ការទស្សន៍ទាយទុកមុននូវព្រឹត្តិការណ៍នយោបាយសឹងជាការប្រថុយប្រថានមួយ ត្បិតបំរែបំរួលជាច្រើន អាចនាំទៅរកការរំពឹងខុស។ យ៉ាងណាក៏ដោយ មិនមែនគេមិនអាចប៉ាន់ស្មានពីលទ្ធភាពទាំងនោះទេ ប៉ុន្តែគេមិនហ៊ានធានាថាត្រឹមត្រូវឥតខ្ចោះ ដោយសារលទ្ធផលមួយអាចចេញមកពីហេតុជាច្រើន ដែលអ្នកវិទ្យាសាស្ត្រប្រើពាក្យបច្ចេកទេសថាoverdetermination(លើសពីការកំណត់)។ អាស្រ័យលំនាំនយោបាយកម្ពុជាប្រព្រឹត្តទៅតាមគន្លងដដែលៗ ដូច្នេះហើយ យើងអាចប្រមើលមើលឃើញបញ្ហាមួយចំនួនដែលទំនងជានឹងកើតឡើង ស្របពេលយន្តការបង្ការបញ្ហាទាំងនោះមិនទាន់ឃើញមានប្រសិទ្ធភាព ពោលគឺយើងមិនមែនទស្សន៍ទាយដោយអះអាងថាវានឹងកើតឡើង តែគឺសំអាងថាគ្មានអ្វីរារាំងវាមិនឲ្យកើតឡើង។
៙ភាពមិនប្រក្រតីក្នុងការបោះឆ្នោត ការតវ៉ាប្រឆាំងលទ្ធផលនិងការបង្ក្រាប៖ សម្រាប់គណបក្សដែលទទួលបានផលប្រយោជន៍ពីភាពមិនប្រក្រតីក្នុងការបោះឆ្នោត គេមិនដែលប្រឹងរៀបចំស្ថាប័នបោះឆ្នោត ដើម្បីឲ្យចាញ់ឆ្នោតនោះទេ គឺគេធ្វើដើម្បីឲ្យឈ្នះឆ្នោតនិងរារាំងអ្នកប្រឆាំងនឹងលទ្ធផលឆ្នោត។ នៅពេលអគ្គលេខាចាស់ត្រូវបានតែងតាំងសាជាថ្មី សមាជិកចេញពីការប្រជុំជ្រើសរើសអគ្គលេខាខ្លះខ្លាច ខ្លះមិនហ៊ាននិយាយ ខ្លះគាំទ្រលទ្ធផល បានសេចក្តីថាស្ថាប័ននេះត្រូវបានគេត្រួតត្រាមួយភាគធំហើយ។ គេមិនអាចអះអាងថាស្ថានភាពបោះឆ្នោតឆ្នាំ២០១៨ នឹងមិនអី ព្រោះមានជប៉ុននិងសហភាពអឺរ៉ុបជួយជ្រោមជ្រែងនោះទេ។ គុណភាពប្រជាធិបតេយ្យអាស្រ័យកត្តាខាងក្នុងជាងខាងក្រៅ ពោលគឺស្ថាប័នស៊ីវិលមិនមែនអន្តរជាតិ។ បើស្ថាប័ននេះទន់ខ្សោយ ត្រូវបានគ្រប់គ្រងដោយគណបក្សមួយផ្តាច់មុខហើយ ជំនួយខាងក្រៅចៀសមិនផុតពីបរាជ័យទេ។ ហេតុនេះហើយទើបអង្គការសហប្រជាជាតិនឹងមិនប្រព្រឹត្តកំហុសជាលើកទីពីរមកជួយរៀបចំការបោះឆ្នោតនៅកម្ពុជាទៀតទេ ព្រោះគណបក្សកាន់អំណាចនឹងមិនទទួលយកលទ្ធផលឆ្នោតដូចនៅឆ្នាំ១៩៩៣ ម្តងទៀត ហើយចុងក្រោយធ្វើរដ្ឋប្រហារបក្សឈ្នះឆ្នោតដដែល ដូចឆ្នាំ១៩៩៧។
