណា អត់អីទេគាត់កែតម្រូវទេ ប៉ុន្តែលិខិតវាទៅផុតបាត់ទៅហើយ”។
អ្នកប្រឹក្សាយោបល់ឯករាជ្យ និងជាអ្នកជំនាញខាងអភិបាលកិច្ច និងលទ្ធិប្រជាធិបតេយ្យ លោក ចាន់ វិបុល មានប្រសាសន៍ថា មន្ត្រីសាធារណៈប្រើត្រា និងហត្ថលេខារបស់ខ្លួនសម្រាប់តែប្រយោជន៍សាធារណៈ មិនត្រូវធ្វើឡើងសម្រាប់ប្រយោជន៍បុគ្គលឯកជននោះទេ។
លោកបន្ថែមថា៖ “លិខិតហ្នឹងធ្វើឡើងដោយបុគ្គល រដ្ឋក្នុងនាមមុខងារជាមន្ត្រីសាធារណៈរបស់រដ្ឋ ហើយប្រសិនបើប្រើប្រាស់មុខងារហ្នឹងសម្រាប់ប្រយោជន៍របស់បុគ្គល់មិនមែនជាប្រយោជន៍របស់សាធារណៈ ឬរបស់រដ្ឋទេ ខ្ញុំគិតថាការចេញលិខិតហ្នឹងវាខុសនឹងក្របខណ្ឌមុខងារសាធារណៈហើយ”៕