ក្រសួងអប់រំ យុវជននិង កីឡា ជ្រើសរើសគ្រូបង្រៀន និង នាយកសាលាចំនួន៨ នៅរាជធានីភ្នំពេញ និង តាមបណ្តាខេត្ត ដែលកំណត់ថា ជាអ្នកបំពេញការងារបានល្អសម្រាប់ទទួលពានរង្វាន់លោកនាយករដ្ឋមន្ត្រី។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយរបស់ក្រសួងអប់រំចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ ស្តីពីការទទួលស្គាល់សាលារៀនល្អ និង គ្រូបង្រៀនល្អ ពានរង្វាន់សម្តេចតេជោហ៊ុន សែន ឆ្នាំ ២០១៤-២០១៥ បានកំណត់យកនាយកសាលារៀនចំនួន៣រូប និង គ្រូបង្រៀនចំនួន៥រូប។
ក្នុងចំណោមនាយកសាលាទាំងបីនោះគឺលោក ណា ចាន់សេង នាយកសាលា បឋមសិក្សាព្រះរាជអគ្គមហេសី នៅខេត្តកំពង់ស្ពឺជាប់លេខ១ បានរង្វាន់៧ ០០០ ០០០រៀល ទី២ លោកសៀង សំណាង នាយកសាលាបឋមសិក្សា-អនុវិទ្យាល័យទួលថ្មខេត្តកំពង់ចាមទទួលបានប្រាក់៦ ០០០ ០០០រៀល និង លេខ៣ បានលោក ផាត់ សុខា នាយកសាលា បឋមសិក្សាទួលគោក រាជធានីភ្នំពេញ ទទួលបានប្រាក់៥ ០០០ ០០០រៀល។
ចំណែកគ្រូបង្រៀនល្អរូមមានទី១លោក នាង បូ នៅភ្នំពេញបាន៥ ០០០ ០០០ រៀល ទី២លោកស្រី ស៊ុន វណ្ណៈ បង្រៀននៅកំពង់ចាមទទួលបាន៤ ០០០ ០០០រៀល ទី៣ លោក ថោ សាវុឌ្ឍ នៅកំពង់ឆ្នាំងបាន ៣ ០០០ ០០០រៀល ទី៤លោកយួន គ្រី ខេត្តតាកែវ ទទួលបាន ៣០០០ ០០០រៀល និងទី៥គឺលោក សេក ណន បង្រៀនខេត្តកំពង់ធំ ទទួល ៣០០០ ០០០ រៀល។