លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃសុក្រនេះ បានសម្រេចតែងតាំងអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ដែលជាកូនប្រុសរដ្ឋលេខាធិការក្រសួងការបរទេេសម្នាក់ ជាឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូងជំនួសលោក ស៊ុត ឌីណា ដែលកំពុងរងការចោទប្រកាន់ពាក់ព័ន្ធនឹងអំពើពុករលួយ។
នៅក្នុងលិខិតមួយច្បាប់ចុះថ្ងៃទី៨ ខែមេសា ដាក់ថ្វាយព្រះមហាក្សត្រ លោក ហ៊ុន សែន បានក្រាបបង្គំទូលស្នើព្រះមហាក្សត្រឲ្យបញ្ចប់ភារកិច្ចលោក ស៊ុត ឌីណា និងស្នើសុំតែងតាំងលោក ឡុង ឌីម៉ង់ ជំនួសវិញ។
លោក ឡុង ឌីម៉ង់ ជាកូនប្រុសរបស់លោក ឡុង វិសាលោ ដែលជារដ្ឋលេខាធិការក្រសួងការបរទេស។ លោកជាកូនប្រសាររបស់លោក ញឹម វណ្ណដា អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិ។
កាលពីល្ងាចថ្ងៃសុក្រនេះ អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សន្ទរី បានបញ្ជាក់ថាក្រសួងការបរទេសបញ្ជូនមន្ត្រីមួយរូបរបស់ខ្លួនគឺលោក ហុង បញ្ញារិទ្ធ ដែលត្រូវជាកូនប្រសារលោក សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ឲ្យទៅកាន់ការងារនៅប្រទេសកូរ៉េខាងត្បូងបណ្ដោះអាសន្ន ជំនួសអតីតឯកអគ្គរាជទូតលោក ស៊ុត ឌីណា។ ទោះយ៉ាងណា លោក ជុំ សន្ទរី បញ្ជាក់ថាក្រសួងមិនទាន់តែងតាំងមុខងារផ្លូវការណាមួយដល់លោក ហុង បញ្ញារិទ្ធ នៅឡើយទេ។
លោកមានប្រសាសន៍ថា៖ “មិនទាន់មានការតែងតាំងមុខងារអីជាផ្លូវការទេបាទ! គ្រាន់តែជាការបញ្ជូន ព្រោះសភាពការណ៍យើងបន្ទាន់ភ្លាមគឺយើងបានបញ្ជូន … ហើយបច្ចុប្បន្នហ្នឹងគឺថ្នាក់ដឹកនាំយើងកំពុងតែពិនិត្យពិចារណាអំពីការតែងតាំងឥស្សរជនទៅធ្វើជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូងហ្នឹង”។
គួររំឭកផងដែរថា លោក លោក ស៊ុត ឌីណា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនកាលពីថ្ងៃចន្ទ និងបញ្ជូនខ្លួនទៅកាន់តុលាការកាលពីម្សិលមិញ។ លោកត្រូវតុលាការឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារ ដោយត្រូវចោទប្រកាន់ចំនួន២បទល្មើសគឺកេងយកផលប្រយោជន៍ដោយខុសច្បាប់និងរំលោភអំណាចដោយមានប្រសិទ្ធភាព៕