សមត្ថកិច្ច ឲ្យដឹងថា កុមារចំនួន៣០នាក់ បានពុលអាហារដែលបណ្តាលឲ្យមានអាការៈក្អួតចង្អោរ តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតទេ។
ស្នងការនគរបាលខេត្តស្ទឹងត្រែង លោក ម៉ៅ តារា បានឲ្យវីអូឌីដឹងថានៅរសៀលថ្ងៃទី៣១ ខែមីនា ម្សិលមិញ ក្មេងៗដែលមានអាយុពី២ទៅ៣ឆ្នាំចំនួន៣០នាក់ បានមានអាការៈពុលអាហារនោះ គឺនៅភូមិពងគ្រៀល ឃុំព្រែកមាស ក្នុងស្រុកសៀមប៉ាង។
លោកស្នងការរូបនេះ បានដាក់ការសង្ស័យថា ការពុលនេះគឺបណ្តាលមកពីនំបញ្ចុក និងនំមួយប្រភេទទៀតដែលអ្នកភូមិតែងតែធ្វើក្នុងពិធីមួយនៅក្នុងភូមិ។ លោកថាសមត្ថកិច្ចបានបញ្ជូននំទាំងពីរប្រភេទនេះ ទៅកាន់មន្ត្រីជំនាញសុខាភិបាលដើម្បីធ្វើកោសលវិច័យរកមូលហេតុហើយ។
លោកបន្ថែមថា “នៅភូមិហ្នឹងគេធ្វើបុណ្យៗ ហើយគេទំនៀមទំលាប់ស្រុកភូមិហ្នឹងគេវិចនំវិចអីហើយចែកក្មេង … ហើយឪពុកម្តាយក្មេងៗអស់ហ្នឹងក៏មកចូលរួមជួយវិចនំវិចអីចឹងទៅណា វាមិនមានស្អីធ្ងន់ធ្ងរទេ វាគ្រាន់តែការពុលហ្នឹងគ្រាន់តែធ្វើទុក្ខចង់ក្អួតចង្អោរតែប៉ុណ្ណឹងទេ។
បើតាមលោក ម៉ៅ តារា ក្រោយពីបានបញ្ជូនក្មេងៗទាំងនោះទៅ ព្យាបាលនៅមណ្ឌលសុខភាពស្រុករួចមកក្មេងៗទាំង៣០នាក់នោះបានធូរស្រាល និងត្រលប់ទៅផ្ទះវិញអស់ហើយដែរ៕