អ្នកនាំពាក្យ​រដ្ឋសភាថា​ការចាប់ខ្លួន​លោក អ៊ុំ សំអាន ជាបទល្មើសជាក់ស្តែង​ដូច​ករណី​លោក ហុង សុខហួរ

តំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិ លោក អ៊ុំ សំអាន កាលពីកន្លងទៅ

អ្នកនាំពាក្យ​រដ្ឋសភាចាត់ទុក​ការ​​ចាប់ខ្លួន​តំណាងរាស្រ្ត​គណបក្សសង្រ្គោះជាតិមណ្ឌលសៀមរាប​ លោក អ៊ុំ សំអាន ជាករណីដូច​គ្នា​នឹង​ករណី​អតីតព្រឹទ្ធសភាគណបក្ស​សម រង្ស៊ី លោក ហុង សុខហួរ ដោយ​លោក​ចាត់​ទុក​ថា​នេះ​ជា”បទល្មើសជាក់ស្តែង”។​

លោក អ៊ុំ សំអាន ដែល​សកម្ម​នឹង​បញ្ហា​ព្រំដែន ត្រូវ​បាន​ចាប់ខ្លួន​នៅ​យប់រំលងអធ្រាត្រថ្ងៃអាទិត្យ​ ក្នុងខេត្តសៀមរាប ពាក់​ព័ន្ធ​នឹង​ការ​ចោទប្រកាន់រឿង​ប្រើប្រាស់ផែនទីក្លែងក្លាយ​។ លោកបាន​​​ចាកចេញពីប្រទេស​អស់រយៈ​​ពេល​ជាង​៧ខែ ហើយ​បានវិលត្រឡប់មកប្រទេសកម្ពុជា​​វិញកាលពីព្រឹក​ថ្ងៃ​អាទិត្យ​។​

អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់វីអូឌី​ថា​ការចាប់ខ្លួន​តំណាងរាស្រ្តបានលុះត្រាតែមាន​បទល្មើសជាក់ស្តែង។ លោក​បាន​ប្រៀបធៀបករណី​លោក អ៊ុំ សំអាន ទៅនឹង​ករណី​លោក ហុង សុខហួរ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ចាប់ខ្លួន​ ពាក់​ព័ន្ធ​នឹង​ការ​ចោទប្រកាន់​រឿង​ប្រើប្រាស់ឯក​សារ​ក្លែងក្លាយ ទាក់​ទង​នឹង​សន្ធិសញ្ញា​ព្រំដែន​ជាមួយ​វៀតណាម។​ លោក​បញ្ជាក់​ថា៖ “អាហ្នឹង​វាមានបទល្មើសជាក់ស្តែង ដូចលោក ហុង សុខហួរ អញ្ចឹង”។​ លោក​បន្ថែម​ថា​អ្វីៗអាស្រ័យ​លើ​តុលាការ​។​

លោក ឡេង ប៉េងឡុង ​បន្ត​ថា​រហូត​មក​ដល់​ពេលនេះ អាជ្ញាធរ​មិនទាន់​ជូនដំណឹង​មក​រដ្ឋសភានៅឡើយទេពីការចាប់ខ្លួននេះ​។​

អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា​ករណី​លោក អ៊ុំ សំអាន ជា​បទល្មើសជាក់ស្តែង ដោយ​លោក​ប្រៀបធៀប​ទៅនឹង​ករណីលោក ហុង សុខហួរ​ ផងដែរ។​

អ្នកនាំពាក្យ​គណបក្ស​សង្រ្គោះជាតិ លោក យឹម សុវណ្ណ ចាត់ទុក​​ការចាប់ខ្លួន​តំណាងរាស្រ្ត​បក្ស​ប្រឆាំងនេះ​ជា​ការ​រំលោភទៅនឹងរដ្ឋធម្មនុញ្ញ។ លោក​មានប្រសាសន៍ថា៖ “គាត់មានអភ័យឯកសិទ្ធិ​ គាត់នៅជាតំណា​ងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិខេត្តសៀមរាប ហើយ​ឥឡូវ​គណបក្ស​កាន់អំណាច​ គេចាប់ខ្លួន​គាត់ អាហ្នឹង​ជា​ទង្វើផ្ទុយនឹង​រដ្ឋធម្មនុញ្ញ ហើយ​រំលោភអភ័យ​ឯកសិទ្ធិ​អ្នកតំណាងរាស្រ្ត”

