ក្រសួងមហាផ្ទៃបានណែដល់ថ្នាក់ដឹកនាំ កងកម្លាំងនគរបាលជាតិនិងអជ្ញាធរដែនដីទាំងអស់ ឲ្យសហការគ្នាឲ្យបានហ្មត់ចត់ក្នុងការការពារសន្តិសុខនិងថែរក្សាសណ្តាប់ធ្នាប់សាធារណៈឲ្យបានប្រសើរក្នុងឱកាសចូលឆ្នាំខាងមុខ។
ក្នុងលិខិតមួយចុះថ្ងៃទី០៤ខែមេសា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានណែនាំដល់អគ្គស្នងការនគរបាលជាតិនិងគណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ ត្រូវរៀបចំការពារសន្តិសុខនិងថែរក្សាសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពចរាចរណ៍ឲ្យបានប្រសើរនិងចាត់ឲ្យមានគណៈប្រចាំបញ្ជានិងដោះស្រាយបញ្ហារាល់សភាពការអសន្តិសុខឲ្យបានទាន់ពេលវេលា។ លោកក៏បានណែនាំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់និងមហន្តរាយផ្សេងៗដែលអាចនឹងកើតមានជាយថាហេតុផងដែរ។
លោករដ្ឋមន្រ្តីក៏បានណែនាំដល់គណៈបញ្ជាការឯកភាពខេត្តសៀមរាបត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងឥស្សរជនជាន់ខ្ពស់ជាតិនិងអន្តរជាតិ ដែលបានអញ្ចើញចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្គ្រាន៕