បើគេនៅតែទទូចថាស្ថានភាពឆ្នាំ២០១៨ ខុសពីមុន តើអ្វីខ្លះដែលខុសមិនមុននោះ? ស្ថាប័នបោះឆ្នោតចាប់ផ្តើមរង្គោះរង្គើទៅហើយ(ស្ថាប័នបោះឆ្នោតមិនឯករាជ្យដដែលទោះមានកំណែទម្រង់) ច្បាប់បោះឆ្នោតស្តង់ដារពីរ(កែពីល្អទៅអាក្រក់) ស្ថាប័នយោធានៅតែក្រោមបញ្ជាគណបក្ស។ រំពឹងលើប្រជាជនតែម្យ៉ាងក្នុងការធ្វើឲ្យស្ថានភាពផ្លាស់ប្តូរ រួចអះអាងថាស្ថានភាពឆ្នាំ២០១៨ នឹងប្រែប្រួលគឺជាការប្រកាន់ខុសពីភស្តុតាង ព្រោះការបោះឆ្នោតឆ្នាំ២០១៣ ក៏មានស្ថានភាពប្រែប្រួលដែរ ប្រជាជនចង់ផ្លាស់ប្តូរដូចគ្នា តែនៅតែហុចលទ្ធផលដដែល។ ប្រជាជនជាប្រភពនៃការផ្លាស់ប្តូរជាប្រាកដ តែប្រជាជនត្រូវការអង្គការដឹកនាំរឹងមាំ ដើម្បីរៀបចំយុទ្ធសាស្ត្រ ផែនការ តាក់ទិច ទប់ទល់នឹងលទ្ធភាពអវិជ្ជមានខាងលើ មិនមែនទៅបោះឆ្នោតបង្គ្រប់កិច្ច ដើរក្រឡាអុកដែលគេរៀបអន្ទាក់ចាំ ហើយអះអាងថាប្រជាជនអាចធ្វើមានផ្លាស់ប្តូរនោះទេ។ មួយវិញទៀត គោលបំណងនៃវិសោធកម្មច្បាប់បោះឆ្នោតដែលត្រូវបានគណបក្សប្រឆាំងជួយចូលរួមអនុម័តនិងត្រូវបានសង្គមស៊ីវិលចាត់ទុកថាមិនស្របច្បាប់រដ្ឋធម្មនុញ្ញនោះ គឺដើម្បីបិទមាត់អ្នកប្រឆាំងហ្នឹងហើយ រាប់ទាំងគណបក្សប្រឆាំងមិនឱយតវ៉ាលទ្ធផលឆ្នោត ទាំងសង្គមស៊ីវិលរងការផាកពិន័យ មានន័យថាគេច្បាស់ថាការបោះឆ្នោតនឹងមានភាពមិនប្រក្រតី រួចត្រៀមក្រឡាដើរ ចាំបិទខ្ទប់សំឡេងតវ៉ារួចជាស្រេច។
លើសពីនេះ គេក៏ដឹងមុនដែរថាប្រជាជននឹងតវ៉ាដូចឆ្នាំ២០១៣ទៀត គេក៏ត្រៀមកងយោធានិងសន្តិសុខទុកសំរាប់បង្ក្រាប ដំឡើងប្រាក់ខែមន្ត្រីរាជការនិងយោធាគឺដើម្បីពង្រឹកភក្តីភាពនឹងរបបដឹកនាំ ព្រោះគ្មានអ្វីការពាររបបដឹកនាំពីប្រជាជន ក្រៅពីពួកគេនោះទេ។ ជាពិសេសច្បាប់សហជីពក៏ធ្វើឡើងនៅក្នុងបរិបទបិទក្រឡាដើរដូចគ្នា ពោលគឺសហជីពអាចនឹងផ្ទុះការតវ៉ាដូចគ្នាដែរ ទន្ទឹមនឹងប្រជាជនតវ៉ាប្រឆាំងលទ្ធផលឆ្នោត។ គណបក្សកាន់អំណាចបានចងចាំបទពិសោធន៍ឆ្នាំ២០១៣ មិនភ្លេចឡើយ ដែលបិះនឹងជ្រុះចេញពីអំណាចទៅហើយ បើនិយាយឲ្យច្បាស់ជាងនេះ បាតុកម្មរយៈពេលយូរបានធ្វើឲ្យការប្រេះចាកក្នុងជួររដ្ឋាភិបាល(យើងមិនច្បាស់ថាមានកម្រិតណាទេ) កងយោធាឬសន្តិសុខខ្លះទោរទៅរកបាតុករ(នាយករដ្ឋមន្ត្រីក៏បានទទួលស្គាល់ចំណុចនេះ តែយើងមិនដឹងថាកម្រិតណាឡើយ ហេតុនេះហើយទើបមានការហាមឃាត់មិនឲ្យក្រុមយុវជនបំពាក់កម្រងផ្កាដល់កងសន្តិសុខ ព្រោះសកម្មភាពតិចតួចនេះអាចមានឥទ្ធិពលខ្លាំងបង្វែរភក្តីភាពពីរបបដឹកនាំបាន កូដកម្មរបស់សហជីពធ្វើឲ្យក្រុមហ៊ុននិងរដ្ឋខាតបង់ខ្លាំង ការបង្ក្រាបកម្មករនិងបាតុករនៅទីលានប្រជាធិបតេយ្យបានបំផ្ទុះកំហឹងមហាជន បំបាក់ភាពស្របច្បាប់រដ្ឋអំណាច បើពេលនោះគឺពេលក្រោយបង្ក្រាបកម្មករ គណបក្សប្រឆាំងប្រកាសបាតុកម្មទូទៅប្រទេស ចំនួនបាតុករនឹងកើនឡើងទ្វេជាពីរ រួចប្រើតាក់ទិចបង្អាក់ប្រព័ន្ធសេដ្ឋកិច្ច ដូចជា ស្នើប្រជាជនឈប់សម្រាកនៅផ្ទះមួយរយៈ នឹងធ្វើឲ្យទីផ្សារគាំងឥតមានអតិថិជន នៅពេលប្រធានសមាគមគ្រូបង្រៀននិងប្រធានសហជីពគាំទ្រជំហរគណបក្សប្រឆាំង គណបក្សប្រឆាំងស្នើពួកគេឲ្យប្រាប់គ្រូបង្រៀនទាំងអស់ឲ្យកូដកម្មមិនទៅបង្រៀន គ្រូវិញប្រាប់សិស្សឲ្យមិនមករៀន សហជីពប្រាប់កម្មករឲ្យឈប់ប្រមូលផ្តុំគ្នា តែនៅតែបន្តមិនចូលធ្វើការ…សកម្មភាពមិនសហការទាំងនេះនឹងប្រព័ន្ធទាំងមូលលែងដំណើរការ របបដឹកនាំនឹងរលំនៅក្នុងរយៈពេលមិនយូរឡើយ។ គួរឲ្យស្តាយ គណបក្សប្រឆាំងមិនចេះក្តាប់ឱកាស!
បីក្រឡានេះ តើគណបក្សប្រឆាំងត្រៀមក្រឡាអុកអ្វីខ្លះដែរ? គណបក្សប្រឆាំងជាប់ត្រាំត្រែងក្នុងទាំងបញ្ហាថ្មីនិងចាស់ ប្រធានបក្សមិនអាចចូលស្រុក អនុប្រធានជាប់ជំពាក់នឹងរឿងអាស្រូវ សមាជិករបស់ខ្លួននៅជាប់ពន្ធាការគឺជាសញ្ញាមិនល្អសោះហើយ។ គណបក្សប្រឆាំងបានជ្រុលជួយអនុម័តច្បាប់បោះឆ្នោតដែលមានសង្គមស៊ីវិល ព្រមទាំងគណបក្សប្រឆាំងខ្លួនឯងជាមុខសញ្ញា នេះគឺជាដើរចូលអង្គប់ទីមួយ ព្រោះធ្វើបែបនេះគឺយកមិត្រធ្វើជាសត្រូវ ព្រោះសង្គមស៊ីវិលច្រើនរិះគន់គណបក្សកាន់អំណាចជាងគណបក្សប្រឆាំង។ ការសំសម្រេចសមាជិកភាពបីមួយគឺជាការជាន់អង្គប់ទីពីរ ព្រោះត្រឹមគំរាមឬទិញទឹកចិត្តសមាជិកសង្គមស៊ីវិលម្នាក់មិនពិបាកសោះឡើយ ទោះទិញឬគំរាមសមាជិកមកពីបក្សប្រឆាំងក៏គ្មានដែលថាទៅមិនរួចដែរ ត្បិតគណបក្សកាន់អំណាចមានបទពិសោធន៍ច្រើនក្នុងការប្រើតាក់ទិចនេះតាំងពីដើមមក ទើបអាចកាន់អំនាចយូរបាន។ ផ្ទុយទៅវិញ បើគណបក្សប្រឆាំងស្នើគ្រប់សមាជិកស្ថាប័នបោះឆ្នោត មិនឲ្យជាប់ពាក់ព័ន្ធនឹងគណបក្សនយោបាយ រាប់ទាំងគណបក្សខ្លួនឯង ប្រហែលមិនទទួលបានលទ្ធផលដូចសព្វថ្ងៃទេ។
តែយើងក៏អាចស្មានបានដែរថា គណបក្សកាន់អំណាចនឹងមិនព្រម ហើយគណបក្សប្រឆាំងក៏ប្រហែលមានដូចជំហរគណបក្សកាន់អំណាចដែរ ត្រង់ចំណុចនេះគឺមិនទុកចិត្តអ្នកណាផ្សេងៗក្រៅពីសមាជិកខ្លួន ថាមិនត្រូវពួកគេសុទ្ធតែមានបំណងគ្រប់គ្រងស្ថាប័នបោះឆ្នោតដូចគ្នា ត្បិតគណបក្សប្រឆាំងក៏ធ្លាប់និងនៅតែចាត់ទុកគណបក្សផ្សេងៗត្រឹមតែជាគណបក្សតូចតាច បំបែកគណបក្សដើម្បីបំបែកសំឡេងជាអាយ៉ងគណបក្សកាន់អំណាចតែប៉ុណ្ណោះ។
ស្របពេលការតែងតាំងអគ្គលេខាចាស់ត្រូវបានប្រជាជននិងសង្គមស៊ីវិល ព្រមទាំងអនុប្រធានគណបក្សប្រឆាំងសម្តែងការខាកចិត្ត ប្រធានបក្សប្រឆាំង នៅក្នុងបទសម្ភាសន៍វិទ្យុអាស៊ីសេរី បែរជានិយាយថា វាត្រឹមតែជាការខាកចិត្តបែបនិមិត្តរូបទៅវិញ។ បើគណបក្សនេះនៅតែសម្តែងការខាកចិត្ត ត្រឹមតែបែបនិមិត្តរូបបន្តទៀត ពួកគេមិនមែនបរាជ័យបែបនិមិត្តរូបនោះទេគឺបរាជ័យមែនទែនតែម្តង។ នៅពេលអនុប្រធានប្រកាន់ជំហរមិនឆ្លើយ មិនឆ្លង មិនឈ្លោះ ប្រធានបក្សវិញបែរជាបន្តរិះគន់ដដែល។ យុទ្ធសាស្ត្រផ្លាស់ប្តូរមេដឹកនាំថ្មីដោយអហិង្សា តាមរយៈការបោះឆ្នោតមានគុណវិបត្តិមួយចំនួន គឺថា គណបក្សនេះតែងប្រកាសត្រៀមខ្លួនចូលកាន់អំនាច បញ្ជាក់ថាពួកគេជឿជាក់ថាខ្លួនឈ្នះឆ្នោតនៅពេលខាងមុខ ប៉ុន្តែភស្តុតាងខាងលើបានបង្ហាញរួចហើយថា លទ្ធភាពឈ្នះឆ្នោតនេះនឹងត្រូវបានបង្អាក់ដោយស្ថាប័នបោះឆ្នោតរង្គើរង្គោះ ច្បាប់បោះឆ្នោតមិនល្អ និងការក្តាប់ស្ថាប័នយោធាដោយគណបក្សកាន់អំនាច។
ជារួម គណបក្សកាន់អំណាចនឹងសម្រេចបានតាមគោលដៅរបស់ខ្លួន ក្នុងភាគរយមួយច្រើន មិនមែនព្រោះវាត្រូវតែអ៊ីចឹងនោះតែ ព្រោះគណបក្សប្រឆាំងមិនអាចទប់ទល់នឹងក្រឡាដើររបស់គណបក្សកាន់អំណាចបាន។
