ប្រជាពលរដ្ឋខ្មែរអាមេរិកកាំងនៅថ្ងៃពុធនេះ បានចេញមុខតវ៉ានៅសាលាក្រុងឡូវែល រដ្ឋម៉ាស្សាឈូសិត្ស៍សហរដ្ឋអាមេរិក ដោយទាមទារកុំឲ្យអភិបាលក្រុងទ្បូវែល ស្វាគមន៍កូនប្រុសរបស់នាយករដ្ឋមន្រ្តី គឺលោក ហ៊ុន ម៉ាណែត។
ពលរដ្ឋខ្មែរអាមេរិកកាំងឲ្យដឹងថាតាមគម្រោង លោក ហ៊ុន ម៉ាណែត ជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនក្រៅប្រទេសនិងជាមេបញ្ជាការរងកងទ័ពជើងគោក នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅរដ្ឋមួយចំនួននៅសហរដ្ឋអាមេរិក ក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខនេះ។
ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកកាំង លោក ទូច វិបុល ប្រាប់វីអូឌីនៅថ្ងៃពុធនេះថាក្រោយពីការតវ៉ារបស់ប្រជាពលរដ្ឋប្រមាណ៥០០នាក់ កុំឲ្យអភិបាលក្រុងឡូវែលស្វាគមន៍លោក ហ៊ុន ម៉ាណែត សមាជិកនៃក្រុមប្រឹក្សាភិបាលនៃក្រុងឡូវែល៨នាក់ក្នុងចំណោម៩នាក់ បានជំទាស់នឹងគម្រោងស្វាគមន៍នេះ។ លោកបន្តថាលោក ហ៊ុន ម៉ាណែត ជាកូនប្រុសរបស់នាយករដ្ឋមន្រ្តីហើយការដឹកនាំរបស់លោក ហ៊ុន សែន រងការចោទប្រកាន់ថាមានការរំលោភសិទ្ធិមនុស្ស បំផ្លាញធនធានធម្មជាតិ បណ្តេញពលរដ្ឋចេញពីលំនៅដ្ឋាន បញ្ហាព្រំដែន បញ្ហាអន្តោប្រវែសន៍ខុសច្បាប់ និងការគំរាមកំហែងចាប់សកម្មជនសិទ្ធិមនុស្សដាក់ពន្ធនាគារជាដើម។
បើតាមលោក ទូច វិបុល លោក ហ៊ុន ម៉ាណែត ត្រូវបានអញ្ជើញដោយប្រធានសាខាគណបក្សប្រជាជនកម្ពុជានៅរដ្ឋម៉ាស្សាឈូសិត្ស៍និងមន្រ្តីទូតខ្មែរ ទៅបំពេញទស្សនកិច្ចនៅរដ្ឋឡូវែលនៅថ្ងៃទី១៥និង១៦ ខែមេសា ខាងមុខនេះ។
លោក ទូច វិបុល ឲ្យដឹងទៀតថាប្រជាពលរដ្ឋខ្មែរអាមេរិកកាំងគ្រោងនឹងបន្តតវ៉ានៅទីក្រុងវ៉ាស៊ីនតោន ដែលលោកថាតាមដឹងលោក ហ៊ុន ម៉ាណែត នឹងទៅទីនោះ។
វីអូឌីមិនទាន់អាចសុំការឆ្លើយតបពីលោក ហ៊ុន ម៉ាណែត បាននៅឡើយទេ។
គួរបញ្ជាក់ថាកាលពីថ្ងៃទី២៧ខែមីនា លោក ហ៊ុន ម៉ាណែត បានសម្រេចថាលោកនឹងមិនចូលរួមការដង្ហែក្បួនវប្បធម៌ចូលឆ្នាំខ្មែរនៅទីក្រុងឡុងប៊ិច ក្រោយពីប្រជាពលរដ្ឋខ្មែរអាមេរិកកាំងមួយចំនួនបានប្រកាសថានឹងធ្វើបាតុកម្មប្រឆាំងរូបលោក។ លោកបញ្ជាក់ថា៖ “វាមិនមែនជាពេលវេលាសម្រាប់បង្ហាញសាច់ដុំដាក់គ្នារវាងអ្នកគាំទ្រនិងអ្នកមិនគាំទ្រទេ ដែលនេះបង្ហាញពីការបែកបាក់រវាងខ្មែរនិងខ្មែរ នាំឲ្យជាតិសាសន៍យើងអាប់អោន។ ក្នុងស្មារតីជាកូនខ្មែរមួយរូប ខ្ញុំមិនចង់ឃើញនូវភាពល្អក់កករនិងការបែកបាក់រវាងខ្មែរនិងខ្មែរ ជាពិសេសដើម្បីបញ្ចៀសអំពើហិង្សាដែលអាចកើតមានឡើងរវាងអ្នកគាំទ្រនិងអ្នកមិនគាំទ្រក្នុងពេលព្យុហយាត្រា ដែលនាំឲ្យខាតប្រយោជន៍ជាតិសាសន៍យើងទាំងមូល ខ្ញុំនិងក្រុមការងារបានសម្រេចចិត្តមិនចូលរួមក្នុងពិធីព្យុហយាត្រានោះទេ”។
ទោះជាយ៉ាងណា លោក ហ៊ុន ម៉ាណែត នឹងរួមកម្មវិធីដែលរៀបចំដោយពលរដ្ឋខ្មែរអាមេរិកកាំងនៅរដ្ឋផ្សេងៗ។
កន្លងទៅ លោក ហ៊ុន ម៉ាណែត ធ្លាប់បានលើកឡើងថាការចូលរួមចូលឆ្នាំខ្មែរនៅអាមេរិកមិនមែនជារឿងនយោបាយនោះទេ។ ចំណែកអង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកកាំងធ្លាប់បានចេញសេចក្តីថ្លែងការណ៍មួយ ដោយលើកឡើងថាភាពចម្រូងចម្រាសដែលកំពុងតែកើតមានទ្បើងនេះ គឺមិនមែនជារឿងនយោបាយនោះទេ ប៉ុន្តែជា”រឿងភាពថ្លៃថ្នូរជាមនុស្សនិងសេចក្តីគោរពចំពោះអ្នកដែលត្រូវបានបង្ខំឲ្យក្លាយជាជនរងគ្រោះដោយសាររបបឃោរឃៅនេះ”។ អង្គការបានបញ្ជាក់ថា៖ “សារដែលបងប្អូនយើងបានផ្ញើនោះគឺច្បាស់ណាស់ថាពលរដ្ឋខ្មែរ-អាមេរិកាំងនឹងមិនស្វាគមន៍ហើយទទួលយកកូនប្រុសនៃជនផ្តាច់ការដែលជាអ្នកគាំទ្រនូវគោលនយោបាយគាបសង្កត់របស់ឪពុកគាត់នោះបានទ្បើយ”៕