គណបក្សសង្រ្គោះជាតិបានប្រកាសថាខ្លួនកំពុងរៀបចំសំណុំឯកសារប្តឹងក្រុមយុវជនដែលដឹកនាំដោយលោក ស្រី ចំរើន ទៅតុលាការ ទាក់ទងនឹងការយកមួយកអាវនិងទង់ ដែលមានសញ្ញាសម្គាល់របស់គណបក្សមកធ្វើការហែក្បួនដែលគណបក្សនេះថាជាទង្វើអនាធិបតេយ្យនិងរំលោភលើកម្មសិទ្ធបញ្ញា។
នៅរសៀលនេះ លោក ស្រី ចំរើន បានដឹកនាំយុវជនមួយក្រុមហែក្បួនដាក់ញ្ញតិទៅកាន់រដ្ឋសភា ស្នាក់ការអង្គការសហប្រជាជាតិ ស្នាក់ការគណបក្សសង្គ្រោះជាតិនិងផ្ទះលោក កឹម សុខា ក្នុងគោលបំណងទាមទារឲ្យលោក កឹម សុខា បកស្រាយរឿងខ្សែអាត់សំឡេង ដែលក្រុមនេះសង្ស័យថាជាសំឡេងលោក កឹម សុខា សន្ទនាស្នេហាជាមួយនារីម្នាក់។
ក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយនៅថ្ងៃអង្គារនេះ គណបក្សសង្គ្រោះជាតិបានថ្កោលទោសចំពោះទង្វើរបស់យុវជន ស្រី ចំរើន ដែលបានយកទង់ អាវ និងមួក មានសញ្ញាសម្គាល់គណបក្សសង្គ្រោះ “ទៅធ្វើសកម្មភាពអនាធិបតេយ្យ” នៅរាជធានីភ្នំពេញ។
គណបក្សសង្រ្គោះជាតិចាត់ទុកការយកសម្ភារដែលមានសញ្ញាសម្គាល់គណបក្សសង្គ្រោះជាតិទៅធ្វើការហែក្បួន នឹងប្រមូលផ្តុំដោយក្រុមលោក ស្រី ចំរើន នេះថាជាការរំលោភច្បាប់ស្តីពីកម្មសិទ្ធិបញ្ញានិងច្បាប់ព្រហ្មទណ្ឌ។ គណបក្សនេះ ចាត់ទុកក្រុមនេះថាមានចេតនាបង្កឲ្យមានភាពអនាធិបតេយ្យនៅក្នុងសង្គម។ គណបក្សនេះក៏បានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចដកហូតអាវ មួក និងទង់ ដែលមានសញ្ញាសម្គាល់គណបក្សសង្គ្រោះជាតិពីក្រុមលោក ស្រី ចំរើន នោះវិញ។
អ្នកនាំពាក្យគណបក្សសង្គ្រោះលោក យឹម សុវណ្ណ ប្រាប់វីអូឌីថាលោកមិនដឹងក្រុមរបស់លោក ស្រី ចំរើន ចេញមកពីប្រភពណានោះទេ ហើយលោកថាទង្វើរបស់ក្រុមនេះមិនមានការអនុញ្ញាតពីគណបក្សនោះដែរ។ លោកបន្ថែមថា៖ “មានមនុស្សមួយក្រុមប្រើទង់បក្ស ខោអាវគណបក្ស ដោយគ្មានការអនុញ្ញាតពីគណបក្ស ហើយមិនដឹងចេញពីណាពីណីមក ហើយធ្វើសកម្មភាពល្មើសច្បាប់ព្រហ្មទណ្ឌ កម្មសិទ្ធិបញ្ញា ហើយយើងឃើញបែបហ្នឹងមិនគួរទុកឲ្យនៅបែបនេះ ព្រោះគណបក្សមិនបានឲ្យរៀបចំអ្វីផង ហើយយកផ្លាកសញ្ញាគណបក្សដោយគ្មានការអនុញ្ញាត”។
បើតាមលោក យឹម សុវណ្ណ គណបក្សលោកកំពុងពិភាក្សាគ្នាពីពាក្យបណ្តឹងនេះ តែមិនទាន់កំណត់ពេលដាក់ប្តឹងនៅឡើយទេ។
លោក ស្រី ចំរើន ប្រាប់វីអូឌីនៅល្ងាចថ្ងៃអង្គារនេះថាក្រុមយុវជនដែលពាក់អាវនិងកាន់ទង់គណបក្សសង្រ្គោះជាតិជាអតីតអ្នកគាំទ្រនិងអ្នកចូលរួមឃោសនាឲ្យគណបក្សប្រឆាំង។ លោកបន្តថាការដែលប្រើសញ្ញាសម្គាល់និងពាក់អាវគណបក្សសង្រ្គោះជាតិ គឺចង់ឲ្យលោក កឹម សុខា ទទួលខុសត្រូវចំពោះអ្នកគាំទ្ររបស់គណបក្សខ្លួន។ ទាក់ទងនឹងពាក្យបណ្តឹង លោក ស្រី ចំរើន ចាត់ទុកថានេះជាសិទ្ធិរបស់គណបក្សសង្រ្គោះជាតិ តែលោកថាទុកឲ្យតុលាការជាអ្នកចាត់ការរឿងនេះ។
បើតាមលោក ស្រី ចំរើន យុវជនប្រមាណជា៣០០ចូលរួមហែញ្ញតិ ដែលក្នុងនោះមាន២០០នាក់ជាយុវជននិងនិស្សិតមកពីសាកលវិទ្យាល័យនិង១០០នាក់ផ្សេងទៀតជាសកម្មជនគណបក្សសង្គ្រោះជាតិ៕