សមត្ថកិច្ចចិនបានដោះលែងអ្នកសរសេរសារព័ត៌មានមួយរូបដែលបានចាប់ខ្លួនពាក់ព័ន្ធការចុះផ្សាយអត្ថបទមួយផ្សព្វផ្សាយជាសាធារណៈអំពាវនាវឲ្យលោកប្រធានាធិបតី ស៊ីជីន ពីង ចុះចេញពីតំណែង។
អ្នកសារព័ត៌មានល្បីឈ្មោះមួយរូបនៅចិនឈ្មោះ Jia Jia ត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីដើមខែនេះ ដោយសារចោទថា គាត់សរសេរអត្ថបទដោយដកស្រង់ខ្លឹមសារពីលិខិតមួយអំពាវនាវឲ្យលោក ស៊ី ជីនពីង ចុះចេញពីតំណែងជាប្រធានាធិបតី និង តំណែងផ្សេងទៀតនៅក្នុងបក្ស។
ប៉ុន្តែសារព័ត៌មានBBC ចុះផ្សាយនៅថ្ងៃនេះថា អ្នកសារព័ត៌មានរូបនេះត្រូវបានដោះលែងវិញហើយ បន្ទាប់ពីការស៊ើបអង្កេត។
មេធាវីការក្តីឲ្យលោកJia Jia ថ្លែងថា ពេលនេះ កូនក្តីរបស់លោកត្រូវបានដោះលែងឲ្យមានសេរីភាពអាចទៅជួបប្រពន្ធរបស់គាត់វិញហើយ។
កាលពីដើមខែមីនានេះ លោកJia Jia បានចុះផ្សាយលិខិតមួយ ក្នុងន័យអំពាវឲ្យប្រធានាធិបតីបច្ចុប្បន្នចុះចេញពីតំណែង តែការចុះផ្សាយនោះបាន តែរយៈពេលខ្លីក៏ត្រូវអាជ្ញាធរបានលុបចេញវិញ។
លិខិតសរសេរថា“សមមិត្ត ស៊ី ជីនពីង ជាទីស្រលាញ់ យើងជាសមាជិកគណបក្សកុម្មុយនីស្តរបស់រដ្ឋ។ យើងសរសេរលិខិតនេះសូមឲ្យលោកលាលែងពីតំណែងទាំងអស់នៅក្នុងបក្សនិងក្នុងជួរថ្នាក់ដឹកនាំរដ្ឋាភិបាល“។
ក្រោយការចុះផ្សាយ លោក Jia Jia និងក្រុមការងារ១៦នាក់ផ្សេងទៀត ត្រូវសមត្ថកិច្ចនាំខ្លួនទៅសួរនាំក្នុងនោះរួមទាំង អ្នកគ្រប់គ្រង អ្នកកែសម្រួលអត្ថបទ និង បុគ្គលិក ផ្សេងៗទៀត។