អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោកស្រី រ៉ូណា ស្មីត (Rhona Smith) បានមកធ្វើទស្សនកិច្ចរយៈពេល១០ថ្ងៃនៅកម្ពុជាចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ខែមីនា ដើម្បីស្វែងយល់ពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ នៅក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី រ៉ូណា ស្មីតបានជួបជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល គណបក្សប្រឆាំង មន្ត្រីអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ។ ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៣១ ខែមីនា លោកស្រីបានបានបង្ហាញក្តីព្រួយបារម្ភថា កម្ពុជាកំពុងតែស្ថិតនៅចំណុចដ៏គ្រោះថ្នាក់មួយ ដោយលើកឡើងពីកង្វល់មួយចំនួន។
សូមស្ដាប់កិច្ចសម្ភាសន៍រវាងលោក អុិត សូធឿត នៃVOD ជាមួយលោកស្រី រ៉ូណា ស្មីត។
VOD៖ តើលោកស្រីយល់យ៉ាងណាចំពោះស្ថានភាពសិទ្ធិមនុស្សជារួមនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីលោកស្រីទទួលតំណែងជាអ្នករាយការណ៍ពិសេសនេះ?
លោកស្រី រ៉ូណា ស្មីត៖ ខ្ញុំគិតថា សរុបជារួម មានចំណុចខ្លះដែលស្ថានមានការវិវឌ្ឍកាន់តែប្រសើរឡើង ហើយចំណុចខ្លះដែលស្ថានការណ៍កាន់តែធ្លាក់ដុនដាប។
VOD៖ នៅពេលដែលលោកស្រីធ្វើសន្និសីទសារព័ត៌មាន លោកស្រីបានថ្លែងថា កម្ពុជាកំពុងខិតទៅជិតចំណុចកំពូលនៃគ្រោះថ្នាក់។ តើលោកស្រីអាចពន្យល់បន្ថែមទៀតបានទេចំពោះបញ្ហានេះ?
លោកស្រី រ៉ូណា ស្មីត៖ ការអត្ថាធិប្បាយនោះធ្វើឡើងដោយយោងទៅលើស្ថានភាពនយោបាយដែលបានកើតឡើងនៅចុងខែតុលា និងដើមខែវិច្ឆិកាឆ្នាំ២០១៥ នៅពេលដែលមានករណីអំពើហិង្សាលើសមាជិកសភា ហើយមានវោហារស័ព្ទជាច្រើនជុំវិញសកម្មភាពនយោបាយរបស់សមាជិកសភាកក្នុងការដកហូតអភ័យឯកសិទ្ធិ និងបទចោទប្រកាន់ផ្លូវច្បាប់ជាច្រើនផ្សេងទៀត។
VOD៖ លោកស្រីបានលើកឡើងពីការដកហូតអភ័យឯកសិទ្ធិ ហើយនៅពេលនេះ ប្រធានគណបក្សប្រឆាំងលោក សម រង្ស៊ី កំពុងនិរទេសខ្លួននៅក្រៅប្រទេស។ តើលោកស្រីយល់យ៉ាងណាចំពោះករណីនេះ?
លោកស្រី រ៉ូណា ស្មីត៖ ការយល់របស់ខ្ញុំគឺថាគាត់មិនត្រូវបានហាមឃាត់ពីការវិលត្រឡប់មកកាន់ប្រទេសកម្ពុជានោះទេ។ ប៉ុន្តែខ្ញុំបានដឹងថា មានការចោទប្រកាន់មួយចំនួនរបស់តុលាការប្រឆាំងនឹងគាត់ហើយដូច្នេះគាត់បានជ្រើសមិនត្រឡប់មកកម្ពុជានៅដំណាក់កាលនេះ ដោយសារតែការយល់ឃើញរបស់គាត់ ឬចរិតនៃការចោទប្រកាន់ប្រឆាំងនឹងគាត់ និងមូលហេតុមូលដ្ឋាន។
VOD៖ តើលោកស្រីយល់យ៉ាងណាចំពោះបទចោទទាំងនោះ?
