រដ្ឋាភិបាលបានសម្រេចបង្កើតក្រុមការងារមួយដែលក្រុមការងារនេះនឹងផ្តោតលើកិច្ចការអភិវឌ្ឍន៍រួមគ្នានៅ ក្នុងតំបន់ទាមទារដែនសមុទ្រត្រួតគ្នា(OCA)។
នៅក្នុងសេចក្តីសម្រេចមួយចុះថ្ងៃទី២៤ ខែកុម្ភៈ ហើយវីអូឌីទើបតែទទួលបាន រដ្ឋាភិបាលសម្រេចបង្កើតក្រុមការងារមួយ ដែលមានសមាជិក១២រូបនិងមានរដ្ឋលេខាធិការក្រសួងការពារជាតិ លោក នាង ផាត ជាប្រធាននិងរដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល លោក សុខ ខាវ៉ាន់ ជាអនុប្រធាន។
បើតាមសេចក្តីសម្រេចនោះ ក្រុមការងារនេះមានភារកិច្ចពិភាក្សានិងសិក្សានូវរាល់គំរូស្តីពីការអភិវឌ្ឍរួមគ្នា របស់បណ្តាប្រទេសមួយចំនួនដែលបានអនុវត្តប្រកបដោយជោគជ័យ ហើយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនិងដៃគូអភិវឌ្ឍន៍នានាក្នុងករណីចាំបាច់។ ក្រុមការងារនេះនឹងធ្វើសេចក្តីរាយការណ៍ពីសកម្មភាពការងាររបស់ខ្លួនជូនអនុគណៈកម្មាធិការបច្ចេកទេសចម្រុះនៅក្នុងតំបន់ទាមទារដែនសមុទ្រត្រួតគ្នា កម្ពុជា-ថៃនិងគណៈកម្មាធិការបច្ចេកទេសចម្រុះទទួលបន្ទុកការកំណត់ព្រំដែននិងការអភិវឌ្ឍរួមគ្នាលើធនធានប្រេងកាតនៅក្នុងតំបន់ទាមទារដែនសមុទ្រត្រួតគ្នា កម្ពុជា-ថៃ ដើម្បីជាមូលដ្ឋានក្នុងការពិចារណានិងលើកសំណើជូនថ្នាក់ដឹកនាំកំពូលពិនិត្យសម្រេច។
សិទ្ធិអភិវឌ្ឍន៍រួមនៅតាមព្រំដែនកម្ពុជានិងថៃ នៅក្នុងឈូងសមុទ្រថៃ មានទំហំប្រមាណ២៦០០០គីឡូម៉ែត្រការ៉េ ដែលប្រទេសទាំងពីរបានទាមទារយកតំបន់នេះ តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៧០។ តំបន់ត្រួតគ្នានេះត្រូវបានគេប៉ាន់ប្រមាណថាមានប្រេងនិងឧស្ម័នរហូតដល់៥០០ លានបារ៉ែល៕