រដ្ឋាភិបាលកម្ពុជានិងសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃពុធនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយជាទឹកប្រាក់ចំនួន៣៥លានដុល្លារអាមេរិកសម្រាប់ទ្រទ្រង់ដល់ការអភិវឌ្ឍកម្ពុជា។
ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៣០ខែមីនា ស្ថានទូតអាមេរិកប្រចាំកម្ពុជាឲ្យដឹងថារដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងការផ្តល់ថវិកាចំនួន៣៥លានដុល្លារអាមេរិកសម្រាប់វិស័យសុខភាពសាធារណៈនិងអប់រំ កម្មវិធីបរិស្ថាននិងកសិកម្មនៅកម្ពុជា។ សេចក្តីប្រកាសព័ត៌មានបន្តថាទឹកប្រាក់នេះជាទឹកប្រាក់ដែលផ្តល់ឲ្យកម្ពុជាជាជំហានដំបូងក្នុងកញ្ចប់ទឹកប្រាក់ចំនួនប្រមាណ១៣៧លានដុល្លារដែលផ្តល់សម្រាប់ទ្រទ្រង់ការអភិវឌ្ឍកម្ពុជារយៈពេល៣ឆ្នាំទៅលើវិស័យសុខាភិបាល អប់រំ បរិស្ថាននិងកសិកម្ម។
ការចុះហត្ថលេខានេះមានភាគីតំណាងកម្ពុជាលោកឧបនាយករដ្ឋមន្ត្រី គាត់ ឈន់ និងប្រធានទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID លោកស្រីRebecca Blackនិងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក William A. Heidt។
ក្នុងសេចក្តីប្រកាសព័ត៌មាននោះ សហរដ្ឋអាមេរិកជឿថាកិច្ចព្រមព្រៀងផ្តល់ជំនួយទ្វេភាគីនេះ នឹងជួយដល់យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់រដ្ឋាភិបាលកម្ពុជា ដោយកែលម្អគុណភាពនៃការថែទាំសុខភាព លើកកម្ពស់អាហារូបត្ថម្ភសម្រាប់មាតានិងកុមារ បង្កើនទីផ្សានិងផលិតកម្មកសិកម្ម ការពារធនធានធម្មជាតិរបស់កម្ពុជាហើយជួយសិស្សកម្ពុជាក្នុងការរៀនអាន៕