នៅក្នុងរាជធានីភ្នំពេញគេកត់សំគាល់ថានៅតំបន់ដែលមានផ្សារភាគច្រើនតែងតែមានការកកស្ទះចរាចរណ៍ស្ទើរតែជារៀងរាល់ថ្ងៃជាពិសេសចាប់ពីស្តុបផ្សារដើមគស្ថិតនៅក្បែរមហោស្របចេនឡានិងនៅម្តុំផ្សារនាគមាស។ ការស្ទះចរាចរណ៍គឺបណ្តាលមកពីអាជីវករលក់ដូរលើចិញ្ចើមថ្នល់ ខណៈដែលគេមិនឃើញសមត្ថកិច្ចជួយសម្រួលចរាចរណ៍ផងនោះ។
ឲ្យតែឮគេនិយាយពីផ្សារដើមគនិងផ្សារនាគមាស គេឃើញថាជាកន្លែងដែលឈ្នួញនាំបន្លែគ្រប់មុខពីបណ្តាខេត្តនានាជាពិសេសយកមកពីប្រទេសវៀតណាមជាង៨០ភាគរយដើម្បីបោះដុំនឹងលក់រាយលើចំណីផ្លូវសាធារណៈធ្វើឲ្យស្ទះចរាចរណ៍។
នៅម្តុំផ្សារបន្លែនិងផ្លែឈើទាំងពីរនេះគេមិនសូវឃើញមានសមត្ថកិច្ចជួយសម្រួលចរាចរណ៍នោះទេ។
ឈរទិញបន្លែក្បែរផ្សារដើមគ លោក ហេង សុខសាន្ត ដែលអះអាងថាលោកធ្វើការនៅក្បែរផ្សារដើមគបានរៀបរាប់ប្រាប់អ្នកយកព័ត៌មានVODថានៅម្តុំផ្សារនោះមានការកកស្ទះជារៀងរាល់ថ្ងៃជាពិសេសនៅពេលល្ងាច។ ប៉ុន្តែលោកថាមិនឃើញអាជ្ញាធរចុះជួយសម្រួលចរាចរណ៍នោះទេដោយលោកថាអាជ្ញាធរសង្កាត់ផ្សារដើមគ ខ័ណ្ឌទួលគោក និងអាជ្ញាធរសង្កាត់ទួលស្វាយព្រៃ២ ខ័ណ្ឌចំការមន ទំនងជាអ្នកបើកដៃឲ្យក្រុមអាជីវករទំាងនោះលក់បន្លែយ៉ាងអនាធិបតេយ្យលើចិញ្ចើមផ្លូវសាធារណៈ។ លោកបន្ថែមថា៖ ”ដំណើរអាជ្ញាធរបើកដៃហើយ បានឈ្មួញវាហ៊ានរកស៊ីរហូតដល់ប៉ុណ្នឹងហ៊ានលក់រហូតដល់ប៉ាតណាប៉ាតណីតែយប់បន្តិចដឹងចេញរហូតដល់យ៉ាងព្រាតឡើងស្ទះសឹងតែរកផ្លូវឡានម៉ូតូជិះមិនចង់កើតផង លក់អនាធិបតេយ្យព្រោះខ្ញុំធ្វើការម្តុំហ្នឹងដែរ”។
អ្នកដំណើរម្នាក់ទៀត លោក ស្រី ហួន បានបង្ហាញការធុញទ្រាន់និងការកកស្ទះចរាចរណ៍នៅម្តុំផ្សារដើមគដែលលោកថាកើតឡើងជារៀងរាល់ថ្ងៃ។ លោកអំពាវនាវទៅអាជ្ញាធរនិងប្រធានផ្សារជួយសម្រួលដល់អាជីវករដែលលក់ដូរគ្មានសណ្តាប់ធ្នាប់នោះឡើងវិញដើម្បីកុំឲ្យមានការកកស្ទះចរាចរណ៍បន្តទៀត។ លោកបន្តថា៖ “សំណូមពរឲ្យមេផ្សារអាជ្ញាធរឲ្យជួយរៀបចំទៅ មើលផ្លូវពិបាកពេកធ្វើដំណើរពេលយប់ក៏ពិបាកលក់ដូរពេញតែផ្លូវមានផ្លូវណាទៅមកពិបាកចង់អី”។