៙ការចល័តទ័ពចូលក្រុង មិនទទួលស្គាល់លទ្ធផលឆ្នោតនិងការធ្វើរដ្ឋប្រហារឈ្នះឆ្នោត៖ ការអះអាងនេះមិនមែនចេះតែថានោះទេ តាមពិតសេណារីយ៉ូនេះបានកើតមានរួចហើយ។ រំឭកម្តងទៀត ក្រោយបោះឆ្នោតឆ្នាំ១៩៩៣ គណបក្សកាន់អំណាចកាលនោះចាញ់ឆ្នោត រួចហើយមិនព្រមទទួលស្គាល់បរាជ័យ ហើយនៅបង្កើតតំបន់អបគមន៍ មិនគោរពតាមច្បាប់រដ្ឋធម្មនុញ្ញទៀតផង នេះនៅមិនរាប់ការធ្វើរដ្ឋប្រហារគណបក្សឈ្នះឆ្នោតស្របច្បាប់ទៀតផង។ មកទល់ពេលនេះ គណបក្សកាន់អំណាចមិនដែលចាត់ទុកសកម្មភាពរបស់ខ្លួនកាលនោះថាមិនស្របច្បាប់នោះឡើយ ទោះវាផ្ទុយពីច្បាប់ទាំងស្រុងក៏ដោយ មានន័យឲ្យតែបម្រើប្រយោជន៍គេគឺស្របច្បាប់ទាំងអស់។ បទពិសោធន៍នេះបង្រៀនយើងថា ការបោះឆ្នោតមិនអាចកំណត់ថាគណបក្សឈ្នះឆ្នោតអាចចូលកាន់អំណានោះឡើយ នៅពេលដែលគេយកកម្លាំងជាធំឬរាប់គ្រាប់កាំភ្លើងជំនួសសន្លឹកឆ្នោត។ គេទទួលស្គាល់លទ្ធផលឆ្នោតតែពេលគេឈ្នះប៉ុណ្ណោះ ពេលចាញ់ គេនឹងប្រើកម្លាំងហេតុនេះហើយ ទើបប្រជាធិបតេយ្យពុំមានប្រសិទ្ធភាពឡើយនៅក្នុងបរិយាកាសហ៊ុំព័ទ្ធដោយអំពើហិង្សា។ មិនបាច់ទៅរកនៅឯណាឆ្ងាយឡើយ ឆ្នាំ២០១៣ ក្រោយបិទទ្វារការិយាល័យរាប់សន្លឹកឆ្នោត មិនទាន់ទាំងប្រកាសលទ្ធផលផង មានការចល័តទ័ពចូលក្រុងនិងមានមន្ត្រីខ្លះបាននាំក្រុមគ្រួសារជិះយន្តហោះនៅបរទេសភ្លាមទៅហើយ។ នេះប្រាប់យើងថាពួកគេបានដឹងលទ្ធផលឆ្នោតពិតដូចម្តេចទៅហើយ ហេតុនេះហើយទើបមិនឃើញមានការអបអរគគ្រឹកគគ្រេងដូចកាលឆ្នាំ២០០៨។ ការចល័តទ័ពជាសញ្ញាបង្ហាញថាទោះលទ្ធផលឆ្នោត គណបក្សកាន់អំណាចឈ្នះឬចាញ់ ក៏កងទ័ពនៅតែស្ថិតក្រោមបញ្ជារបស់គណបក្សកាន់អំណាចដដែល អាចការពាររដ្ឋាភិបាលចាំផ្ទះឬធ្វើរដ្ឋប្រហារគ្រប់វេលា។
ផ្ទុយស្រលះ គេមិនបានឃើញសញ្ញាណអ្វីពីគណបក្សប្រឆាំងអំពីការព្រួយបារម្ភឬមានវិធានទប់ទល់នឹងការចល័តទ័ពនិងធ្វើរដ្ឋប្រហារទាល់តែសោះ។ ដូចគណបក្សឈ្នះឆ្នោតឆ្នាំ១៩៩៣ដែរ ដោយសារអាងខ្សែស្តេចនិងមានប្រជាជនគាំទ្រ ក៏ត្រូវគេក្រវាត់ចេញខ្សែវៀនយ៉ាងងាយស្រួល!