លោកស្រី រ៉ូណា ស្មីត៖ ខ្ញុំបានចាប់ផ្តើមសំឡឹងមើលលើការចោទប្រកាន់ទាំងនោះ និងភាពឆបគ្នានៃការចោទប្រកាន់ទាំងនោះជាមួយនឹងច្បាប់របស់ប្រទេសកម្ពុជា។ ខ្ញុំបានកត់សម្គាល់ថានេះគឺជាបញ្ហាដែលគួរតែត្រូវបានពិនិត្យមើល។
VOD៖ ពាក់ព័ន្ធនឹងសេរីភាពនយោបាយនៅក្នុងប្រទេសកម្ពុជា តើលោកស្រីយល់យ៉ាងណា ហើយលោកស្រីមានក្ដីព្រួយបារម្ភអ្វីខ្លះ?
លោកស្រី រ៉ូណា ស្មីត៖ ការព្រួយបារម្ភរបស់ខ្ញុំពាក់ព័ន្ធនឹងផលប៉ះពាល់ទៅលើស្ដង់ដារសិទ្ធិមនុស្សអន្តរជាតិត្រូវបានទទួលយកដោយប្រទេសកម្ពុជា។ ខ្ញុំគិតថា មានបញ្ហាប្រឈមមួយចំនួននៅពេលដែលការពិចារណាផ្នែកនយោបាយមានឥទ្ធិពល ឬហាក់មានឥទ្ធិពលលើការសម្រេចចិត្តរបស់អាជ្ញាធរក្នុងពេលអនុវត្ត និងផ្ដល់ប្រសិទ្ធភាពដល់ការអនុវត្តសិទ្ធិមនុស្សអន្តរជាតិ។
VOD៖ ខ្ញុំគិតថាប្រហែលជាលោកស្រីបានឮហើយថា មេដឹកនាំទាំងពីររបស់គណបក្សប្រឆាំងត្រូវគេគិតថាកំពុងរងការគំរាមកំហែង? តើលោកស្រីយល់យ៉ាងណាចំពោះការលើកឡើងនេះ?
លោកស្រី រ៉ូណា ស្មីត៖ ខ្ញុំគិតថា នៅក្នុងប្រទេសប្រជាធិបតេយ្យ មិនមានចន្លោះណាដែលអនុញ្ញាតឲ្យមានការបំភិតបំភ័យ ឬការគំរាមកំហែងដោយគណបក្សនយោបាយណាមួយប្រឆាំងនឹងគណបក្សនយោបាយណាមួយផ្សេងទៀតទេ។ នយោបាយគួរតែត្រូវបានធ្វើឡើងដោយអនុលោមតាមគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។
VOD៖ ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ក្នុងឆ្នាំ២០១៧ និងបោះឆ្នោតជាតិក្នុងឆ្នាំ២០១៨។ តើលោកស្រីមានក្ដីព្រួយបារម្ភថានឹងអាចកើតមានហិង្សាណាមួយកើតឡើងទេអំឡុងពេល និងក្រោយការបោះឆ្នោត?
លោកស្រី រ៉ូណា ស្មីត៖ ប្រសិនបើមានករណីហិង្សាណាមួយជុំវិញការបោះឆ្នោត ឬតាមពិតទោះបីជុំវិញឧប្បត្តិហេតុណាមួយផ្សេងទៀតក៏ដោយ បើអ៊ីចឹងមែនហើយ មានអំពើហិង្សាណាមួយនឹងធ្វើឱ្យខ្ញុំមានការព្រួយបារម្ភដោយសារតែអំពើហិង្សាណាមួយដែលអាចរំលោភលើបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ។
VOD៖ ក្នុងស្ថានភាពកម្ពុជាសព្វថ្ងៃ តើលោកស្រីគិតថានឹងអាចមានលទ្ធភាពនៃការកើតឡើងអំពើហិង្សាណាមួយទេនៅអំឡុងពេលបោះឆ្នោត?
