អង្គការមួយថាច្បាប់ថ្មីស្តីពីទូរគមនាគន៍ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ និងសេរីភាពបុគ្គល

អង្គការមួយលើកឡើងថា ច្បាប់ថ្មីស្តីពីទូរគមនាគមន៍បានគំរាមកំហែងដល់សេរីភាពក្នុងការបញ្ចេញមតិនៅក្នុងប្រទេសកម្ពុជា លើប្រព័ន្ធអ៊ិនធើណែត និងលើទំនាក់ទំនងឯកជនដែលត្រូវបានធ្វើឡើងតាមរយៈការប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍នានា។

ក្នុងរបាយការណ៍សង្ខេបមួយដែលត្រូវបានចេញផ្សាយនាថ្ងៃនេះ អង្គការលីកាដូ បានវិភាគទៅលើមាត្រាជាច្រើននៃច្បាប់នេះថាមានការរឹតត្បិតយ៉ាងខ្លាំង ដោយអង្គការនេះបានលើកឡើងថា ច្បាប់នេះ “បានផ្តល់សិទ្ធិឲ្យអាជ្ញាធររដ្ឋជ្រៀតជ្រែកចូលក្នុងជីវិតឯកជនរបស់បុគ្គលម្នាក់ៗ អាចបំផ្លាញភស្តុតាងនៅមុនពេលមានសវនាការលើរឿងក្តីព្រហ្មទណ្ឌ ឬគ្រប់គ្រងលើឧស្សាហកម្មទូរគមនាគមន៍ទាំងស្រុងប្រសិនបើមានការសម្រេចចិត្តថាត្រូវតែធ្វើ”

អង្គការលីកាដូបន្ថែមទៀតថា មាត្រាដែលចែងពីបទល្មើសព្រហ្មទណ្ឌថ្មីៗបង្ហាញនូវគោលបំណងពិតរបស់ច្បាប់នេះគឺ ដើម្បីបំភិតបំភ័យបុគ្គលម្នាក់ៗ ដាក់ទណ្ឌកម្មដល់ការអនុវត្តសិទ្ធិ និងសេរីភាពជាមូលដ្ឋាន និងកាត់បន្ថយបុគ្គល ឬក្រុមជំទាស់។

អង្គការនេះបានបន្ថែមថា ជំហររបស់រដ្ឋាភិបាលក្នុងការរៀបចំច្បាប់នេះគឺហាក់ដូចជាការរៀបចំមធ្យោបាយថ្មីមួយសម្រាប់ទប់ស្កាត់ និងរារាំងអង្គការស៊ីវិលពីពេលនេះទៅដល់ការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨។

បើតាមខ្លឹមសារនៃច្បាប់នេះ បុគ្គលនានា អាចនឹងប្រឈមនឹងទោសពន្ធនាគាររហូតដល់១៥ឆ្នាំ ដោយគ្រាន់តែបញ្ចេញមតិតាមប្រព័ន្ធហ្វេសប៊ុក ប្រសិនបើគេចាត់ទុកថាបុគ្គលនោះប៉ះពាល់សន្តិសុខជាតិ ដែលត្រូវបានចែងមិនច្បាស់ក្នុងច្បាប់នេះ។

វីអូឌី (VOD)មិនទាន់អាចទាក់ទងសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងប្រៃសណីយ៍លោក ខូវ មករា បានភ្លាមៗនៅឡើយទេ។

ក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ អង្គការលីកាដូក៏បានលើកឡើងផងដែរថាច្បាប់នេះ ខ្វះតម្លាភាព និងការពិភាក្សា តាំងពីសេចក្តីព្រាង រហូតដល់ការអនុម័ត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