ជាសេចក្តីសន្និដ្ឋាន សេណារីយ៉ូធំៗទាំងពីរ គឺគណបក្សកាន់អំណាចឈ្នះឆ្នោត ព្រោះភាពមិនប្រក្រតីក្នុងការបោះឆ្នោតនាំឲ្យមានការតវ៉ាប្រឆាំងលទ្ធផលឆ្នោតនិងការបង្ក្រាបការតវ៉ា ឯមួយទៀតគណបក្សប្រឆាំងឈ្នះឆ្នោតតែគណបក្សកាន់អំនាចមិនទទួលស្គាល់លទ្ធផល នាំឲ្យមានការចល័តទ័ពចូលក្រុងមកការពាររដ្ឋាភិបាលនិងបង្ក្រាបអ្នកទាមទារឲ្យទទួលស្គាល់លទ្ធផលឆ្នោតនិងទាមទារឲ្យចុះចេញពីអំណាច ព្រមទាំងអាចឈានទៅដល់ការធ្វើរដ្ឋប្រហារគណបក្សឈ្នះឆ្នោតទៀតផង។
សូមបញ្ជាក់ម្តងហើយម្តងទៀត យើងមិនធានាថាវានឹងកើតឡើងមួយរយភាគរយនោះទេ តែយើងសំអាងថាគ្មានអ្វីដែលរារាំងវាមិនឲ្យកើតឡើង ទើបវាអាចកើតឡើងម្តងហើយម្តងទៀត។ លទ្ធភាពទាំងពីរនេះក៏អាចឲ្យយើងទាញសេចក្តីសន្និដ្ឋានចុងក្រោយដែរថាគ្មានទេការផ្ទេរអំណាដោយសន្តិវិធី។ ដើម្បីទប់ស្កាត់សេណារីយ៉ូអវិជ្ជមានខាងលើ គេត្រូវតែវាយបកប្រឆាំងតាក់ទិចខាងលើទាំងអម្បាលម៉ាន ដូចជាធ្វើឲ្យការបោះឆ្នោតមានប្រក្រតីឬធ្វើឲ្យស្ថាប័នបោះឆ្នោតអព្យាក្រឹត ប៉ុន្តែចំណុចនេះ អង្ករទៅជាបាយទៅហើយ។
វិធីដ៏មានប្រសិទ្ធភាពបំផុតប្រឆាំងការបន្លំសន្លឹកឆ្នោតគឺពហិការការបោះឆ្នោត ព្រោះគេអាចលួចបន្លំសន្លឹកឆ្នោតបាន តែគេមិនអាចបង្ខំប្រជាជនគ្រប់គ្នាឱយទៅបោះឆ្នោតនោះទេ។ បើប្រជាជនមិនទុកចិត្តលើស្ថាប័នបោះឆ្នោត ពួកគេត្រូវតែដកសេចក្តីទុកចិត្តតាមរយៈសកម្មភាពណាមួយ ពហិការការបោះឆ្នោតគឺជាជម្រើសចុងក្រោយ។ ផ្ទុយទៅវិញ បើទៅបោះឆ្នោតបង្គ្រប់កិច្ច ស្ថាប័នបោះឆ្នោតក៏បានបង្គ្រប់កិច្ចការលួចបន្លំដូចគ្នា។ ទប់ទល់នឹងការចល័តទ័ព ប្រជាជនមិនត្រូវគ្រាន់តែថតចែកចាយហើយរអ៊ូរទាំមិនធ្វើអ្វីសោះនោះទេ។ ពួកគេត្រូវបង្កើតបណ្តាញ ប្រើតាក់ទិចពន្យារពេល ដោយយកសម្ភារៈធំៗដែលងាយស្រួលចល័ត ម៉ូតូ ឡាន កង់ មកបង្ខាំងផ្លូវ ដើម្បីកុំឲ្យទ័ពចូលក្រុងបាន។ បើគ្មានទេ គេត្រូវតែប្រថុយប្រមូលគ្នាកាន់តែច្រើនកាន់តែល្អ ពាំងផ្លូវ ដូចដែលគេបិទផ្លូវធ្វើបាតុកម្មដូច្នោះ។ បើគណបក្សកាន់អំណាចមិនទទួលស្គាល់លទ្ធផល ប្រជាជនត្រូវតែបង្ខំពួកគេឲ្យទទួលស្គាល់ ដោយប្រកាសថាគណបក្សនេះមិនគោរពឆន្ទៈរាស្ត្រ មិនគោរពច្បាប់ ទាមទារឲ្យមន្ត្រីការិយាធិបតេយ្យនិងកងយោធា មិនត្រូវគោរពបញ្ជាបក្សដែលចាញ់ឆ្នោតនោះទេ។ ប្រជាជនក៏ត្រូវចេះបញ្ចៀសការបង្ក្រាបប្រមាញ់ពីអាជ្ញាធរ ដោយមិនប្រមូលផ្តុំគ្នាឬបំបែកគ្នាពេលមានវត្តមានភ្នាក់ងារ រួចនៅតែបន្តកូដកម្មមិនព្រមចូលបំពេញការងាររដ្ឋឬឯកជន ធ្វើប្រព័ន្ធទាំងមូលគាំង ទោះគណបក្សកាន់អំនាចចង់កាន់អំណាចបន្តក៏កាន់មិនបានដែរ ព្រោះគ្មានអ្នកស្តាប់បញ្ជានិងប្រព័ន្ធទាំងមូលមិនដំណើរការ។ ដរាបគេនៅបន្តសកម្មភាពមិនសហការបែបនេះយូរគ្រប់គ្រាន់ របបដឹកនាំនឹងដួល នេះហើយដែលគេហៅថាអំណាចប្រជាជន៕
ដោយលោក ទេព រ៉ានិត