លោកស្រី រ៉ូណា ស្មីត៖ ខ្ញុំគិតថា ពិតណាស់ច្បាស់ជាមានលទ្ធភាពពីការកើតឡើងអំពើហិង្សា។ វាបានកើតឡើងនៅក្នុងប្រទេសជាច្រើននៅក្នុងពិភពលោក។ ដូច្នេះគឺវាមានលទ្ធភាពកើតឡើងបាន។ ខ្ញុំសង្ឃឹម ការរៀបចំវិធានការដើម្បីធានាការគោរពច្បាប់កម្ពុជា និងស្តង់ដារសិទ្ធិមនុស្សដែលរដ្ឋាភិបាលបានទទួលយក នោះមានន័យថា នឹងគ្មានអំពើហិង្សានោះទេ ពីព្រោះការបោះឆ្នោតត្រូវបានធ្វើឡើងនៅក្នុងលក្ខណៈត្រឹមត្រូវ ដើម្បីអនុញ្ញាតឱ្យមានការចូលរួមពីអ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ និងដើម្បីធានាឱ្យមានការអនុលោមតាមច្បាប់ និងសេរីភាពនៃការជួបជុំ សេរីភាពបង្កើតសមាគម និងសេរីភាពនៃការបញ្ចេញមតិ។
VOD៖ ក្នុងដំណើរទស្សនកិច្ចលើកនេះ លោកស្រីក៏បានជួបជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផងដែរ។ តើលោកស្រីអាចជួយសង្ខេបបានទេ តើលោកស្រីបានលើកបញ្ហាអ្វីខ្លះទៅពិភាក្សា ហើយទទួលបានការឆ្លើយតបយ៉ាងណាដែរ?
លោកស្រី រ៉ូណា ស្មីត៖ គោលបំណងនៃការជួបជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគឺដើម្បីខ្ញុំអាចដឹងបន្ថែមទៀតអំពីតួនាទីរបស់ពួកគេ និងបញ្ហាប្រឈមណាមួយដែលពួកគេបានជួបប្រទះ ក៏ដូចជាការរីកចម្រើនរបស់ពួកគេ ខណៈពេលដែលពួកគេកំពុងធ្វើដំណើរឆ្ពោះទៅរកការរៀបចំការបោះឆ្នោត។ ខ្ញុំមិនបានជួបជាមួយពួកគេនោះទេពេលខ្ញុំបំពេញបេសកកម្មលើកដំបូងរបស់ខ្ញុំដូច្នេះនេះគឺជាឱកាសដំបូងរបស់ខ្ញុំក្នុងការជួបជាមួយពួកគេ។ យើងបានពិភាក្សាពីការរីកចម្រើនឆ្ពោះទៅរកការធានានៃការចុះឈ្មោះអ្នកបោះឆ្នោត និងការចេញអត្តសញ្ញាណប័ណ្ណដែលជារឿងដំបូងមុនឈានដល់ការចុះឈ្មោះបោះឆ្នោត។
VOD៖ ប្រហែលជាលោកស្រីបានស្ដាប់ពីលទ្ធផលនៃការធ្វើកំណែទម្រង់របស់ គ.ជ.ប មកដល់ពេលនេះ។ តើលោកស្រីពេញចិត្តនឹងចំណុចណាខ្លះ ហើយមិនពេញចិត្តត្រង់ចំណុចណាខ្លះ?
លោកស្រី រ៉ូណា ស្មីត៖ ខ្ញុំគិតថាវាជារឿងវិជ្ជមានយ៉ាងខ្លាំងក្នុងការបង្កើតឱ្យមានប្រព័ន្ធស្របសរឹងមាំមួយដើម្បីធានាការចុះឈ្មោះបោះឆ្នោតដែលគួរតែធានាថា អ្នកបោះឆ្នោតទាំងអស់គឺមានសិទ្ធិបោះឆ្នោតម្តងហើយដូច្នេះ វាគួរតែមានឱកាសតិចតួចដើម្បីឲ្យមានជម្លោះក្រោយការបោះឆ្នោត។ ខ្ញុំគិតថានៅក្នុងចំណោមបញ្ហាដែលខ្ញុំបានពិភាក្សាជាមួយ គ.ជ.ប ដែលអាចជាការព្រួយបារម្ភ គឺការខ្វះខាតវត្តមានរបស់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេចនយោបាយ ហើយនោះជាអ្វីដែលខ្ញុំនឹងត្រូវលើកឡើងទៅពិភាក្សាជាមួយគណបក្សនយោបាយដែលជាអ្នកបង្កើតបង្កើតបញ្ជីឈ្មោះបេក្ខជនសម្រាប់ការបោះឆ្នោត។
VOD៖ ពាក់ព័ន្ធនឹងការធ្វើកំណែទម្រង់នេះ តើលោកស្រីមានអ្វីជាក្ដី ព្រួយបារម្ភទេ?