ចំណែកអ្នកលក់បន្លែបោះដុំយកមកពីវៀតណាមក្បែរផ្សារនាគមាស អ្នកស្រី ណា លីអ៊ីម ឈរបញ្ជាឲ្យកម្មករលើកបន្លែចេញពីឡានដាក់លើចិញ្ចើមផ្លូវទទួលស្គាល់ថាពួកគាត់ពិតជាបានលក់លើចិញ្ចើមផ្លូវសាធារណៈមែន ដោយអ្នកស្រីថាគ្មានជំរើស។ អ្នកស្រីបន្តថា៖ ”ខ្ញុំទទួលស្គាល់ថាស្ទះហើយ ប៉ុន្តែឲ្យធ្វើម៉េចបើអត់លក់អញ្ចឹងលក់អត់ដាច់ខ្ញុំចង់ឡើងលើអត់ចង់ទៅក្រោមទេតាមគេតាមឯងទៅ”។
រីឯ អ្នកស្រី ណា លីអ៊ីម បញ្ជាក់ថាពួកគាត់មកលក់ដូរនៅទីនោះបានជួលមុខផ្ទះគេក្នុងមួយខែ៣០០ដុល្លារនិងតូបមួយត្រូវបង់លុយ(ភាស៊ី)ឲ្យអាជ្ញាធរជារៀងរាល់ថ្ងៃដែលក្នុងមួយថ្ងៃពី២០០០រៀលទៅ៣៥០០រៀល ប៉ុន្តែអាជ្ញាធរមិនបានចេញវិក័យប័ត្រឲ្យនោះទេ។
អង្គុយនៅខាងមុខកញ្ជើដាក់បន្លែលក់នៅម្តុំផ្សារដើមគនាម៉ោងប្រមាណ៨យប់បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានVODប្រហាក់ប្រហែលនិងអ្នកស្រី លីអ៊ីម ដែរថាគាត់ក៏ត្រូវបង់លុយ(ភាស៊ី)ទៅឲ្យអាជ្ញាធរក្នុងមួយយប់៣៥០០រៀលសម្រាប់ជាថ្នូរ លក់ដូរនៅលើចិញ្ចើមផ្លូវសាធារណៈនោះ ប៉ុន្តែអ្នកស្រីថាអ្នកដែលមកយកលុយ(ភាស៊ី)នោះមិនដឹងមកពីណាខាងណានោះទេ។ អ្នកស្រីបន្ថែមថា៖ ”អត់ដឹងពីខាងអីដែរព្រោះដឹងតែយករាល់ថ្ងៃព្រោះដឹងថាគេយកមួយឆ្នាំទល់មួយឆ្នាំអញ្ចឹងហើយគេថាយើងត្រូវបង់លុយអញ្ចឹងហើយចេះតែបង់ទៅបើគេយករហូតមកហើយ”។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ឡុង ឌីម៉ង់ លើកឡើងថាសាលារាជធានីភ្នំពេញកំពុងរៀបចំសណ្តាប់ធ្នាប់នៅតំបន់នោះលោកបញ្ជាក់ថាមិនយូរទេអន្តរក្រសួងនឹងចេញច្បាប់ដោះស្រាយបញ្ហានេះឲ្យមានប្រសិទ្ធិភាព។ លោកបន្តថា៖ ”យើងត្រូវដឹងថារឿងហ្នឹងវាជារឿងដែលមានបញ្ហាកន្លងមកហើយយើងកំពុងតែខិតខំដោះស្រាយបញ្ហានេះហើយប្រហែលជាមិនយូរមិនឆាប់ទេយើងនឹងឃើញមានការណែនាំមួយរបស់អន្តរក្រសួងក្នុងការគ្រប់គ្រងបញ្ហាទំាងអស់នេះហើយរហូតដល់ចេញច្បាប់ដើម្បីគ្រប់គ្រងទៀត”។
ក្នុងខណៈដែលអ្នកយកព័ត៌ចុះសង្កេតរយៈពេលប្រហែល២ម៉ោងនៅម្តុំផ្សារដើមគនិងផ្សារនាគមាសនោះគេមិនឃើញមានសមត្ថកិច្ចចុះធ្វើចរាចរណ៍នោះទេបើទោះជាក្រុមអាជីវករទំាងនោះលក់លើចិញ្ចើមផ្លូវសាធារណៈហើយបង្កឲ្យមានការកកស្ទះចរាចរណ៍យ៉ាងណាក៏ដោយ។
