រដ្ឋាភិបាលកម្ពុជា សម្រេចបន្ថែមប្រាក់របបសន្ដិសុខសង្គម លើប្រាក់ខែបច្ចុប្បន្នដល់អតីតមន្ដ្រីរាជការស៊ីវិល និងអតីតយុទ្ធជនចូលនិវត្ដន៍ បាត់បង់សម្បទាវិជ្ជាជីវៈ បាត់បង់សមត្ថភាពការងារ និងពិការភាព ចាប់ពីខែមេសាខាងមុខនេះ។
អនុក្រិត្យដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ដ្រីហ៊ុន សែន ចុះថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៦ ឲ្យដឹងថា រដ្ឋាភិបាល នឹងបន្ថែមប្រាក់របបសន្ដិសុខសង្គម ដល់អតីតមន្ដ្រីរាជការស៊ីវិល និងអតីតយុទ្ធជន បាត់បង់សម្បទាវិជ្ជាជីវៈ និងជាជនពិការភាព ចាប់ពី២ម៉ីនរៀលដល់៣ម៉ឺនរៀលក្នុងមួយខែទៅលើពួកគេដែលមានប្រាក់បៀវត្សរិ៍បច្ចុប្បន្នក្នុងចម្លោះពីជាង៣សែនរៀលដល់ជាង៥សែនរៀល។
អនុក្រិត្យនោះបានបញ្ជាក់ថា អតីតមន្ដ្រីរាជការស៊ីវិល និងអតីតយុទ្ធជនដែលមានប្រាក់ខែបច្ចុប្បន្នក្នុងចន្លោះ ចាប់ពី ៣សែន៣ម៉ឺនរៀល ដល់ត្រឹម៣សែន៩ម៉ឺន៥ពាន់រៀល ត្រូវផ្ដល់បន្ថែម៣ម៉ឺនរៀលក្នុងមួយខែ។ ចំណែរបបសន្ដិសុខសង្គមដែលមានក្នុងចន្លោះពី៤សែនមួយរយរៀល ដល់៤សែន៩ម៉ឺន៥០០រៀលត្រូវបន្ថែម២៥០០០រៀលក្នុងមួយខែ និងរបបសន្ដិសុខដែលមានប្រាក់ខែបច្ចុប្បន្នក្នុងចន្លោះ៥សែនមួយរយរៀល ត្រូវផ្ដល់ជួនបន្ថែម២ម៉ឺនរៀលក្នុងមួយខែ។
លិខិតបញ្ជាក់ថា ការបន្ថែមរបបសន្ដិសុខសង្គម ដល់អតីតមន្ដ្រីរាជការស៊ីវិល និងអតីតយុទ្ធជននេះ គឺចាប់ពីខែមេសាឆ្នាំ២០១៦ខាងមុខនេះ។
ទោះជាយ៉ាងណា នៅក្នុងអនុក្រិត្យនោះ ឲ្យដឹងថា អតីតមន្ដ្រីរាជការស៊ីវិល និងអតីតយុទ្ធជនដែលទើបដាក់ឲ្យចូលនិវត្ដន៍ ចាប់ពីខែមករាឆ្នាំ២០១៦នេះ មិនត្រូវបានទទួលរបបសន្ដិសុខសង្គមបន្ថែមទៀតនោះឡើយ ៕