លោក​ចាត់ទុកការចាប់ខ្លួន​លោក អ៊ុំ សំអាន ជា​ការព្រមានដល់​សេរីភាពនៃ​ការ​បញ្ចេញមតិលើ​បញ្ហាព្រំដែន។ លោក​មានប្រសាសន៍ថា៖ “​ខ្ញុំជឿថា​ទង្វើទាក់ទង​នឹងរឿង​ទឹកដីនេះ គឺជាទង្វើស្នេហាជាតិ ជាឧត្តមគិតរបស់ប្រជា​ពលរដ្ឋ​ខ្មែរ​ម្នាក់​ៗ  គឺជាកាតព្វកិច្ច​ដែល​អ្នកតំណាងរាស្រ្តត្រូវតែ​បញ្ចេញមតិ ខ្ញុំយល់​ឃើញ​ថា​ការចាប់ខ្លួននេះ​ធ្វើ​ឲ្យអ្នកដែល​គិត​គូរឿងបញ្ហាព្រំដែនមានការភ័យខ្លាច កាលណាតែប្រជា​​ពលរដ្ឋមាន​ការភ័យខ្លាច ប្រជា​ពលរដ្ឋនឹងមិនហ៊ានបញ្ចេញមតិ(ទាក់ទង​នឹង​បញ្ហា​ព្រំដែន)​”។​

​មុនពេលចាប់ខ្លួន​ លោក អ៊ុំ សំអាន ប្រាប់វីអូឌី​ថាលោក​មិនភ័យ​ខ្លាចនឹង​ការ​ចាប់ខ្លួននោះទេ។ កន្លងទៅ ​រដ្ឋាភិបាលព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់ប្រឆាំងនឹង​និយាយ​ថា​រដ្ឋាភិបាល​ប្រើប្រាស់ផែនទីក្លែង​ក្លាយ។ លោក អ៊ុំ សំអាន ត្រូវ​បាន​លើកឡើង​ថា​ជា​មនុស្ស​ម្នាក់​អាច​រដ្ឋាភិបាល​ចាត់វិធានការ។​

លោក អ៊ុំ សំអាន ឲ្យ​ដឹង​ទៀត​ថា​​លោក​នឹង​បន្ត​សិក្សា​បញ្ហាព្រំដែន​ជាមួយ​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅក្រៅប្រទេស ដោយ​លោក​ថា​ការងារ​នេះ​នឹង​បញ្ចប់​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៨​។ លោក​បញ្ជាក់​ថា​លោក​នឹង​ស្នើ​ឲ្យ​មាន​ការ​សើរើ​បញ្ហាព្រំដែន​ឡើង​វិញ ប្រសិន​បើ​គណបក្ស​សង្រ្គោះជាតិ​ឈ្នះ​ការ​បោះឆ្នោត។​ លោក​មានប្រសាសន៍ថា៖ “គ្រាន់តែសិក្សាពីបច្ចេកទេស​ទាក់ទង​នឹង​បញ្ហាព្រំដែននិងឯកសារផ្សេងៗដែលទាក់ទង​នឹង​បញ្ហា ​ដើម្បីត្រៀមខ្លួន​នៅ​ពេលដែល​គណបក្ស​ឈ្នះឆ្នោត​ឆ្នាំ​២០១៨ យើង​នឹង​អាច​សើរើការបោះបង្គោល​ព្រំដេន​ជាមួយវៀតណាម”។ លោក​បញ្ជាក់​ថា​ឯកសារ​ទាំងនោះ លោក​​បានមកពីក្នុងស្រុកនិងក្រៅស្រុក​ នៅពេល​លោក​ស្នាក់នៅក្រៅប្រទេស ​រួមមានពីប្រទេស​បារាំង សហរដ្ឋ​អាមេរិក បណ្ណាល័យសភាអាមេរិកនិង​អង្គការ​​សហប្រជាជាតិជាដើម។​

គួរបញ្ជាក់ថា​កន្លងទៅ ប្រធានគណៈកម្មាធិការកិច្ច​ការ​ព្រំដែនកម្ពុជា​ លោក វ៉ា គឹមហុង បានអះអាង​ថា​លោក អ៊ុំ សំអាន បាន​​ញុះញង់​ឲ្យ​មាន​អស្ថិរភាពសង្គមនិង​មិន​អាច​អត់​ឱន​បាន​នោះទេ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