ក្រៅពីម្តុំផ្សារដើមគនិងផ្សារនាគមាសគឺនៅចំហៀងម្ខាងនៃផ្លូវមុនីរ៉េតស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន ក៏មានការស្ទះចរាចរណ៍ដោយសារតែការបោះដុំបន្លែនៅតាមផ្លូវសាធារណៈនេះដែរ។
ប្រធានការិយាល័យនិងអន្តរវិស័យនិងជាប្រធានសណ្តាប់ធ្នាប់ខ័ណ្ឌចំការមនលោក អ៊ីវ ថាវី អះអាងថាក្រុមការងាររបស់លោកបានចុះអប់រំណែនាំអាជីវកទាំងនោះច្រើនដងហើយ ប៉ុន្តែលោកថាពួកគេមិនព្រមស្តាប់នោះទេ។ លោកថានៅយប់នេះលោកនឹងដឹកនាំក្រុមការងារចុះអប់រំអាជីវកម្តងទៀតដោយលោកថាបើមិនព្រមធ្វើតាមទេ លោកនឹងរឹបអូសបន្លែទំាងនោះយកមកខ័ណ្ឌ។ លោកមានប្រសាសន៍ថា៖ “បើគាត់មិនគោរពតាម កម្លាំងខ្ញុំឲ្យតែធ្លាក់អីវ៉ាន់ធ្លាក់អីលក់ពេញថ្នល់ យើងខ្ញុំនឹងដកហូតយកមកទុកនៅសាលាខណ្ឌឲ្យគាត់មកធ្វើការដោះស្រាយបើគាត់មិនយកថងឬបន្ថែបីបួនប្រាំគីទ្បូៗហ្នឹងទេ យើងនឹងឲ្យចុងភៅចាត់ចែងធ្វើម្ហូបឲ្យសណ្តាប់ធ្នាប់”។
ដោយឡែករឿងទាលុយ(ភាស៊ី)លោកអះអាងថា មន្ត្រីនិងខាងសណ្តាប់ធ្នាប់ខ័ណ្ឌចំការមនមិនបានទារលុយពីពួកគេដូចការលើកឡើងរបស់ក្រុមអាជីវកនោះទេ។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ មានប្រសាសន៍ថាការលក់ដូរលើចិញ្ចើមផ្លូវយ៉ាងអនាធិបតេយ្យបែបនេះធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ លោកថាករណីដែលអាជ្ញាធរមិនទប់ស្កាត់លោកថាទំនងជាអាជ្ញាធរទំាងនោះចូលរួមប្រព្រឹត្តអំពើពុករលួយ។ លោកបន្តថា៖ “បើទោះបីមិនច្រើនក៏តិចដែរពុករលួយហ្នឹងព្រោះអីអាជ្ញាធរបាន…សណ្តាប់ធ្នាប់សាធារណៈហ្នឹងដោយសារតែលុយកាក់បន្តិចបន្តួចហ្នឹងយើងចឹងបានឲ្យបញ្ហាហ្នឹងមានដំណោះស្រាយ វាជាគំរូមួយសម្រាប់ស្រោចស្រង់ស្ថានភាពចរាចរណ៍នៅរាជធានីភ្នំពេញដែរ ព្រោះអីការលក់ដូរខ្លះដែរពាក់ព័ន្ធហ្នឹងការបង់លុយបង់កាក់ជូនអាជ្ញាធរហ្នឹងហើយដែរស្ទះចរាចរណ៍ច្រើន ហើយមិនមែនតែផ្សារដើមគហ្នឹងទេមានកន្លែងផ្សេងទៀតច្រើន”។
ផ្សារដើមគនិងផ្សារនាគមាសជាផ្សារបោះដុំបន្លែធំជាងគេក្នុងរាជធានីភ្នំពេញចែកចាយបន្តទៅតាមបណ្តាខេត្ត។ បន្លែនោះភាគច្រើនត្រូវបានគេយកមកពីប្រទេសវៀតណាមនិងមួយចំនួនទៀតយកមកពីបណ្តាខេត្តនានារាប់ម៉ឺនតោនក្នុងមួយថ្ងៃ។ ចំណែកផ្លែឈើភាគច្រើននាំចូលពីប្រទេសថៃ៕