លោកស្រី រ៉ូណា ស្មីត៖ ខ្ញុំគិតថា គ.ជ.ប បានកំពុងខិតខំធ្វើការយ៉ាងខ្លាំងលើរបៀបវារៈនៃការធ្វើកំណែទម្រង់ជាមួយនឹងពេលវេលាមិនសូវច្រើន មុនពេលការបោះឆ្នោតខាងមុខ និងការងារជាច្រើនដែលត្រូវធ្វើដើម្បីធានាថាអ្នកបោះឆ្នោតទាំងអស់ត្រូវបានចុះឈ្មោះ។
VOD៖ មានការលើកឡើងពីការចង់បានឲ្យមានការរៀបចំឲ្យពលករចំណាកស្រុកនៅក្រៅប្រទេសអាចមានលទ្ធភាពអាចបោះឆ្នោតបាន។ តើលោកស្រីយល់យ៉ាងណា?
លោកស្រី រ៉ូណា ស្មីត៖ ទស្សនៈរបស់ខ្ញុំគឺសាមញ្ញ គឺថាជនជាតិខ្មែរដែលមានសិទ្ធិបោះឆ្នោតទាំងអស់គួរតែទទួលបានជំនួយនៅក្នុងការបោះឆ្នោត។ ការយល់ដឹងរបស់ខ្ញុំគឺថា ច្បាប់កម្ពុជាមិនអនុញ្ញាតឱ្យពលករចំណាកស្រុកដើម្បីបោះឆ្នោតនោះទេ ហើយខ្ញុំបានលើកឡើងទៅកាន់ គ.ជ.ប ថា អ្វីដែលពួកគេត្រូវធ្វើដើម្បីធានាថា ជាដំបូង កម្មករចំណាកស្រុកដែលកំពុងរស់នៅក្រៅប្រទេសអាចទទួលបានអត្តសញ្ញាណប័ណ្ណដែលការងារនេះត្រូវធ្វើឡើងដោយក្រសួងមហាផ្ទៃ និងជំហានទីពីរគឺអ្នកមានសិទ្ធិបោះឆ្នោតគួរតែត្រូវបានចុះឈ្មោះបោះឆ្នោត។
VOD៖ ពាក់ព័ន្ធនឹងការបោះឆ្នោតនេះដែរ ដោយមានការធ្វើកំណែទម្រង់ គ.ជ.ប តើលោកស្រីរំពឹងយ៉ាងណាចំពោះដំណើរការនៃការបោះឆ្នោតខាងមុខ? តើលោកស្រីគិតថាការបោះឆ្នោតនឹងអាចដំណើរការទៅដោយសេរី និងយុត្តិធម៌កម្រិតណា?
លោកស្រី រ៉ូណា ស្មីត៖ តាមពិតនោះគឺជាការសង្ឃឹមរបស់ខ្ញុំដែលថា ប្រព័ន្ធនាពេលបច្ចុប្បន្ន និងការបង្កើតនីតិវិធីថ្មីនៃការចុះឈ្មោះបោះឆ្នោតនឹងនាំឲ្យមានលទ្ធផលពេញលេញដល់ការបោះឆ្នោតដោយត្រឹមត្រូវជាមួយនឹងការចូលរួមយ៉ាងសកម្មពីអ្នកមានសិទ្ធិបោះឆ្នោតទាំងអស់នៅក្នុងឆ្នាំ២០១៧ និងឆ្នាំ ២០១៨។
VOD៖ ជាចុងក្រោយ តើលោកស្រីយល់យ៉ាងណាចំពោះសេរីភាពនៃការបញ្ចេញមតិនៅក្នុងប្រទេសកម្ពុជា?
លោកស្រី រ៉ូណា ស្មីត៖ ខ្ញុំគិតថា សេរីភាពនៃការបញ្ចេញមតិនៅក្នុងប្រទេសកម្ពុជាត្រូវបានចែងនៅក្នុងច្បាប់ បទបញ្ញត្តិនៃច្បាប់នេះគួរតែត្រូវបានគោរព។ មានឧទាហរណ៍មួយចំនួននៃការរឹតបន្តឹងលើសេរីភាពនៃការបញ្ចេញមតិនៅក្នុងប្រទេសកម្ពុជា និងការអនុវត្តច្បាប់ម្ដងអញ្ចេះម្ដងអញ្ចោះពាក់ព័ន្ធនឹងសេរីភាពនៃការបញ្ចេញមតិទាំងតាមរយៈការនិយាយស្ដីដោយផ្ទាល់ និងប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងតាមប្រព័ន្ធអ៊ីធើណែត៕