ក្រសួង​មហាផ្ទៃនឹង​សាងសង់ផ្ទះ​សំណាក់​​ពន្ធនាគារ​សម្រាប់​បន្ថយភាព​តានតឹងដល់​ទណ្ឌិត​​

រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ លោក ស ខេង

រដ្ឋមន្រ្តី​​ក្រសួង​មហាផ្ទៃ លោក ស ខេង នា​រសៀល​នេះ​លើកឡើងថាក្រសួង​​​នឹង​សង់​ផ្ទះ​សំណាក់ពន្ធនាគារ​​​​ដើម្បី​បន្ថយ​ភាព​តាន​តឹង​របស់​ទណ្ឌិត​​ដែល​គ្រួសារ​មាន​ជីវភាព​ធូរធារ។

ក្នុង​ពិធី​ផ្ទេរ​តំណែង​របស់អគ្គនាយក​ពន្ធ​នាគារ​​ពី​លោក គុយ ប៊ុនសន ទៅ​លោក ចាន់ គីមសេង លោក​ ស ខេង បាន​​ថ្លែង​ថាក្រុម​ហ៊ុន​ឯកជន​នឹង​សាងសង់​ផ្ទះ​សំណាក់​ពន្ធនាគារ​​នេះ ដោយសារ​រដ្ឋមិនមាន​លទ្ធ​ភាព​ក្នុង​ការ​ចំណាយ​​ការ​សាងសង់។ លោក​បន្ត​​ថាផ្ទះសំណាក់​ពន្ធ​នាគារដែល​នឹង​សាងសង់​​ក្រោយពិធីបុណ្យចូលឆ្នាំខ្មែរនេះ​នឹង​ជួយ​រួមចំណែកពង្រឹងសណ្តាប់ធ្នាប់សន្តិសុខ ការ​អប់រំ​ កែ​ប្រែ​មនុស្ស​ដើម្បី​ឈានទៅ​ធ្វើ​សមាហរណកម្ម។

លោក​មានប្រសាសន៍ថា៖ “ការ​ឃុំ​ខ្លួន​បើ​យើងគ្រាន់​តែ​យកទៅដាក់ខ្នោះ​ដាក់គុក ដាក់ច្រវ៉ាក់គ្នា​ត្រឡប់ទៅវិញ សួរ​ថាតើ​អ្នកហ្នឹង​អាច​កែ​ប្រែបានទេ​ ចឹង​បើក្រុម​គ្រួសារមានលទ្ធភាព​គេសុំការ​អនុញ្ញាតជា​គោល​ការណ៍ដើម្បីនឹ​ង​​គេចេញ​លុយ​បង់ បង់​ថ្លៃហ្នឹងទៅ ទៅ​ដេក​ក្នុង​បន្ទប់​១ ពីរនាក់​ ឬ​ម្នាក់តាម​ការ​ជាក់​ស្តែង​អីចឹងទៅ ហើយ​បង់​តិច​តួច​ចឹងទៅ អាហ្នឹង​យើង​​បន្ធូរ​បន្ថយដល់​ការ​ចំណាយ​ថវិការបស់​រដ្ឋដែរ ក្នុង​ន័យ​អ៊ីចឹង​ទេ គ្មាន​អី​ក្រៅពីហ្នឹង​ទេ​។​ តែ​ក្រៅ​ពីហ្នឹង​ត្រូវ​ស្ថិត​ក្រោម​គោលការណ៍​ច្បាប់ពន្ធនាគារទាំងអស់ មិនមែន​ទៅនៅ​ហ្នឹង​អាចសេរីតាម​ចិត្ត​អីមិនមែន​ទេ ជាប់គុក​នៅ​តែជាប់គុក​ចឹង”។

លោក​ ស ខេង បន្ថែម​ថា ការ​មាន​ផ្ទះ​សំណាក់​ពន្ធនាគារនឹង​ផ្តល់​ប្រយោជន៍​យ៉ាង​ច្រើន​ដល់​អ្នកជាប់​ឃុំ។ លោក​មានប្រសាសន៍ថា៖ “ធ្វើ​ឲ្យអារម្មណ៍​គេ​វាមិនចង្អៀត​ចង្អល់ វាមិនស្មុគ​ស្មាញ ហើយ​យើង​អាច​ញែក ញែក​អ្នកគ្រឿ​ងញៀន ឧបមាថាឥឡវ​ឪពុកម្តាយ​មាន​វិប្បដិសារីកូន​គ្រឿង​ញៀន​អីចឹងទៅ​ ​ចង់​យក​កូន​ដាក់​មួយ​កន្លែង​ឥចឹងទៅ​ គេ​អាចមានលទ្ធភាព​ជួយ​ព្យាបាល​ជួយ​អីតាម​លទ្ធភាព”

បើ​តាមលោក ស ខាង រហូត​មក​ដល់​ពេល​នេះ​កម្ពុជា​មាន​ទណ្ឌិត​ដែល​កំពុង​ជាប់​ឃុំ​ទូទាំង​ប្រទេស​ចំនួន​១៩១៥០នាក់។ លោក​បន្ថែម​ថាចំនួន​ទណ្ឌិត​កើន​ឡើង​ជារៀង​រាល់​ឆ្នាំ​ ហើយ​ធ្វើឲ្យ​ចំនួន​អ្នកជាប់ឃុំ​វិសមភាពយ៉ាងខ្លាំង​ជាមួយលទ្ធភាពផ្ទុក៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